បច្ចុប្បន្ន ស្រុកទេសកាន់តែសម្បូរសប្បាយ របស់ញ៉ាំក៏កាន់តែច្រើន ថែមទាំងច្រើនជម្រើសទៀត តែបើញ៉ាំមិនចេះគិត ឡើងគីឡូស្រឺតៗ កាន់តែងាយ ហើយចង់ស្រកវិញ កាម៉ាប់ៗគ្នាយើង ពិបាកបន្តិចហើយ។ ប៉ុន្តែឈប់បារម្ភទៀត ទ្រាំតែតិចទៀត លែងពិបាកដូចយើងគិតហើយ ព្រោះសិង្ហបុរីកំពុងរៀបចំផលិតថ្នាំសម្រកទម្ងន់ពិសេសសម្រាប់យើង។
អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang និងសាកលវិទ្យាល័យជាតិប្រព័ន្ធសុខាភិបាល ប្រទេសសិង្ហបុរី បង្កើតថ្នាំគ្រាប់ ១ប្រភេទ ដើម្បីឲ្យអ្នកលេប មានអារម្មណ៍ឆ្អែត អាចជួយគ្រប់គ្រងទម្ងន់បានល្អ។ ថ្នាំគ្រាប់នេះ ត្រូវគេឲ្យឈ្មោះ អង់ដូភីល មានប្រវែង ៣សង់ទីម៉ែត្រ ដោយ ១សង់ទីម៉ែត្រ ជាប៉ោងប៉ោង អាចរីកដោយខ្លួនឯង ជាមួយនឹងមេដែកមួយ នៅក្នុងពោះវៀន ក្រោយលេបថ្នាំនេះ។ ថ្នាំនេះ អាចផឹកជាមួយទឹក ដូចថ្នាំទូទៅ។
លោកសាស្ត្រាចារ្យ Louis Phee ព្រឹទ្ធបុរសផ្នែកវិស្វកម្ម នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ពន្យល់ថា វាមានប្រតិកម្មគីមីមួយក្នុងថ្នាំ ជាមួយនឹងឧស្ម័ន។ លោកបញ្ជាក់ថា “យើងមានសន្ទះបិត-បើកមួយ ភ្ជាប់ទៅមេដែកនៅក្នុងថ្នាំ ដោយម្ខាងសម្រាប់ផ្ទុកអាស៊ីដ ក្នុងនោះមានទាំងអាស៊ីស៊ីទ្រីកផងដែរ ដោយម្ខាងទៀតមាន ប៉ូតាស្យូមប៊ីកាបូណា ហើយពេលផ្សំសារធាតុគីមី ២ នេះចូលគ្នា នឹងផលិតជាកាបូនឌីអុកស៊ីត“។ សារធាតុគីមីក្នុងថ្នាំ គឺផ្សំធម្មជាតិ ដែលប្រើប្រាស់រាល់ថ្ងៃនៅតាមផ្ទះ ដូចជា ទឹកក្រូច និងភេសជ្ជៈផ្អែមជាដើម។
ក្រោយលេបថ្នាំហើយ អ្នកសិក្សា ប្រើមេដែកខាងក្រៅ ១ទៀត ដើម្បីបង្កើតប្រតិកម្មគីមី ផលិតឱស្ម័ន ធ្វើឲ្យប៉ោងប៉ោង រីកធំនៅក្នុងពោះវៀន។ បន្ទាប់មក ប៉ោងប៉ោង នឹងចល័តទៅផ្នែកខាងលើនៃពោះវៀន។ ផ្នែកខាងលើនៃពោះវៀន ជាអ្នកកំណត់ការឃ្លានចំណីអាហារ ដូច្នេះពេលប៉ោងប៉ោង ចល័តទៅខាងលើ វានឹងធ្វើឲ្យមានអារម្មណ៍ឆ្អែត។ ប៉ោងប៉ោង អាចរីកបានទំហំ ១២០ មីល្លីលីត្រ ឬប៉ុនដំឡូងបារាំងតូចមួយ។
អ្នកស្រាវជ្រាវ អះអាងថា ប៉ោងប៉ោង ស្ថិតនៅក្នុងរាងកាយមនុស្ស ២-៤ សប្ដាហ៍ បន្ទាប់មកវានឹងរួមមាឌវិញ ហើយចេញពីខ្លួនតាមធម្មជាតិ។
អត្ថបទពាក់ព័ន្ធ៖
សម្រាប់បញ្ហាប្រឈមវិញ វាពាក់ព័ន្ធនឹងការរីកប៉ោងប៉ោងនៅក្នុងពោះវៀន។ បើវារីកលឿនពេក វានឹងធ្វើឲ្យផ្នែកភ្ជាប់បំពង់អាហារ និងពោះវៀន (Oesophagus) បែកធ្លាយ ខណៈក្នុងករណីរីកលឿនពេកក្នុងពោះវៀនតូច និងបណ្ដាលឲ្យរាំងស្ទះ។
[embed-health-tool-bmi]