ឥឡូវនេះជាពេលមួយសំខាន់បំផុត ដែលយើងត្រូវរក្សាប្រព័ន្ធការពាររាងកាយឲ្យមានសុខភាពល្អ និងរឹងមាំ ដើម្បីទប់ទល់នឹងវីរុស ឬមេរោគមួយចំនួនចូលទៅវាយលុកក្នុងរាងកាយ ដូចជាវីរុសកូវីដ-១៩ ជាដើម។ ប៉ុន្មានចំណុចខាងក្រោមនេះ ជាតិចនិកពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ចៀសវាងងាយឆ្លងមេរោគ រាលដាលចូលផ្នែកផ្សេងៗក្នុងរាងកាយ។
១. ញ៉ាំអាហារចម្រុះមុខ និងមានតុល្យភាព
ការញ៉ាំអាហារមានតុល្យភាព រួមជាមួយបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនពីបន្លែសាច់ និងជាតិខ្លាញ់ល្អៗ ជាសារធាតុចិញ្ចឹមល្អសម្រាប់យើង ដើម្បីពង្រឹងភាពស៊ាំឲ្យមានសុខភាពរឹងមាំ និងដំណើរការបានល្អ។ មួយវិញទៀត ដោយសារពេលនេះ គ្នាយើងមួយចំនួនមានទម្លាប់ញ៉ាំច្រើនពេលនៅផ្ទះ ដែលជាទម្លាប់មិនល្អដល់យើង ដូចនេះគួរផ្លាស់ប្ដូរទម្លាប់ញ៉ាំឲ្យមានរបៀបត្រឹមត្រូវដូចជា៖
- អង្គុយញ៉ាំអាហារមួយកន្លែង កុំញ៉ាំបណ្ដើរ ដើរបណ្ដើរ ឬធ្វើកិច្ចការអ្វីផ្សេងបណ្ដើរ
- យករបស់ដែលធ្វើឲ្យយើងបែកអារម្មណ៍ពេលញ៉ាំចេញដូចជា ទូរស័ព្ទ ទូរទស្សន៍ ឬកុំព្យូទ័រ
- ទំពាអាហារឲ្យបានម៉ដ្តល្អ
- កុំព្យាយាមញ៉ាំម្ដងឲ្យអស់ បើឆ្អែត ទុកអាហារមួយឡែកឲ្យត្រឹមត្រូវសឹមញ៉ាំតាមក្រោយទៀត
២. រក្សាជាតិទឹក
ការរក្សាជាតិទឹកក្នុងខ្លួនសំខាន់ណាស់សម្រាប់សុខភាពទូទៅ។ បរិមាណទឹកដែលយើងត្រូវការក្នុងមួយថ្ងៃអាស្រ័យទៅតាមវ័យ ភេទ ទម្ងន់ កម្ពស់ សកម្មភាពរាងកាយ និងកត្តាបរិស្ថានជុំវិញខ្លួនយើង។ ការផឹកទឹកមិនគ្រប់គ្រាន់អាចប៉ះពាល់ការបំពេញការងារ ទោះបីជាយើងបាត់បង់ជាតិទឹកត្រឹម ២% ក៏ដោយ។ នេះអាចមកពីអាការៈអស់កម្លាំង បាត់បង់ការគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ លែងចង់ធ្វើកិច្ចការផ្សេងៗ និងអាចប៉ះពាល់ដល់ការហាត់ប្រាណដែរ។
៣. អនុវត្តអនាម័យអាហារ
បើយើងកាន់ ឬធ្វើម្ហូបអាហារមានអនាម័យខ្ពស់នោះ ហានីភ័យនៃការឆ្លងជំងឺផ្សេងៗមានតិច អាចទប់ទល់បាក់តេរីមិនល្អ ចូលក្នុងរាងកាយយើងបានដោយ៖
- លាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឲ្យបាន២០វិនាទី ទាំងមុន និងក្រោយពេលរៀបចំអាហារ
- ខ្ទប់មាត់ ច្រមុះពេលក្អក កណ្ដាស់ ជាមួយក្រដាស និងកែងដៃ រួចលាងដៃឲ្យស្អាត
- លាងសម្អាតបន្លែ សាច់ ផ្លែឈើមុនញ៉ាំ
- សម្លាប់មេរោគលើតុ ឬឧបករណ៍ប្រើប្រាស់មុន និងក្រោយពេលប្រើ
- រក្សាសាច់ឆ្អិន និងសាច់ឆៅនៅកន្លែងផ្សេងគ្នា ដើម្បីចៀសវាងការឆ្លងមេរោគ។ល។
៤. ហាត់ប្រាណ (ទោះនៅផ្ទះក្ដី)
ភាពសកម្មភរបស់រាងកាយមានប្រយោជន៍ទាំងរាងកាយ និងផ្លូវចិត្ត។ មនុស្សពេញវ័យដែលមានសុខភាពធម្មតា គួរហាត់ប្រាណឲ្យបានយ៉ាងតិច៣០នាទី/ថ្ងៃ និងយ៉ាងតិច ១ម៉ោង/ថ្ងៃសម្រាប់ក្មេងៗ អាយុចាប់ពី ៥-១៧ឆ្នាំឡើង។
៥. គេងឲ្យបានគ្រប់គ្រាន់
តាមពិតទៅ នៅពេលយើងគេងលក់ រាងកាយរបស់យើងធ្វើការរឹតតែខ្លាំងក្នុងការជួយសាច់ដុំដែលធ្វើការច្រើននៅពេលថ្ងៃ និងកម្ចាត់អ្វីមិនល្អដែលខួរក្បាលបានបង្កើត។ ការគេងក៏ជួយដល់ការសម្រួលអារម្មណ៍ផងដែរ។ ប្រសិនជាយើងគេងមិនគ្រប់គ្រាន់ត្រឹមតែមួយយប់អាចធ្វើឲ្យយើងប្រតិកម្មទៅនឹងអារម្មណ៍អវិជ្ជមានរហូតដល់ ៦០%។ បន្ថែមពីនេះទៀត ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យរាងកាយពិបាកក្នុងការសម្រួលដល់ចំណង់អាហារ ប្រព័ន្ធភាពស៊ាំ មុខងារក្នុងការរំលាយអាហារ និងការគ្រប់គ្រងទម្ងន់។
៦. តាមដានព័ត៌មានពីប្រភពគួរទុកចិត្ត
មានព័ត៌មានមិនត្រឹមត្រូវជាច្រើនជុំវិញជំងឺកូវីដ-១៩ នៅលើអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាសំខាន់ណាស់ដែលយើងទទួលបានព័ត៌មានពីប្រភពដែលអាចទុកចិត្តបាន ដូចជាគេហទំព័ររដ្ឋាភិបាល ឬគេហទំព័ររបស់អង្គការជាតិ ឬអន្តរជាតិដែលគួរអោយទុកចិត្ត (អង្គការសុខភាពពិភពលោក Unicef ឬក្រសួងសុខាភិបាល។ល។)
វាសំខាន់ណាស់ក្នុងការដឹងដំណឹងអំពីការអនុវត្តល្អ ៗ ដើម្បីរក្សាសុវត្ថិភាពក្នុងពេលនេះ។ ទោះយ៉ាងណា ក៏ដោយយើងគួរតែព្យាយាមកាត់បន្ថយមើលព័ត៌មានដែលធ្វើឱ្យយើងថប់បារម្ភ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើង។
[embed-health-tool-bmi]