គ្នាយើងមួយចំនួនចេះតែងបែកញើសចុងដៃចុងជើង មិនដឹងមូលហេតុ ជួនកាលអង្គុយនៅក្នុងកន្លែងម៉ាស៊ីនត្រជាក់សោះ បាតដៃបាតជើងបែកញើសដែរ។ ចុះហេតុអ្វីបានយើងចេះតែបែកញើសចុងដៃជើង ទាំងដែលអាកាសធាតុត្រជាក់អ៊ីចឹង?
មូលហេតុជាច្រើនបណ្ដាលឲ្យសីតុណ្ហភាពរាងកាយរបស់យើងឡើងកម្ដៅដូចជា អាកាសធាតុក្ដៅ ការហាត់ប្រាណ អារម្មណ៍តានតឹង ស្ត្រេស ការថប់បារម្ភ ឬភាពភ័យស្លន់ស្លោ។ល។ សូម្បីតែពេលយើងញ៉ាំអាហារហឹរ ក៏បែកញើសចេញមកដែរ។ នេះបើតាមលោកវេជ្ជបណ្ឌិត Ernest Wangជាទីប្រឹក្សាជាន់នៃSinghealth group ប្រទេសសឹង្ហបុរី។
ការបែកញើសហួសប្រមាណដែលមិនបង្កឡើងដោយអាកាសធាតុ ឬការធ្វើលំហាត់ប្រាណទេនោះ អាចបណ្ដាលមកពីបញ្ហាមួយហៅថា Hyperhidrosis។ គ្នាយើងដែលមានបញ្ហានេះ ទោះជានៅក្នុងម៉ាស៊ីនត្រជាក់ក៏បែកញើសប្រអប់ដៃជើង ឬក្លៀកជោគអាវ បង្កឲ្យយើងខ្មាសគេមិនស្ទើរទេ។ ពេលខ្លះកាលដែលយើងបែកញើសចុងដៃចុងជើងក៏អាចជាសញ្ញានៃជំងឹដូចជា៖
– ទឹកនោមផ្អែម
– ជាតិស្ករក្នុងឈាមទាប
– ការឆ្លងមេរោគ
– ជំងឺមហារីកមួយចំនួន
– ជំងឺបេះដូង
– បញ្ហាក្រពេញទីរ៉ូអ៊ីត។
តិចនិកទប់ទល់នឹងបញ្ហាបែកញើសចុងដៃចុងជើង
ប្រសិនបើគ្នាយើងធុញទ្រាន់នឹងបញ្ហាបែកញើសចុងដៃដើង ឬបែកញើសក្លៀកខ្លាំង អាចសាកល្បងជាមួយតិចនិកនេះ ដើម្បីទប់ស្កាត់បញ្ហាបែកញើសខ្លាំងនេះកើតឡើងបានដោយ៖
- លាបផលិតផល Antiperspirant បំបាត់ក្លិន និងញើសលើបាតដៃ និងបាតជើងមុនពេលចូលគេង។
- ចៀសវាងញ៉ាំជាតិកាហ្វេអ៊ីន ឬអាហារហឹរ ដែលបណ្ដាលឲ្យបែកញើសកាន់តែខ្លាំង។
- ងូតទឹកជាប្រចាំ តែត្រូវចៀសវាងងូតទឹកក្ដៅ ឬសូណា ដើម្បីទប់ស្កាត់សីតុណ្ហភាពរាងកាយឡើងខ្ពស់។
- ជូតជើងឲ្យស្ងួតក្រោយងូតទឹក ដើម្បីទប់ស្កាត់បាក់តេរីកើនឡើង។
- សាកល្បងតាំងសមាធិ ឬតិចនិកកាត់បន្ថយស្ត្រេសផ្សេងៗ ចៀសវាងបែកញើសដោយសារស្ត្រេសខ្លាំងពេក។
[embed-health-tool-bmi]