អ្នកជំងឺ COVID-19 ដែលមានជំងឺទឹកនោមផ្អែមម្នាក់ក្នុងចំណោម១០នាក់បានស្លាប់ក្នុងរយៈពេល៧ថ្ងៃដំបូងពេលចូលសម្រាកនៅមន្ទីរពេទ្យ និងមួយក្នុងចំណោម៥នាក់ត្រូវការម៉ាស៊ីនជំនួយអុកស៊ីសែន។ នេះបើយោងតាមការសិក្សាថ្មីរបស់ក្រុមអ្នកវិទ្យាសាស្ត្របារាំង។
អ្នកជំនាញសុខភាពជឿថាជំងឺទឹកនោមផ្អែមគឺជាកត្តាមួយដែលអាចបង្កើនហានិភ័យស្ថានភាពជំងឺ COVID-19 កាន់តែធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្របានសិក្សាទៅលើអ្នកជំងឺ COVID-19 ចំនួន១ ៣០០នាក់នៅ៥៣មន្ទីរពេទ្យក្នុងប្រទេសបារាំងចន្លោះថ្ងៃទី១០ ដល់ទី៣១ ខែមីនាដែលក្នុងនោះ៨៩%មានជំងឺទឹកនោមផ្អែមប្រភេទទី២ ៣%មានជំងឺទឹកនោមផ្អែមប្រភេទទី១ និងក្រៅពីនេះមានជំងឺផ្សេងៗ។ អ្នកជំងឺភាគច្រើនជាបុរស និងអាយុគិតជាមធ្យមគឺ៧០ឆ្នាំ។
នៅថ្ងៃទី៧នៃការសិក្សា ២៩%នៃអ្នកជំងឺទឹកនោមផ្អែមទាំងនោះមានខ្លះត្រូវប្រើម៉ាស៊ីនជំនួយអុកស៊ីសែន និងខ្លះបានស្លាប់។ អ្នកវិទ្យាសាស្ត្របានលើកឡើងថាអ្នកជំងឺម្នាក់ក្នុងចំណោម៥នាក់គឺត្រូវបំពាក់ប្រដាប់ជំនួយអុកស៊ីសែន និងម្នាក់ក្នុងចំណោម១០នាក់បានស្លាប់ ខណៈ១៨% ទៀតបានចេញពីមន្ទីរពេទ្យ។
វេជ្ជបណ្ឌិត Robert Eckel ប្រធានផ្នែកវេជ្ជសាស្ត្រនៅសមាគមជំងឺទឹកនោមផ្អែមអាមេរិកបានលើកឡើងថា ជំងឺធាត់បានក្លាយជាកត្តាហានិភ័យមួយសម្រាប់អ្នកជំងឺ COVID-19 មិនថាអ្នកជំងឺនោះមានជំងឺទឹកនោមផ្អែមឬក៏អត់ទេ។ ម៉្យាងទៀត លោក Eckelជឿថាការសិក្សាជាច្រើនបានបញ្ជាក់ទៅលើកត្តាអាយុ និងភេទប្រុស។ យ៉ាងណាមិញ អ្នកស្រាវជ្រាវមិនបានរកឃើញទំនាក់ទំនងរវាងករណីជំងឺ COVID-19 ធ្ងន់ធ្ងរ និងកត្តាអាយុ ភេទ ការគ្រប់គ្រងជាតិស្កររយៈពេលយូរ ផលវិបាករ៉ាំរ៉ៃ និងសម្ពាធឈាមខ្ពស់ទេ។ ប៉ុន្តែការលើសទម្ងន់បើគណនា BMI គឺជាកត្តាសំខាន់។
អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងទៀតថាអ្នកជំងឺទឹកនោមផ្អែមអាចបង្កើនហានិភ័យនៃការឆ្លងវីរុសផ្ដាសាយធំ (Influenza) និងជំងឺរលាកសួត។ បន្ថែមពីនេះទៀត របាយការណ៍ពីមុនបានឲ្យដឹងថាអ្នកជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់ក្នុងការស្លាប់នៅពេលឆ្លងជំងឺផ្ដាសាយជ្រូក H1N1 និងជំងឺ MERS។ ការសិក្សាទៅលើជំងឺរាតត្បាតជាច្រើនបានបង្ហាញថាជំងឺទឹកនោមផ្អែមគឺជាកត្តាមួយទាក់ទងនឹងស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19។
យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថាអ្នកជំងឺដែលប្រើប្រាស់អាំងស៊ុយលីន និងការព្យាបាលផ្សេងទៀតដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមគឺមិនមានហានិភ័យខ្ពស់ក្នុងការវិវត្តស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19ទេ។ ដូចនេះអ្នកជំងឺទឹកនោមផ្អែមគួរបន្តការព្យាបាលទាំងនេះ។
ការសិក្សាទៅលើអ្នកជំងឺទឹកនោមផ្អែមបានឲ្យដឹងថាគ្មានអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ក្រោមអាយុ៦៥ឆ្នាំបានស្លាប់ទេ។ ការសិក្សាទៅលើអ្នកជំងឺទឹកនោមផ្អែមនេះដែរគឺណែនាំឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើអ្នកជំងឺវ័យចំណាស់ដែលមានជំងឺទឹកនោមផ្អែមរយៈពេលយូរ ដែលអាចបង្កើនហានិភ័យនៃការវិវត្តស្ថានភាពធ្ងន់ធ្ងររបស់ជំងឺ COVID-19។
អត្ថបទពាក់ព័ន្ធ៖
- អាមេរិកអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir សម្រាប់ព្យាបាលអ្នកជំងឺឆ្លងវីរុស COVID-19ហើយ
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
- អាមេរិកផ្អាកផ្ដល់ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19
- វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈានដល់ដំណាក់កាលតេស្តលើកទី២
- អ្នកវិទ្យាសាស្រ្តអង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]