អាជ្ញាធរខេត្តសៀមរាបបានហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ ពិឃាដសត្វសុនខ ចាប់ពីពេលនេះតទៅ។ ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា តាំងដើមរៀងមក សត្វឆ្កែត្រូវបានប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដែលមានភាពស្មោះត្រង់ អាចជួយការពារផ្ទះសម្បែង ចម្ការ ហ្វូងសត្វ និងជួយក្នុងការសកម្មភាពយោធាទៀតផង។
ក្នុងនោះអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) ក៏បានគាំទ្រលើចំណាត់ការមួយនេះ និងបានជូនដំណឹងជាផ្លូវការដាច់ដោយឡែកមួយទៀត ដល់រាល់អ្នកប្រកបរបរពាក់ព័ន្ធសាច់ឆ្កែទាំងអស់នៅក្នុងស្រុក។
អង្គការ FOUR PAWS បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ តាមរយៈការតស៊ូមតិ ដើម្បីហាមឃាត់ការជួញដូរសាច់សត្វឆ្កែ ដោយសារតែហានិភ័យសុខភាពសាធារណៈ ភាគច្រើនបណ្ដាលមកពីជំងឺឆ្កែឆ្កួត និងការរីករាលដាលជំងឺដែលឆ្លងពីសត្វមកមនុស្ស។
យោងតាមការស្រាវជ្រាវរបស់ FOUR PAWS សត្វឆ្កែនៅរស់មានតម្លៃចាប់ពី ២ ទៅ ៣ ដុល្លារ ក្នុង១ គីឡូ ខណៈសាច់ឆៅ ១ គីឡូត្រូវបានលក់ក្នុងតម្លៃចាប់ពី ៤ដុល្លារ ដោយអ្នកបរិភោគភាគច្រើនជាបុរស មានទំនោរក្នុងការហូបសាច់ឆ្កែក្លែមគ្រឿងស្រវឹង។ ប៉ុន្តែស្ត្រីដែលបរិភោគសាច់ឆ្កែ ដោយសារតែគេជឿថា ជាថ្នាំព្យាបាលជំងឺ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានបកស្រាយថា សត្វដែលយើងញ៉ាំរាល់ថ្ងៃមានប្រូតេអ៊ីន និងវីតាមីនប្រហាក់ប្រហែលគ្នា ហើយចំពោះសត្វឆ្កែវិញដែលគេយល់ថា ហូបទៅជួយប៉ូវ និងជាថ្នាំជួយព្យាបាលជំងឺនោះ គឺមិនត្រឹមត្រូវទេ។ ផ្ទុយទៅវិញ ពេលហូបសាច់ឆ្កែទៅអាចនាំឲ្យឆ្លងមេរោគ ព្រោះការចម្អិនមិនបានឆ្អិនល្អ ឬឆ្កែមានជំងឺ។
[embed-health-tool-bmi]