លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងកាលពីយប់មិញរំលងអាធ្រាត្រថា ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលធ្វើតេស្តឲ្យដឹង រកឃើញ ៥ ករណីទៀតវិជ្ជមាន COVID-19 ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នានៅក្នុងបុរីប៉េងហួត ផ្លូវ ៦០ ម៉ែត្រ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនោះបន្ថែមទៀតថា ក្រៅពីអគ្គនាយកពន្ធនាគារលោក ឆែម សាវុធ ដែលត្រូវជាប្ដីរបស់ស្ត្រីមានផ្ទុកមេរោគ COVID-19 នៅពេលនេះថែមមាន ៤ ករណីទៀត។
លោកជំទាវបានអះអាងថា ស្ត្រីខ្មែររូបនេះត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគ COVID-19 នៅល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បានស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៊ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
ក្រៅពីក្រុមគ្រួសារស្ត្រីរូបនោះ និងក្រុមគ្រួសារ មានស្ត្រីខ្មែរអាមេរិកកាំង ១ នាក់ទៀតអាយុ ៣១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងប៉ៃលិន ធ្វើដំណើរពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីថ្ងៃ ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយក្រោយលទ្ធផលតេស្តវិជ្ជមានស្រ្តីរូបនោះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ថ្ងៃនេះក៏មានអ្នកជាសះស្បើយថែម ២ ករណីទៀតដែរ មានបុរសខ្មែរអាយុ ៥៩ ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ ៣១ ឆ្នាំជាអង្គរក្សការពារគណប្រតិភូហុងគ្រី។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ៣១៥ នាក់ (ស្ត្រី៦៦ នាក់ និងបុរស ២៤៩ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ៣០១ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ១១ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៧ និងស្ត្រី ៣ នាក់ និងនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ៣ នាក់ ស្រី ២ ព្រមទាំងបុរស ១ នាក់។
[embed-health-tool-bmi]