កម្រិតថាមពលទាបអាចជាសញ្ញានៃបញ្ហាសុខភាព ដែលបណ្ដាលមកពីលទ្ធផលនៃទម្លាប់ជាក់លាក់មួយចំនួន។ ដូច្នេះហើយ គ្នាយើងគប្បីកែប្រែទម្លាប់ទាំងនោះភ្លាមៗ ដើម្បីកុំឲ្យជួបបញ្ហាទៅថ្ងៃក្រោយ។ ពិតណាស់ នៅពេលដែលយើងហត់នឿយជាប្រចាំ វានឹងធ្វើឲ្យយើងបាត់បង់ប្រសិទ្ធភាពការងារ ក៏ដូចជាមានអារម្មណ៍មួម៉ៅជាញឹកញយ។
១. ញ៉ាំកាហ្វេអ៊ីនច្រើនពេក
ទោះបីជាភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនអាចបង្កើនថាមពល ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងស្វាហាប់ជាច្រើនម៉ោងយ៉ាងណាក្ដី ប៉ុន្តែនៅពេលដែលយើងឈប់ញ៉ាំវា យើងនឹងបាត់បង់ថាមពលស្ទើរទាំងស្រុង។ ជាទូទៅ កាហ្វេអ៊ីនជួយបង្កើនអ័រម៉ូន cortisol ហើយការញ៉ាំវាច្រើននឹងធ្វើឲ្យយើងមានថាមពលមុនពេលដំបូង ប៉ុន្តែក្រោយមកយើងនឹងចាប់ផ្ដើមអស់កម្លាំងកំហែងគ្មានសល់។
២. មើលទូរទស្សន៍ ឬទូរសព្ទច្រើនម៉ោង
មនុស្សភាគច្រើនចំណាយពេលនៅមុខអេក្រង់ទូរទស្សន៍ ឬទូរសព្ទជាច្រើនម៉ោង ដែលអាចបណ្ដាលឲ្យចុករួយភ្នែក ឈឺក្បាល និងនឿយហត់អស់កម្លាំង។ ជាមួយគ្នានេះដែរ ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ ជះឥទ្ធិពលអវិជ្ជមានដល់ដំណេករបស់យើង។ លើសពីនេះ មានការសិក្សាមួយចំនួនបានបង្ហាញថា ការចំណាយពេលលើអេក្រង់គ្រឿងអេឡិចត្រូនិកទាំងនេះក៏អាចបង្កើនហានិភ័យនៃការកើតជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូង និងធាត់ជ្រុលថែមទៀតផង។
៣. ញ៉ាំទឹកមិនគ្រប់គ្រាន់
ពិតណាស់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងទទួលបានថាមពលគ្រប់គ្រាន់ យើងចាំបាច់ត្រូវបំពេញជាតិទឹកដល់រាងកាយ។ ដូចគ្នាទៅនឹងកីឡាករដែរ ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ទឹកគឺជាធាតុផ្សំដ៏សំខាន់បំផុត។
៤. ញ៉ាំអាហារកែច្នៃច្រើនជ្រុល
អាហារកែច្នៃភាគច្រើនមានផ្ទុកជាតិកាបូអ៊ីដ្រាតធម្មតា ដែលអាចធ្វើឲ្យកម្រិតជាតិស្ករឡើងចុះមិនទៀងទាត់ និងអាចបណ្ដាលឲ្យយើងមានអារម្មណ៍នឿយហត់ខ្លាំង។ លើសពីនេះ ការញ៉ាំជាតិស្ករ និងកាបូអ៊ីដ្រាតធម្មតាក៏អាចបណ្ដាលឲ្យយើងមានអាការៈភ្លេចភ្លាំង និងអស់កម្លាំងផងដែរ។ ជាក់ស្ដែង អាហារកែច្នៃមានជាតិសូដ្យូមខ្ពស់ ដែលអាចធ្វើឲ្យយើងមានអារម្មណ៍ស្រេកទឹកខ្លាំង ព្រមទាំងនឿយហត់ ហើយវាក៏មិនមានផ្ទុកសារធាតុចិញ្ចឹមល្អៗដល់រាងកាយយើងដូចគ្នា។
៥. ស្រ្តេសខ្លាំង
សម្រាប់អ្នកដែលស្រ្តេសខ្លាំង អាចប្រឈមនឹងការកើនសម្ពាធឈាម អស់កម្លាំងសាច់ដុំ និងឈឺក្បាល ហើយប្រសិនបើយើងនៅតែបន្តមានបញ្ហាស្រ្តេសកាន់តែយូរ ធនធានរាងកាយរបស់យើងនឹងកាន់តែចុះខ្សោយជាលំដាប់។
៦. គេងមិនទៀងទាត់
ការគេងមិនទៀងទាត់អាចប៉ះពាល់ដល់រាងកាយ អារម្មណ៍ ចំណង់អាហារ ការចងចាំ ភាពស្វាហាប់ កម្រិតថាមពល កម្រិតថប់បារម្ភ ប្រព័ន្ធភាពស៊ាំ និងចំណង់ផ្លូវភេទ។ ជាងនេះទៅទៀត សម្រាប់អ្នកដែលគេងមិនទៀងទាត់ក៏អាចប្រឈមទៅនឹងរោគសញ្ញានៃជំងឺបាក់ទឹកចិត្តផងដែរ។
[embed-health-tool-bmi]