ជាធម្មតា អ្នកមានពោះវៀនល្អ ត្រូវការចំណាយពេលពី៥ទៅ១០នាទីក្នុងការបន្ទោបង់ម្ដង។ ប៉ុន្តែ គ្នាយើងបច្ចុប្បន្ន តែងតែចំណាយពេលជាមធ្យមប្រហែលពី២០ទៅ៣០នាទី ពីព្រោះថាទោះបីជាយើងបញ្ចប់កិច្ចការនៅក្នុងបង្គន់ទៅហើយក្ដី ក៏យើងនៅតែរវល់អូសទូរសព្ទដៃមើលចុះឡើងដែរ។ យើងប្រហែលជាមិនធ្លាប់គិតទេថា ការយកទូរសព្ទដៃចូលក្នុងបង្គន់ជាមួយ អាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដែលនឹកស្មានមិនដល់។
១. ឆ្លងមេរោគ
ប្រសិនបើយើងយកទូរសព្ទដៃចូលក្នុងបង្គន់នោះ ទូរសព្ទរបស់យើងអាចត្រូវពពួកមេរោគផ្សេងៗដែលមាននៅក្នុងបង្គន់តោងជាប់ជាមួយដែរ ព្រោះថាក្នុងបង្កន់ស្ទើរគ្រប់កន្លែងមានមេរោគតោងជាប់។ ជាលទ្ធផល យើងអាចកើតមានអាការៈរាករូស ឈឺពោះវៀន និងមានការបង្ករោគលើផ្លូវបង្ហួរនោមជាដើម។
២. រាំងស្ទះដល់ការបន្ទោបង់
ការប្រើទូរសព្ទនៅក្នុងបង្គន់ អាចប៉ះពាល់ដល់ការបន្ទោបង់របស់យើង។ ជាក់ស្ដែង យើងមិនគួរអង្គុយក្នុងបង្គន់ឲ្យលើសពី១០នាទីឡើយ ប៉ុន្តែនៅពេលដែលយើងកាន់ទូរសព្ទដៃចូលទៅជាមួយ គ្នាយើងភាគច្រើនចំណាយពេលដល់ទៅ២០ទៅ៣០នាទី ឬលើសពីនេះទៅទៀត ដែលកត្តានេះបង្កទៅជាបញ្ហានៅក្នុងដំណើរការបន្ទោបង់របស់យើង។
៣. ទល់លាមក
ជាមួយគ្នានេះដែរ ការយកទូរសព្ទដៃចូលក្នុងបង្គន់ ក៏អាចបណ្ដាលឲ្យយើងជួបបញ្ហាទល់លាមកផងដែរ នេះដោយសារតែរាងកាយយើងស៊ាំទៅនឹងការចំណាយពេលវេលាដ៏យូរ និងមិនប្រក្រតីនៅក្នុងការបន្ទោបង់នេះឯង។
៤. ជំងឺឫសដូងបាត
លើសពីនេះ ការចំណាយពេល៣០នាទីជាប្រចាំនៅក្នុងបង្គន់ ក៏អាចបណ្ដាលឲ្យយើងកើតជំងឺឫសដូងបាតផងដែរ ពីព្រោះរាងកាយរបស់យើងមានភាពច្របូកច្របល់ ព្រមទាំងស៊ាំទៅនឹងទម្លាប់អង្គុយនៅក្នុងបង្គន់យូរ។ ជំងឺឫសដូងបាត ជាការរលាកសរសៃវ៉ែន ដែលនៅជិតបរិវេណរន្ធគូទ ហើយអាចហូរឈាម និងមានអារម្មណ៍ថារមាស់ ព្រមទាំងឈឺចាប់ខ្លាំង។
៥. ស្រ្តេស
នៅពេលដែលយើងចំណាយពេលបន្ទោបង់នៅក្នុងបង្គន់ វាអាចជាពេលដែលយើងសម្រាកពីការងារ ឬពីជីវិតដ៏រវល់របស់យើង។ ប៉ុន្តែ បើយើងយកទូរសព្ទដៃមកជាមួយ យើងអាចនឹងបាត់បង់ពេលវេលាឲ្យខួរក្បាលបានសម្រាកមិនខាន។
៦. ខ្ជះខ្ជាយពេលវេលា
គ្នាយើងភាគច្រើនគិតថា ការយកទូរសព្ទដៃចូលទៅក្នុងបង្គន់ជាមួយ គឺជាការសន្សំសំចៃពេលវេលា។ ផ្ទុយទៅវិញ វាគឺជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។ ជាធម្មតា យើងតែងតែចំណាយពេល៥នាទីក្នុងការបន្ទោបង់ ប៉ុន្តែនៅពេលយកទូរសព្ទដៃមកតាមខ្លួន យើងក៏ចំណាយពេលកាន់តែយូរជាងមុនលើសដើម។
[embed-health-tool-bmi]