អាជ្ញាធរចិនកាលពីថ្ងៃទី១២ ខែសីហា បានឲ្យដឹងថាស្ត្រីជនជាតិចិនម្នាក់ដែលជាសះស្បើយពីជំងឺ COVID-19 ច្រើនជាង៥ខែបានតេស្ដវិជ្ជមានវីរុសនេះជាថ្មីម្ដងទៀត។
ស្ត្រីរូបនេះមានអាយុ៦៨ឆ្នាំបានតេស្ដវិជ្ជមានជំងឺ COVID-19 ម្ដងរួចទៅហើយកាលពីថ្ងៃទី៨ ខែកុម្ភៈ និងបានជាសះស្បើយ ប៉ុន្តែស្ត្រីរូបនេះបានតេស្ដវិជ្ជមានម្ដងទៀតកាលពីថ្ងៃទី៩ ខែសីហានៅពេលគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺផ្សេងមួយទៀត។ ស្ត្រីរូបនេះកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងទទួលការព្យាបាល។ ចំណែកឯ អ្នកដែលបានប៉ះពាល់ស្ត្រីខាងលើនេះក៏បានធ្វើតេស្ដ និងទទួលបានលទ្ធផលអវិជ្ជមាន ហើយផ្ទះរបស់ស្ត្រីនេះ និងកន្លែងដែលស្ត្រីរូបនេះបានទៅក៏ត្រូវបានគេសម្អាត និងសម្លាប់មេរោគដែរ។
យ៉ាងណាមិញ ករណីតេស្ដវិជ្ជមានជាលើកទី២គឺមានទូទៅនៅក្នុងប្រទេសចិន និងប្រទេសដទៃទៀត ប៉ុន្តែគ្រាន់តែករណីស្ត្រីវ័យ៦៨ឆ្នាំខាងលើគឺមានរយៈពេលយូរជាងគេក្នុងការតេស្ដវិជ្ជមានម្ដងទៀត។ លោក Lu Hongzhou អ្នកជំនាញផ្នែកជំងឺឆ្លងក៏បានលើកឡើងថានេះជាករណីកម្រ ហើយអ្នកជំងឺគឺមិនមានការចម្លងទេ។
ការសិក្សាមួយបានសិក្សាទៅលើអ្នកជំងឺ ២៨០នាក់ដែលមានស្ថានភាពជំងឺស្រាល និងមធ្យមបានឲ្យដឹងថាជាទូទៅអ្នកជំងឺត្រូវការពេល ១៧ថ្ងៃចាប់តាំងពីចេញរោគសញ្ញាដំបូងរហូតដល់អស់វីរុសនៅក្នុងរាងកាយ។ រយៈពេលដែលយូរបំផុតនៅក្នុងការសិក្សានេះគឺ ៤៩ថ្ងៃ។
រីឯការសិក្សានៅកូរ៉េខាងត្បូងបានចេញផ្សាយកាលពីខែឧសភាបានលើកឡើងថាការតេស្ដវិជ្ជមានម្ដងទៀតគឺមិនមានការចម្លងទេ។ អ្នកវិទ្យាសាស្ត្របានរកឃើញថាអ្នកតេស្ដវិជ្ជមានម្ដងទៀតគឺមកពីតេស្ដចាប់បានបំណែកវីរុសងាប់ក្នុងរាងកាយ។
មួយវិញទៀត តាមការសិក្សាថ្មីបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រអាមេរិក ScienceAdvances បានលើកឡើងថាការសម្ងំរបស់វីរុសនៃអ្នកជំងឺភាគច្រើនគឺមិនលើសពី១៤ថ្ងៃទេដែលនេះគឺជារយៈពេលកំណត់នៃការធ្វើចត្តាឡីស័កតាមបណ្ដាប្រទេស ជាច្រើន ប៉ុន្តែគេសន្មតថា ១០%នៃអ្នកឆ្លងវីរុសអាចនឹងត្រូវការរយៈពេលច្រើនជាង ២សប្ដាហ៍ក្នុងការចេញរោគសញ្ញា។ នេះអាចនឹងជាបញ្ហាសម្រាប់ការធ្វើចត្តាឡីស័កព្រោះការដឹងពីរយៈពេលដែលមេរោគសម្ងំក្នុងខ្លួនគឺអាចជួយដល់ការទប់ស្កាត់ការឆ្លងមុននឹងចេញរោគសញ្ញា។
[embed-health-tool-bmi]