ករណីសង្ស័យជំងឺគ្រុនឈីកសរុបទូទាំងប្រទេសមានការកើនឡើងពី ១.០២០ ដល់ ១.៧០០ ករណីសង្ស័យ និងមានការរីកដាលដាលដល់ខេត្តចំនួន១៥ គិតត្រឹមថ្ងៃទី ៥ សីហា ២០២០។ នេះបើតួលេខពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកកាសែតថា ខេត្តទាំង ១៥ នោះមាន ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្តាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាប។ “រាយការណ៍លើកមុន យើងមានតែ ១២ខេត្តទេ តែលើកនេះថែម ៣ខេត្តទៀត គឺខេត្តកំពង់ធំ បាត់ដំបង និងកណ្តាល”។
ក្នុងចំណោមខេត្តទាំង១៥ខាងលើ ខេត្តខ្លះមានករណីសង្ស័យជំងឺគ្រុនឈីកច្រើន ឯខេត្តខ្លះទៀតក៏តិច មានត្រឹមតែ១-២ ទៅ ៥ករណីប៉ុណ្ណោះ។ ក្នុងចំនួន ១.៧០០ ករណីសង្ស័យនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម កំពុងតែវិភាគដោយយកចិត្តទុកដាក់ ហើយមកទល់ថ្ងៃទី៥ ខែសីហានេះដែរ មាន ៧២,៤០% រកឃើញថាមានជំងឺគ្រុនឈីក ដែលតួលេខនេះខ្ពស់ តម្រូវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន។
លោកជំទាវក៏បានបញ្ជាក់បន្ថែមថា ករណីសង្ស័យជំងឺគ្រុនឈីក មានការកើនឡើងខ្លាំងនៅក្នុងខេត្តសៀមរាប ពី ៤៦៧-៦៧៤ ករណីសង្ស័យ ខេត្តកំពង់ចាម កើនឡើងពី ១៤៦-២៨០ ករណីសង្ស័យ ខេត្តកណ្តាល កើនពី ១៤៦-១៦៤ ករណីសង្ស័យ និងខេត្តបន្ទាយមានជ័យ កើនពី ២១១-២២៧ ករណីសង្ស័យ។ ដោយខេត្តមួយចំនួនទៀតមានករណីសង្ស័យកើតជំងឺគ្រុនឈីកកើនឡើងដែរ តែក្នុងចំនួនមួយតិចតួចប៉ុណ្ណោះ។
[embed-health-tool-bmi]