ស្ត្រីកងទ័ពមួយខៀវខ្មែរម្នាក់ដែលបានរកឃើញវិជ្ជមានជំងឺ COVID-19 កាលពីម្សិលមិញនេះ ត្រូវអាជ្ញាធរអះអាងថា បានប៉ះពាល់ជាមួយមនុស្សជាច្រើននាក់ មុនពេលស្ត្រីនោះតេស្តឃើញវិជ្ជមាន COVID-19។
ក្នុងលិខិតរបស់ចៅសង្កាត់សិត្យូ ក្រុងតាខ្មៅ ផ្ញើជូនមកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរជាកងទ័ពមួកខៀវដែលមានវិជ្ជមាន COVID-19 នោះបានដល់ផ្ទះនៅភូមិព្រែកត្រែង សង្កាត់សិត្បូ នៅថ្ងៃទី៣០ ខែកក្កដា ហើយពេលមកដល់ផ្ទះ ឈ្មោះខាងលើបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹក ថែមទៀត។
បន្ទាប់ពីនោះសាមីខ្លួនមានអាការៈក្តៅខ្លួន ក៏បានឲ្យពេទ្យនៅជិតផ្ទះចាក់ថ្នាំ និងផ្សំថ្នាំឲ្យ ដោយជំងឺមិនធូរស្រាល សាមីខ្លួនក៏បានទៅធ្វើតេស្តរកជំងឺ COVID-19 នៅមន្ទីរពេទ្យជ័យជន្នះ តែលទ្ធផលអវិជ្ជមាន។ លុះ២ថ្ងៃក្រោយមកទៀត ដោយមានអាការៈក្តៅខ្លួនខ្លាំង និងមានហៀរសម្បោរ ទើបទៅធ្វើតេស្តម្តងទៀត ឃើញវិជ្ជមាន COVID-19។
ជុំវិញបញ្ហាខាងលើនោះ មិនទាន់មានការឆ្លើយតប ឬបំភ្លឺពីលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅឡើយទេ តែលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ ត្រូវបានដាក់ក្នុងការតាមដានស្វែងរក COVID-19 ក្រោយពួកគេបានប៉ះពាល់ជាមួយនឹងស្ត្រីកងទ័ពមួកខៀវដែលវិជ្ជមាន COVID-19 នៅសង្កាត់សិត្បូ ខេត្តកណ្តាល។ លោកថា អ្នកប៉ពាល់ទាំងអស់នោះ ពេលនេះមានលទ្ធផលអវិជ្ជមានទាំងអស់ តែនៅតាមដានលទ្ធផល រយៈពេល១៤ថ្ងៃបន្តទៀត ហើយក្រសួងកំពុងបន្តតាមដានអ្នកផ្សេងទៀត។
បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ករណីស្ត្រីជនជាតិខ្មែរ ជាក្រុមមួកខៀវរបស់អង្គការសហប្រជាជាតិរបស់កម្ពុជាខាងលើនេះ មានវ័យ ២៧ឆ្នាំ បានវិលត្រលប់មកពីប្រទេសម៉ាលីកាលពីពេលកន្លង បានរកឃើញវិជ្ជមាន COVID-19 លើការធ្វើតេស្តវត្ថុសំណាកលើកទី៥។
[embed-health-tool-bmi]