ក្រោយករណីស្លាប់បង្កឡើងដោយការបរិភោគត្រីក្រពតនៅតែបន្តកើតមាន ពិសេសថ្មីៗនេះគ្រួសារមួយនៅខេត្តបន្ទាយមានជ័យ ពុលត្រីក្រពតបណ្តាលឲ្យឈឺ ៥ នាក់ ក្នុងនោះស្លាប់ ១នាក់ ក្រសួងសុខាភិបាល បានចេញប្រកាសហាមមិនឲ្យញ៉ាំត្រីក្រពត ៣ ប្រភេទ ដែលមានជាតិពុល។
តាមការសិក្សាជ្រាវ ត្រីក្រពតនៅក្នុងប្រទេសកម្ពុជាមានចំនួន១០ ប្រភេទ ក្នុងនោះមាន ៣ ប្រភេទ មានជាតិពុល រួមមាន Tetraodon cochinchinesis, Monotrete leiurus និង Tetraodon fluviatilis។ ការបរិភាគត្រីក្រពតទាំង ៣ ប្រភេទនេះអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ ពិសេសជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល អាចបណ្តាលឲ្យស្លាប់។
ត្រីក្រពតទាំង ៣ ប្រភេទខាងលើមានជាតិពុលកាន់តែខ្ពស់នៅរដូវពងកូនបន្តពូជ ក្នុងអំឡុងខែកុម្ភៈ មីនា និងចន្លោះខែ កក្កដា-កញ្ញា។ កម្រិតជាតិពុលមានខ្ពស់បំផុតនៅក្នុងពង មេជីវិត ថ្លើម ពោះវៀន សែ្បក និងសាច់ត្រីក្រពត។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទោះបីជាត្រីក្រពតទាំងនេះបានចម្អិនរួច ឬដាក់ឲ្យកកក្តី ក៏មិនអាចកម្ចាត់ជាតិពុលពីក្នុងខ្លួនវាបានឡើយ ដូច្នេះសូមប្រជាពលរដ្ឋកុំបរិភោគឲ្យសោះ។
សូមសម្គាល់ត្រីក្រពតពុល តាមរូបខាងលើ
១- រោគសញ្ញា
បន្ទាប់ពីបរិភោគត្រីក្រពតដែលមានជាតិពុលទាំង ៣ ប្រភេទខាងលើនេះ ចន្លោះពី ២០នាទី-២ ម៉ោង រោគសញ្ញានឹងលេចចេញឡើង។
– រមាស់ចាក់ៗនៅបបូរមាត់ និងមាត់
– ឈឺក្បាល វិលមុខ
– រមាស់ចាក់នៅចុងដៃចុងជើង
– ពិបាកនិយាយ
– បាត់លំនឹងដងខ្លួន
– ខ្សោយសាច់ដុំ
– ស្ពឹកចុងដៃចុងជើង
– ក្អួត
– រាក
– ល្ហិតល្ហៃ
– រឹងថ្គាម អាចបណ្តាលឲ្យស្លាប់។
២- វិធីសង្គ្រោះបន្ទាន់
ក្រោយពុលភ្លាមៗ យើងអាចធ្វើឲ្យក្អួត ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក និងត្រូវប្រញាប់នាំអ្នកពុលត្រីក្រពតទៅមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យជួយសង្រ្គោះបានទាន់ពេលវេលា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]