មួយរយៈចុងក្រោយនេះ សង្កេតឃើញថា មានគ្នាយើងមួយចំនួនបានទៅលេងកម្សាន្តនៅទឹកដក់ ភ្នំចំបាប់ ខេត្តតាកែវ ដោយសារមានទេសភាពស្អាត និងទឹកថ្លាគួរឲ្យគយគន់។ មានអ្នកខ្លះថតរូប ខ្លះទៀតហែលទឹកលេងនៅទីនោះ ទាំងមិនដឹងថា វាអាចប៉ះពាល់ទៅសុខភាព ឬក៏អត់ ព្រោះទឹកនេះដក់ក្នុងតំបន់គេបំបែកថ្មភ្នំ ដោយប្រើសារធាតុ តេអ៊ិនតេ (TNT)។
តើអ្វីទៅជាសារធាតុ តេអ៊ិនតេ (TNT)?
សារធាតុ តេអ៊ិនតេ ឬtrinitrotoluene ជាសារធាតុពុលដែលងាយឆេះ លាយបញ្ចូលគ្នាដោយ កាបូន (C) អ៊ីដ្រូហ្សែន (H) នីត្រូសែន (N) និងអុកស៊ីហ្សែន (O)។ កូដសារធាតុនេះគឺ C7H5N3O6 ប្រើជាសារធាតុផ្ទុះខ្ពស់ និងក្នុងការសំយោគគីមី។
ឥឡូវនេះ ដើម្បីងាយស្រួលយកថ្មភ្នំ រ៉ែ ឬការបង្កើតផ្លូវក្រោមដី ឬកាត់ភ្នំ គេប្រើគ្រាប់បែកផ្ទុះ ហើយក្នុងគ្រាប់បែកទាំងនោះផ្ទុកទៅដោយសារធាតុ តេអ៊ិនតេ។ ក្រោយបំផ្ទុះយកថ្ម ឬរ៉ែអស់ ជាទូទៅកន្លែងនោះបន្សល់ទុកនូវរណ្ដៅជ្រៅៗ ដែលមិនមានចរន្តហូរចេញចូល ហើយទឹកដក់ក្នុងរណ្ដៅទាំងនោះ គឺពោរពេញទៅដោយសារធាតុគីមីជាច្រើន រួមទាំងសារធាតុ តេអ៊ិនតេ ផងដែរ។
គ្រោះថ្នាក់សុខភាពក្រោយប៉ះពាល់សារធាតុ តេអ៊ិនតេ (TNT)
យោងតាមការស្រាវជ្រាវរបស់ Agency for toxic substances and disease registry នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា ការប៉ះពាល់ជាមួយសារធាតុ តេអ៊ិនតេ ក្នុងរយៈពេលយូរ ពិសេសចំពោះបុគ្គលដែលបំពេញការងារជាមួយសារធាតុនេះ ប្រឈមនឹងបញ្ហាសុខភាពច្រើនដូចជា មុខងារថ្លើមដំណើរការមិនប្រក្រតី និងគ្រាប់ឈាមក្រហមធ្លាក់ចុះ អាចបណ្ដាលឲ្យកើតជំងឺស្លេកស្លាំង។ ក្នុងករណីស្បែកយើងប៉ះពាល់ជាមួយសារធាតុ (TNT) ក្នុងរយៈពេលវែង វាអាចបណ្ដាលឲ្យយើងរមាស់ស្បែក ឬកើតជាអាលែកហ្ស៊ីស្បែកជាដើម និងអាចធ្វើឲ្យភ្នែកឡើងបាយទៀតផង។
បន្ថែមពីលើនេះ ការសិក្សាពីផលប៉ះពាល់នៃសារធាតុ តេអ៊ិនតេ លើសត្វ (ពិសេស សត្វកណ្ដុរ) បង្ហាញឲ្យឃើញថា ការប៉ះពាល់ដោយការញ៉ាំ ឬស្រូបខ្យល់មានផ្ទុកសារធាតុនេះ ក្នុងរយៈពេល១៥-៣៦៤ថ្ងៃ អាចធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ លំពែងរីកធំ និងមានបញ្ហាបន្តពូជធ្ងន់ធ្ងរ (ចំពោះកណ្ដុរឈ្មោល)។ ម៉្យាងវិញទៀត ចំពោះសត្វកណ្ដុរដែលស៊ីសារធាតុ តេអ៊ិនតេ ក្នុងរយៈពេលយូរគេសង្កេតឃើញថា មានកើតដុំសាច់មហារីកក្នុងប្លោកនោម ដូចនេះទើបអ្នកស្រាវជ្រាវចាត់ទុកសារធាតុនេះ ជាសារធាតុមួយអាចបង្កឲ្យមនុស្សយើងកើតមហារីកបាន ប៉ុន្តែទាមទារឲ្យមានការសិក្សាបន្ថែម។
[embed-health-tool-bmi]