គ្នាយើងច្បាស់ជាធ្លាប់ឭ ឬឃើញពីជំងឺត្រអក ដែលជាជំងឺសើស្បែកធ្វើឲ្យរលាកកោសិកាស្បែក។ ជំងឺត្រអកនេះអាចកើតទៅលើមនុស្សគ្រប់វ័យ ពិសេសគឺទៅលើអាអូនតូចៗ ហើយវាក៏មិនរើសភេទដែរ។ ដូចគ្នានេះ ដ្បិតតែវាជាជំងឺសើស្បែកមែន ក៏ប៉ុន្តែបើវារាលដាលធ្ងន់ធ្ងរ វាក៏អាចប៉ះពាល់ដល់សុខភាព និងស្បែកយើងខ្លាំងដែរ។
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា កាលណាដែលស្បែកយើងមានសុខភាពល្អ វាជួយរក្សាសំណើម និងការពារយើងពីពពួកបាក់តេរី បញ្ហារលាក និងមុខងារធ្វើឲ្យមានអាលែ្លកហ្ស៊ី។ ជំងឺត្រអកមានការពាក់ព័ន្ធនឹងបម្រែបម្រួលហ្សែនដែលប៉ះពាល់ដល់មុខងារការពាររបស់ស្បែកយើង។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនេះ បានបញ្ជាក់ថា ជួនកាល បញ្ហាពុលអាហារក៏ជាកត្តាមួយបណ្ដាលឲ្យកើតជំងឺត្រអកនេះទៅលើក្មេងតូចៗដែរ។ នៅពេលដែលជំងឺត្រអក រាលដាលធ្ងន់ធ្ងរ វាអាចបង្កជាផលប៉ះពាល់ដល់សុខភាពនៅផ្នែកផ្សេងទៀតដូចជា៖
- កើតហឺត និងគ្រុនក្ដៅ (ក្មេងៗមានជំងឺត្រអកធ្ងន់ធ្ងរអាចវិវត្តជំងឺហឺត និងគ្រុនក្ដៅត្រឹមអាយុ១៣ឆ្នាំ)
- បញ្ហាស្ងួត ប្រេះ រមាស់ស្បែករ៉ាំរ៉ៃ
- បញ្ហាបង្ករោគលើស្បែក
- បញ្ហារលាកប្រអប់ដៃ
- បញ្ហារលាកស្បែកទាក់ទងនឹងអាល្លែកហ្ស៊ី
- ប៉ះពាល់ដល់គុណភាពគេង (បញ្ហារមាស់ពេកអាចធ្វើឲ្យយើងពិបាកគេង)។ល។
ក្នុងករណីដែលយើងរមាស់ស្បែក មិនស្រណុកខ្លួនប៉ះពាល់ដល់ការគេង ឬសកម្មភាពប្រចាំថ្ងៃ មានការបង្ករោគលើស្បែក ឬទោះខំប្រើក្បូនធម្មជាតិព្យាបាល នៅតែមិនជា គួរទៅជួបគ្រូពេទ្យជំនាញសើស្បែកទើបល្អ។ ជាពិសេសពេលដែលឃើញក្មេងៗឡើងកន្ទួលដូចឆ្លងមេរោគលើស្បែក និងមានក្ដៅខ្លួនត្រូវយកទៅជួបពេទ្យឲ្យបានលឿន។
ម៉្យាងវិញទៀត យើងក៏អាចការពារខ្លួនឯង កុំឲ្យកើតជំងឺត្រអកបានដោយតិចនិកប៉ុន្មាននេះរួមមាន៖
– លាបឡេ ឬគ្រីមផ្ដល់សំណើមយ៉ាងតិច ២ដង/ថ្ងៃ
– ព្យាយាមចៀសវាងកត្តាដែលនាំឲ្យជំងឺត្រអកធ្វើទុក្ខ
– ចៀសវាងងូតទឹកយូរៗ (ត្រឹម១០-១៥នាទីល្មម)
– ចៀសវាងជូតសម្អាតខ្លួនខ្លាំង ក្រោយងូតទឹករួច
– ប្រើសាប៊ូស្រទន់លើស្បែក។ល។
[embed-health-tool-bmi]