គ្នាយើងមួយចំនួនចូលចិត្តញ៉ាំសាច់ត្រី ខ្លះញ៉ាំទាំងគ្រឿងក្នុង ឬប្រមាត់ត្រីទៀតផង។ ធម្មតា យើងមិនសូវដឹងទេថា ការញ៉ាំប្រមាត់ត្រីអាចប៉ះពាល់ដល់សុខភាពយើង រីឯចាស់ៗមួយចំនួន គិតថាវាជាថ្នាំបុរាណល្អសម្រាប់សុខភាពទៀតពេលញ៉ាំទៅ។ ប៉ុន្តែ ប្រមាត់ត្រីអាចជាថ្នាំបុរាណជួយសុខភាព តែវាក៏អាចធ្វើឲ្យយើងខូចតម្រងនោមវិញ។
ប្រមាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសម្រាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាល គ្រុនក្ដៅ ឬជំងឺហឺតជាដើម។ ចំណែកប្រមាត់ត្រីប្រភេទខ្លះ មានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5a cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ នេះតាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ប្រភេទត្រីអ្វីដែលញ៉ាំប្រមាត់ហើយយើងអាចពុលបាន?
ត្រីដែលមានប្រមាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅខ្មែរប្រមាត់ត្រីដែលតែងបង្កជាការពុលញឹកញាប់មាន២ប្រភេទគឺ៖
១. ប្រមាត់ត្រីក្អែក
២. ប្រមាត់ត្រីត្រសក់
ជាទូទៅ កម្រិតនៃការពុលអាស្រ័យនឹងបរិមាណដែលបានញ៉ាំទៅ។ អ្នកជំងឺដែលពុលប្រមាត់ត្រី ភាគច្រើនមានអាការៈឈឺពោះខ្លាំង ក្អួត រាក នៅប៉ុន្មានម៉ោងក្រោយញ៉ាំរួច។ ដល់ពេល៤៨ ទៅ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញានៃការពុលតម្រងនោមដូចជា ហើម នោមតិច ឬគ្មានទឹកនោមសោះ (ជួនកាលអាចចេញជាសញ្ញានៃការពុលថ្លើមដែរដូចជា ភ្នែក និងស្បែកឡើងពណ៌លឿងជាដើម។
ក្នុងករណីដែល គ្នាយើងពុលប្រមាត់ត្រីធ្ងន់ធ្ងរអាចធ្វើឲ្យខូចដល់តម្រងនោម និងទាមទារឲ្យព្យាបាលជាបន្ទាន់។ ដូចនេះ ចំពោះគ្នាយើងដែលចូលចិត្តញ៉ាំប្រមាត់ត្រី គួរចៀសវាងត្រីពីរប្រភេទខាងលើ ព្រោះវាអាចបង្កគ្រោះថ្នាក់សុខភាព។
[embed-health-tool-bmi]