កត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃ
នៅទ្វីបអាស៊ី ជំងឺរ៉ាំរ៉ៃប្រភេទណាដែលកើតញឹកញាប់បំផុត ហើយវាប៉ះពាល់ដល់រាងកាយយ៉ាងម៉េចខ្លះ?
ជំងឺបេះដូង
ការសិក្សាបានបង្ហាញថា ជំងឺសរសៃឈាមបេះដូង និងខ្សោយបេះដូងមានការកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ជាពិសេសប្រសិនបើយើងមានកត្តាប្រឈមផ្សេងទៀត ដូចជាសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជក់បារី។ ជំងឺក្រិនសរសៃឈាមបេះដូង ជាជំងឺមួយដែលកើតឡើងបណ្ដាលមកពីទម្លាប់រស់នៅប្រចាំថ្ងៃ។ កម្រិតសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ ជក់បារី ទឹកនោមផ្អែម និងអសកម្ម ក៏ជាកត្តាហានិភ័យដែលធ្វើឲ្យយើងកើតជំងឺក្រិនសរសៃឈាមបេះដូង។
ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមជាជំងឺដែលមានសន្ទុះកើតឡើងខ្លាំងនៅក្នុងទ្វីបអាស៊ី។ ជំងឺនេះបានសម្លាប់មនុស្សប្រមាណ១,២លាននាក់នៅអាស៊ីអាគ្នេយ៍ និង១,៣លាននាក់ នៅបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច នេះបើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ។
កត្តាធាត់ជ្រុល អាចបង្កើនហានិភ័យក្នុងការវិវដ្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ហើយអ្នកជំងឺទឹកនោមផ្អែម ក៏ងាយប្រឈមនឹងការកើតជំងឺសរសៃឈាមបេះដូងផងដែរ។
ជំងឺមហារីក
ពិតណាស់ ជំងឺមហារីកអាចកើតមានចំពោះមនុស្សទូទៅ។ ប៉ុន្តែក៏មានកត្តាជាក់លាក់មួយចំនួន ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកនេះដែរ ដូចជាកត្តាអាយុ និងហ្សែន។
ក្រៅពីនេះ ការប្រើប្រាស់ថ្នាំជក់ក៏អាចបង្កជាជំងឺមហារីកសួត មាត់ បំពង់ក និងសរីរាង្គដទៃទៀត។
គ្រោះថ្នាក់សរសៃឈាមខួរក្បាល
គ្រោះថ្នាក់សរសៃឈាមជាច្រើនករណី បណ្ដាលមកពីរបៀបរបបរស់នៅប្រចាំថ្ងៃ។ ទាំងនេះរួមមាន សម្ពាធឈាមខ្ពស់ ធាត់ជ្រុល ទឹកនោមផ្អែម និងកម្រិតកូលេស្តេរ៉ូលក្នុងឈាមខ្ពស់។ យើងអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល តាមរយៈការផ្លាស់ប្ដូរឥរិយាបថទាំងនេះ៖
- អសកម្ម
- របបអាហារមិនល្អ
- ការប្រើប្រាស់គ្រឿងស្រវឹង
- ជក់បារី