ពេលរាងកាយបញ្ចេញសកម្មភាពច្រើន ទោះជាសកម្មភាពអ្វីក៏ដោយ សុទ្ធតែមានប្រយោជន៍ដល់សុខភាព គ្រាន់តែស្ថិតនៅក្នុងកម្រិតផ្សេងៗគ្នា។ ដើរ រត់ ជិះកង់ ហែលទឹក មានប្រយោជន៍ខ្លាំង ហេតុនេះ “Hello គ្រូពេទ្យ’ នឹងលើកឡើងអត្ថប្រយោជន៍សុខភាព ពីការជិះកង់ហាត់ប្រាណ។
១- ដុតបំផ្លាញកាឡូរី
យើងនឹងបាត់បង់កាឡូរីជាច្រើនពេលជិះកង់។ ជាក់ស្ដែង បើចំណាយពេលកន្លះម៉ោងធាក់កង់ម៉ាស៊ីនដោយដាក់ទម្ងន់ប្រមាណ ៧០ គីឡូក្រាម គឺស្មើនឹងដុតកាឡូរីបានដល់ ២៦០ កាឡូរីឯណោះ។ បើដាក់ទម្ងន់ធ្ងន់ជាងមុន ឬប្រឹងខ្លាំងជាងមុន យើងនឹងអាចដុតកាឡូរីកាន់តែច្រើនជាងមុនដែរ។
២- ជួយដល់សន្លាក់
សកម្មភាពហាត់ប្រាណ Aerobic ជាច្រើន អាចមានការលំបាកចំពោះសន្លាក់ ដោយសារមានការការរត់ ឬការលេងកីឡាជាដើម។ យ៉ាងណា ជិះកង់ធម្មតា អាចជួយឲ្យបេះដូងច្របាច់ឈាមបានល្អ ដោយមិនសង្កត់ធ្ងន់លើសន្លាក់នោះទេ។ យោងតាមគ្លីនិក Cleveland នៅអាមេរិក ធាក់កង់ ពិសេសគ្នាយើងលើសទម្ងន់ (BMI) ចាប់ពីជាង ២២គីឡូក្រាម គឺអាចបន្ថយភាពតានតឹងដោយស្វ័យប្រវត្តិទៅលើត្រគាក ជង្គង់ ខ្នង និងកជើង ហើយល្អជាបើធៀបទៅនឹងហាត់ប្រាណដោយការដើរ។
៣- ប្រយោជន៍ដល់ចង្វាក់បេះដូង
ជិះកង់ ជួយអភិវឌ្ឍដំណើរការសរសៃឈាម។ បើជិះកង់ទៀងទាត់ អាចជួយឲ្យអ្នកលើសសម្ពាធឈាម អាចរក្សាកម្រិតសម្ពាធឈាមបានល្អ ជាតិស្ករក្នុងឈាមក៏មានស្ថិរភាព អាចការពារជំងឺគាំងបេះដូង។ គ្លីនិក Mayo នៅអាមេរិក អះអាងថា ការជិះកង់ញឹកញាប់ អាចគ្រប់គ្រងមុខងារបេះដូង ជួយឲ្យមានសមត្ថភាពច្របាច់ឈាមកាន់តែមានប្រសិទ្ធភាព។ ជិះកង់ ក៏ជួយបង្កើនចំនួនកូលេស្តេរ៉ូលល្អ (HDL) និងបន្ថយកូលេស្តេរ៉ូលអាក្រក់ (LDL) ចេញពីរាងកាយបានទៀតផង។ ជាលទ្ធផល បានកាត់បន្ថយករណីកកើតកំណកខ្លាញ់ដែលធ្វើរាំងស្ទះក្នុងសរសៃឈាមទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- អាថ៌កំបាំងពិសេស អាចជួយយើងហាត់ប្រាណជោគជ័យ
- បច្ចេកទេសរត់ហាត់ប្រាណបែបសាមញ្ញៗ តែសុខភាពល្អ រាងស្អាត
៤- ជួយឲ្យគេងបានស្កប់ស្កល់
បើយើងមានបញ្ហាគេងមិនលក់ ឬមិនស្កប់ស្កល់ អាចសាកល្បងជិះកង់ហាត់ប្រាណ ព្រោះប្រហែលជាអាចជួយបាន ព្រោះការសិក្សានៃសាកលវិទ្យាល័យ Stanford ឯកទេសឱសថសាស្ត្រ បង្ហាញថា ពេលវេលាធ្វើគេងលក់សម្រាប់អ្នកមានជំងឺគេងមិនលក់ អាចកាត់បន្ថយបានដល់ទៅពាក់កណ្តាល ថែមទាំងបង្កើនរយៈពេលគេងលក់ស្កប់ស្កល់ច្រើនជាមួយម៉ោងទៀត ដោយគ្រាន់តែធាក់កង់ប្រហែលជា ២០-៣០ នាទី រៀងរាល់ថ្ងៃ។ មូលហេតុនេះ មកពីយើងជិះកង់នៅខាងក្រៅ ខ្លួនប្រាណយើងបានប៉ះនឹងកម្ដៅព្រះអាទិត្យ នាំឲ្យដំណើរផលិតអ័រម៉ូនប្រចាំថ្ងៃ ចាប់ផ្តើមដំណើរការសកម្មឡើងវិញ ហើយអ័រម៉ូន Cortisol ក៏ដូចជាអ័រម៉ូនស្ត្រេស ក៏ថយចុះទៅវិញដែរ។
៥- សុខភាពល្អរស់បានយូរ
សាកលវិទ្យាល័យ King’s College London នៅអង់គ្លេស បានបង្ហាញលទ្ធផលស្រាវជ្រាវ ធ្វើឡើងដោយប្រៀបធៀបកូនភ្លោះចំនួន ២៤០០គូ ដើម្បីរកមើលថា តើមួយណាមានសុខភាពល្អជាងគេ។ គ្មានអ្វីគួរឲ្យសង្ស័យ ឬភ្ញាក់ផ្អើលឡើង ដោយការស្រាវជ្រាវរកឃើញថា កូនភ្លោះធាក់កង់ ៤៥នាទី ៣ ដង/សប្តាហ៍ អាចរស់បានយូរជាង៩ឆ្នាំ (វាយតម្លៃតាមវេជ្ជសាស្ត្រ) បើប្រៀបធៀបជាមួយកូនភ្លោះ មិនបានជិះកង់ហាត់ប្រាណទាល់តែសោះ មិនរាប់បញ្ចូលការទម្លាប់អាក្រក់ផ្សេងៗ ដូចជា ជក់បារី និងសុខភាពរាងកាយនៅឡើយ។
តាមរយៈការហាត់ប្រាណទៀងទាត់ កូនភ្លោះក្នុងការសិក្សា គឺមានហានិភ័យទាបប្រឈមបញ្ហា សរសៃឈាមបេះដូង ទឹកនោមផ្អែមប្រភេទ២ ជំងឺមហារីកគ្រប់ប្រភេទ ជំងឺធាត់ ក៏ដូចជាជំងឺលើសឈាម។
ជិះកង់ហាត់ប្រាណ ធ្វើឲ្យស្មារតី និងរាងកាយរឹងមាំល្អ។ យ៉ាងណា ត្រូវចាំថា គួរប្រឹក្សាជាមួយគ្រូបង្វឹក ឬអ្នកជំនាញជិះកង់ មុននឹងចាប់ផ្តើមហាត់ ដើម្បីឲ្យប្រាកដថា យើងបានហាត់ប្រាណក្នុងវិធីសាស្ត្រមួយស័ក្តិសមនឹងសុខភាពយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]