កន្លងមក Helloគ្រូពេទ្យ ធ្លាប់បានចេញផ្សាយពីវិធីផ្សេងៗដែលជួយឲ្យឆាប់ស្រកគីឡូមានទាំងការតបអាហារ និងលំហាត់ប្រាណផ្សេងៗ ដើម្បីបានរូបរាងសមសួន។ ថ្ងៃនេះដែរយើងសូមបង្ហាញតិចនិក ៤ យ៉ាងដែលជាចែករំលែករបស់ស្រីៗគ្នាយើងធ្លាប់ធាត់ៗ តែស្រកបានជាង ១០ គីឡូ ក្នុងរយៈពេល ៣ ខែ ដោយគ្រាន់តែញ៉ាំដូចខាងក្រោម៖
១- មិនញ៉ាំអាហារច្រើនមុខ
តាមការចែករំលែករបស់កញ្ញា សូត្រ នីតា ដែលធ្លាប់មានទម្ងន់រហូតដល់ ៦៤ គីឡូ បានឲ្យដឹងថា បន្ទាប់ពីទម្ងន់ឡើងជិតដល់ ៧០គីឡូ នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារ ៣ ពេល ជាពិសេសពេលល្ងាច។ ដោយព្រឹកញ៉ាំនំប៉័ង ៣ ចំណិត និងទឹកដោះគោឆៅ១ កែវ ចំណែកអាហារពេលថ្ងៃត្រង់ និងល្ងាចគួរតែញ៉ាំបន្តិចដោយមានបាយ ១ កូនចាន និងម្ហូប ១ មុខ ព្រោះបើមានម្ហូបអាហារច្រើនការញ៉ាំក៏ច្រើនទៅតាមនោះដែរ។ ក្រៅពីនោះនិស្សិតផ្នែកគណនេយ្យ ព្យាយាមផឹកទឹកក្ដៅឧណ្ហៗឲ្យបានច្រើន និងចូលគេងឲ្យបានទៀងម៉ោង។ ត្រឹមរយៈពេល ២ ខែ កញ្ញាបានស្រកអស់ ១២ គីឡូ ហើយឥឡូវក៏នៅតែបន្តញ៉ាំរបបអាហារដូចដើម ដើម្បីឲ្យស្រក ឬថេរត្រឹម ៥២ គីឡូនេះ។
២- ញ៉ាំស៊ុតរាល់ថ្ងៃ
មាន ភាក្ត្រា ពីមុនមានទម្ងន់ ៥៩ គីឡូក្រាម តែព្រោះគីឡូមិនសមកម្ពស់ ១.៥៥ ម៉ែត្រ កញ្ញាបានផ្លាស់ប្ដូរមកញ៉ាំស៊ុតស្ងោរ និងបន្លែស្រុះជ្រលក់ទឹកត្រី ព្រោះស៊ុតជួយឲ្យឆ្អែតបានយូរ ហើយអាចបំបាត់អាការៈហេវហត់ទៀតផង។ អាហារនេះគឺសម្រាប់ពេលថ្ងៃត្រង់ និងល្ងាច ហើយពេលព្រឹក បុគ្គលិកធនាគាររូបនេះផឹកកាហ្វេទឹកដោះគោមួយកែវប៉ុណ្ណោះ។ ដើម្បីឲ្យកាន់តែឆាប់ស្រក គឺមិនត្រូវញ៉ាំ ឬផឹកអ្វីមានជាតិផ្អែមឡើយ ហើយបើថ្ងៃយល់ថាធ្វើការអស់កម្លាំងខ្លាំង អាចញ៉ាំផ្លែឈើណាផ្អែមៗបន្តិច។ បន្ថែមពីនោះ នាងថាហាត់ប្រាណ ២ ដង/សប្ដាហ៍ ហើយហាត់ ២ ម៉ោងឲ្យបែកញើសជោគខ្លួន ទើបបញ្ចេញជាតិពុល និងខ្លាញ់បានលឿន ហើយត្រឹម ១ ខែប៉ុណ្ណោះអាចស្រកមកនៅត្រឹម ៤៨ គីឡូវិញ។
អត្ថបទពាក់ព័ន្ធ៖អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច
៣- ញ៉ាំដំឡូងស្ងោរ
សម្រាប់ រស់ កែវរីតា បានបញ្ជាក់ថា រាល់ព្រឹកកញ្ញាមិនដែលញ៉ាំបាយឡើយ ដោយញ៉ាំតែដំឡូងស្ងោរ ២ ដុំ ឬពោត ១ ផ្លែប៉ុណ្ណោះ ហើយអាហារបែបនេះពិតជាល្អមែន ព្រោះសម្បូរជាតិកាកសរសៃ និងឆ្អែតបានយូរ។ ចំណែកថ្ងៃត្រង់វិញអ្នកគ្រូបង្រៀនផ្នែកគីមីវិទ្យារូបនោះ បានឲ្យដឹងថា ញ៉ាំបាយប្រហែល ១ កូនចាន ឬតិចជាងនោះបូកនឹងចេក ២ ផ្លែ រីឯល្ងាចមិនទទួលទានអាហារឡើយ។ វិធីនេះធ្វើឲ្យអ្នកគ្រូវ័យ ២៨ ឆ្នាំស្រកពី ៦៥ មកនៅ ៥០ ត្រឹមរយៈពេល ៣ ខែគត់ ហើយក្រៅពីញ៉ាំ ព្យាយាមធ្វើសកម្មភាពផ្សេងៗ ដូចជាស្ទីម សូណា ដើម្បីជួយកម្ចាត់ជាតិខ្លាញ់ពីក្នុងរាងកាយ។
៤- ញ៉ាំគ្រាប់ធញ្ញជាតិផ្សេងៗ
បទពិសោធរបស់កញ្ញា ទៀង ប្រាថ្នា ដើម្បីស្រកគីឡូរហ័សមួយថ្ងៃៗញ៉ាំគ្រាប់ធញ្ញជាតិផ្សេងៗដូចជាសណ្ដែកដី អាល់ម៉ុង វ៉ុលណាត់ ឲ្យបានច្រើន។ បន្ទាប់ពីញ៉ាំគ្រាប់ទាំងនោះរួច ប្រាកដជាផឹកទឹកច្រើន ហើយធ្វើឲ្យយើងឆ្អែតបានយូរ ក្រៅញ៉ាំអាហារសម្រន់ទាំងនោះហើយ ពេលបាយគឺញ៉ាំតែជាមួយសាច់ត្រីប៉ុណ្ណោះ ហើយមិនមែនបែបចៀនមានខ្លាញ់ទៀត គឺយកទៅអាំង។ ក្រៅពីនោះ យើងអាចញ៉ាំផ្លែឈើទៀតក៏បាន ហើយដាច់ខាតត្រូវដាក់កំហិតខ្លួនឯងមិនញ៉ាំអាហារខាងក្រៅប្រភេទ Fast food ព្រោះវាមានជាតិខ្លាញ់ច្រើន នាំឲ្យការខិតខំតមអាហារប្រែជាគ្មានន័យ។ មួយវិញទៀត បើពេលព្រឹកមិនចង់ញ៉ាំអាហារ ឲ្យរាងកាយឆាប់ស្រកអាចផឹកទឹកដោះគោស្រស់មួយកែវ និងគ្រាប់អាល់ម៉ុង ៤-១០ គ្រាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]