គ្រូពេទ្យនៅវិទ្យស្ថានវេជ្ជសាស្រ្តមួយក្នុងប្រទេសឥណ្ឌា បានលើកឡើងថាអាការៈក្អួត ចង្អោរ និងរាក ក៏ជាសញ្ញាមួយរបស់អ្នកឆ្លងជំងឺកូវីដ១៩ ដែរ បើទោះបីជាមិនមានចេញរោគសញ្ញាទាក់ទងនឹងផ្លូវដង្ហើមក៏ដោយ។
គ្រូពេទ្យនៅ All India Institute of Medical Sciences របស់ឥណ្ឌាបានលើកឡើង និងត្រូវដកស្រង់សម្ដីមកចុះផ្សាយនៅលើវិបសាយសុខភាព Healthshots ថាអ្នកជំងឺកូវីដ១៩ ពី១០ទៅ១៥ភាគរយដែលបានមកកាន់មន្ទីរពេទ្យគឺមានរោគសញ្ញាដូចជារាក ចង្អោរ និងក្អួត ជាជាងមានរោគសញ្ញាក្អក ពិបាកដកដង្ហើម ឬឈឺក។
ក្រុមគ្រួពេទ្យដដែលក៏ឲ្យដឹងទៀតថាអ្នកជំងឺកូវីដ១៩ អាចលេចចេញបញ្ហាផ្សេងទៀតដូចជាគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល បញ្ហាកំណកឈាម ខ្សោយតម្រងនោម ឬថ្លើម ទៀតផង។
គ្រូពេទ្យរបស់វិទ្យាស្ថានដដែលបន្ថែមថា៖ «ចំនួនអ្នកជំងឺកូវីដ១៩ ចន្លោះពី១០ ទៅ១៥ភាគរយ អាចចេញរោគសញ្ញាតែទាក់ទងនឹងបញ្ហាក្រពះពោះវៀន ហើយគ្មានចេញរោគសញ្ញាលើប្រព័ន្ធផ្លូវដង្ហើមទេ។ ដូចនេះវាជាការចាំបាច់ដែលយើងត្រូវធ្វើតេស្តអ្នកមានរោគសញ្ញាទាក់ទងនឹងក្រពះពោះវៀន ប្រសិនជាអ្នកនោះបានប៉ះពាល់ជាមួយអ្នកមានឆ្លងកូវីដ១៩ ពីមុនមក»។
ក្រៅពីរោគសញ្ញាទាក់ទងនឹងក្រពះពោះវៀន ក្រុមគ្រូពេទ្យក៏បញ្ជាក់ដែរថា កូវីដ១៩ ក៏នាំឲ្យមានបញ្ហាកំណកឈាម បញ្ហាលើបេះដូង និងខួរក្បាល បញ្ហាតម្រងនោម និងរោគសញ្ញាមួយចំនួននៅលើស្បែកផងដែរ។
[embed-health-tool-bmi]