ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ឲ្យបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយតាមបណ្តាញសង្គម ហ្វេសប៊ុក នូវថ្នាំបំប៉នផ្លូវភេទបុរស Résistance។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ ក្រសួងបានបញ្ជាក់ថា ថ្នាំខាងលើនេះគ្មានការចុះបញ្ជិកា និងការអនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ។ ក្នុងនោះក្រសួងបានពិនិត្យឃើញគណនីបណ្តាញសង្គម ហ្វេសប៊ុក ចំនួន៧ បានកំពុងផ្សព្វផ្សាយលក់ថ្នាំបំប៉នផ្លូវភេទបុរស Résistance ភូតកុហក បំផ្លើសហួសពីការពិតថា ថ្នាំនេះជាផលិតផលមានគុណភាពខ្ពស់ មកពីប្រទេសបារាំង។ ផេកទាំងនោះរួមមាន៖
១. បុរសខ្លាំងពិត
២. កន្និដ្ឋា លក់ផលិតផលមកពីបារាំង
៣. Resistance បុរសខ្លាំង
៤. សុខភាពរបស់បុរស
៥. ស្តេចថ្នាំ ជំនួយសុខភាព
៦. បុរសខ្លាំង
៧. Sovavann healthy shops
ក្នុងសេចក្តីជូនដំណឹងដដែលនោះ ក្រសួងសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំជឿលើការឃោសនាបោកប្រាស់ និងឈប់ប្រើប្រាស់ថ្នាំបំប៉នផ្លូវភេទ Résistance ជាបន្ទាន់ ព្រោះអាចប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារគាំងបេះដូង)។
ក្រៅពីនោះ ក្រសួងសុខាភិបាលបានតម្រូវឲ្យម្ចាស់គណនីទាំង៧ ខាងលើ បញ្ឈប់ការនាំចូល ផ្សព្វផ្សាយ លក់ ឬចែកចាយ ថ្នាំបំប៉នផ្លូវភេទបុរស Résistance ព្រមទាំងប្រមូលមកកម្ទេចចោល។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុង របស់ក្រសួងសុខាភិបាល៖
កាលពីចុងខែ មករា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងសុខាភិបាលបានចាត់វិធានការដូចគ្នានេះលើថ្នាំបំប៉នផ្លូវភេទបុរសឈ្មោះ RECHERCHÉ៕
[embed-health-tool-bmi]