backup og meta

កូនតូចឧស្សាហ៍បែកញើសច្រើន មានបញ្ហាអីអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 11, 2020

    កូនតូចឧស្សាហ៍បែកញើសច្រើន មានបញ្ហាអីអត់?

    ប៉ាម៉ាក់​មាន​កូន​តូច ឬ​ទើប​នឹង​កើត​ប្រាកដ​ជា​ឆ្ងល់​មិន​ខាន​បើ​ឃើញ​អូនៗ​ភ្ញាក់​ពីគេង​មាន​ញើស​សើម​ជោក ពិសេស​នៅ​​ពេល​យប់។ ការ​​បែក​ញើស​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​ក្ដី អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ការ​បែក​ញើស​លើ​កូន​តូច ឬកូន​ទើប​កើត​ក៏​ជា​រឿង​ធម្មតា​ដែរ​ក្នុង​ករណី​ជា​ច្រើន​។​

    ម៉េច​បាន​កូន​បែប​ញើស​ច្រើន? រឿង​មួយ​ដែល​ម៉ាក់ៗ​គួរ​ដឹង​គឺ​ថា​អូន​នៅ​តូច កាយ​សប្បទា​នៅ​ក្មេង​ខ្ចី និង​កំពុង​តែ​ហ្វឹក​ហាត់​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាង​កាយ។ ពេល​ខ្លះទៀត ម៉ាក់ៗ​អាច​ពាក់​អាច​ឲ្យ​អូនៗ​ច្រើន​ជាន់​ពេក ធ្វើ​ឲ្យ​អូនៗ​ក្ដៅ នាំឲ្យ​បែកញើស​ដែរ។ យ៉ាង​ណា​កុំ​ចេះ​តែ​ស្មាន តស់​ស្វែង​យល់​ពី​មូល​ហេតុ​ទាំង​អស់​គ្នា។

    . កូន​យំខ្លាំង​

    ការ​យំ​ សម្រាប់​អូនៗ​ទើប​កើត ប្រៀប​ដូច​ជា​មនុស្ស​ធំ​ធ្វើការ​ធ្ងន់​អ៊ីចឹង​ដែរ ដែល​ត្រូ​វការ​ថាមពល​ខ្លាំង។ ដូច​នេះ ប្រសិនជា​អូនៗ​យំខ្លាំង ឬ​យំ​ក្នុង​រយៈពេល​យូរ អូនៗ​អាច​នឹង​មាន​ញើស​ចេញ​ច្រើន ហើយ​មុខ​ឡើង​ក្រហម​ទៀត​ផង​។ បើ​សិន​ជា​បែក​ញើស​ដោយ​សារ​តែ​ការ​យំ នោះ​ញើស​​នឹង​បាត់​ទៅ​វិញ នៅ​ពេល ​អា​អូន​ឈប់​យំ។​

    . ពាក់​អាវ​ច្រើន​ជាន់

    ម៉ាក់ៗ​ខ្លះ​ពាក់​អាវ​ឲ្យ​កូន​ច្រើន​ជាន់​ហើយ ថែមទាំង​​ដណ្ដប់​ភួ​យ​ឲ្យ​ទៀត ព្រោះ​ខ្លាច​កូន​រងារ​ ដែល​នេះ​វា​មិន​ជា​រឿង​អាក្រក់​អីទេ តែ​ថា​បើ​​ពាក់​អាវ ឬគ្រប់​ច្រើន​ជាន់​ពេក អាច​ធ្វើ​ឲ្យ​កូន​ក្ដៅស្អុះស្អាប់ ពិបាក​នៅ និង​ធ្វើ​ឲ្យ​ចេញ​ញើស​ ព្រោះ​ស្បែក​មិន​អាច​ដកដង្ហើម​បាន​។​

    គេងបែកញើស

    . ផ្ដាសាយ ក្ដៅ​ខ្លួន ឬ​ឆ្លង​រោគ

    បើ​អូនៗ​ស្រាប់តែ​ចេញ​ញើស​ច្រើន ដែល​ពីមុន​មិន​សូ​វ​បែក​ញើស​ នោះ​អាច​ថា​លើក​នេះ​អូនៗ​មាន​ជំងឺ​ផ្ដាកសាយ ឬ​ឆ្លង​រោគ​ហើយ​។ អាការៈ​ក្ដៅ​ខ្លួន ជា​សញ្ញា​មួយ​នៃ​ការ​ឆ្លង​​រោគ ហើយ​ម៉ាក់ៗ​គួរ​វាស់​កម្ដៅ​កូន​មើល​ដែរ។ ជា​ធម្មតា​យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​បាន​ដើម្បី​បន្ធូរ​​រោគសញ្ញា ប៉ុន្តែ​យើង​ក៏​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ ពិសេស​អូនៗ​អាយុ​តិ​ច​ជាង​៦ខែ។

    . មានជំងឺ​Hyperhidrosis

    ជំងឺ​ ​hyperhidrosis ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ចេញ​ញើស​ច្រើន​ហួស​ហេតុ ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​អាកាស​ធាតុ​ត្រជាក់​ក៏​ដោយ។ ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​បែក​ញើស​នៅ​កន្លែង​ជាក់​លាក់​ខ្លះ​នៃ​រាង​កាយ មាន​ដូច​ជា​ដៃ ក្លៀក ឬ​ជើង ហើយ​អាច​បែក​ញើស​នៅ​កន្លែង​ទាំង​នេះ​ក្នុង​ពេល​តែ​មួយ​ក៏​មាន​។

    ជំងឺ hyperhidrosis ច្រើ​ន​ធ្វើ​ឲ្យ​ចេញ​ញើស​នៅ​ពេល​ភ្ញាក់​ពីគេង និង​ពេល​គេង។ ពេល​ខ្លះ​ជំងឺ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ដែរ ដែល​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ហើយ​គ្រូពេទ្យ​អាច​ធ្វើ​តេស្ត​មួយ​ចំនួន​ដើម្បី​ដឹង​ការ​ពិត​។​

    ករណី​មួយ​ទៀត​ ក៏​មាន​ដែរ​ជំងឺ hyperhidrosis ដែល​គេ​ហៅ​ថា​ជំងឺ​hyperhidrosis ទូទៅ ដែល​អាច​ធ្វើ​ឲ្យ​បែក​ញើស​ពេញទាំង​រាង​កាយ ដែល​នេះ​ជា​ករណី​កម្រ តែ​មិន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះ​ទេ ហើយ​ស្ថានភាព​នេះ​នឹង​បាន​ធូរ​ស្រាល​វិញ​នៅ​ពេល​អូនៗ​​មាន​វ័យ​កាន់តែ​ច្រើន​។

    . ជំងឺ​បេះ​ដូង​ពី​កំណើត

    ទារក​ដែល​មាន​ជំងឺ​បេះ​ដូង​ពី​កំណើត​ បែក​ញើស​ស្ទើរតែ​គ្រប់​ពេល ពីព្រោះ​រាង​កាយ​របស់​ពួកគេ​ត្រូវការ​ធ្វើ​ការ​ខ្លាំង​ដើម្បី​ច្របាច់​ឈាម​ឲ្យ​រត់​ទៅ​កាន់​សព្វ​រាង​កាយ​។​ អ្នក​ជំនាញ​ប៉ាន់ស្មាន​ថា ទារក​ទើប​កើត​តិច​ជាង​១ភាគរយ​ កើត​មក​​មាន​ជំងឺ​នេះ។

    ក្មេង​ដែល​មាន​ជំងឺ​បេះ​ដូង​ពី​កំណើត នឹង​ជួប​ការ​លំ​បាក​ក្នុង​ការ​ញ៉ាំ​អាហារ ហើយ​នឹង​មាន​ចេញ​ញើស​នៅ​ពេល​គេ​ប្រឹង​ញ៉ាំ​អាហារ។ រោគ​សញ្ញា​មួយ​ចំនួន​ទៀត​មាន​ដូច​ជា​មាន​​ឡើង​ស្នាម​លើ​ស្បែក​និង​ដក​ដង្ហើមរាក់ៗ​ជា​ដើម​

    ដូច​នេះ​ហើយ បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​ថា​កូន​មាន​បែក​ញើស​ច្រើន យើង​គួរ​សម្រួល​កន្លែង​គេង ឬ​ធ្វើ​ឲ្យ​បរិស្ថាន​នៅ​ជុំវិញ​កូន​មាន​ផា​សុក​ភាព​កុំ​ឲ្យ​បែក​ញើស​ច្រើនពេក។ យ៉ាងណា​បើ​យើង​រៀប​ចំបែប​នោះ​ហើយ កូន​នៅ​តែ​បែកញើស​ច្រើន​ទៀត យើង​គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម