កាលពីដើមខែនេះ “Hello គ្រូពេទ្យ’ បានបង្ហាញប្រិយមិត្តថា ពិសខ្យាដំរី មានតម្លៃខ្ពស់ ១លីត្រ ជាង ១០លានដុល្លារ ដោយនាំពីប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់អាមេរិក និងអឺរ៉ុប ដើម្បីផលិតជាឱសថ។ ពេលនេះ ពេទ្យម៉ិកស៊ីក អាចប្រើពិសខ្យាដំរី សម្លាប់បាក់តេរីបង្កជំងឺរបេង និងបាក់តេរីលើស្បែក ហើយថែមទាំងគ្មានគ្រោះថ្នាក់ដោយជាតិពិសនោះទេ។
ការសិក្សានេះ ធ្វើឡើងដោយសាស្ត្រាចារ្យ Richard Zare មកពីសាកលវិទ្យាល័យ Stanford របស់អង់គ្លេស និងសាស្ត្រាចារ្យ Lourival Possani មកពីសាកលវិទ្យាល័យជាតិស្វ័យត ម៉ិកស៊ិក។ អ្នកស្រាវជ្រាវទាំងពីរ រកឃើញសមាសធាតុគីមីចំនួន ២ នៅក្នុងពិសខ្យាដំរី ដែលហៅថា Benzoquinones។ សមាសធាតុគីមីក្នុងពិសខ្យាដំរីនេះ ត្រូវបញ្ជូនទៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល និងអាហារូបត្ថម្ភ Salvador Zubiran ដើម្បីសាកល្បង។
ក្រុមអ្នកស្រាវជ្រាវ រកឃើញថា សមាសធាតុ Benzoquinone ពណ៌ក្រហម អាចសម្លាប់មេរោគស្បែក Staphylococcus យ៉ាងមានប្រសិទ្ធភាព។ ចំណែកសមាសធាតុ Benzoquinone ពណ៌ខៀវ អាចសម្លាប់បាក់តេរីបង្កជំងឺរបេង ទាំងបាក់តេរីធម្មតា និងបាក់តេរីស៊ាំនឹងថ្នាំ។ លោកសាស្ត្រាចារ្យ Richard Zare បញ្ជាក់ថា “យើងឃើញថា សមាសធាតុគីមីទាំងនេះ បានសម្លាប់បាក់តេរី ប៉ុន្ដែមានសំណួរមួយ តើវា (សមាសធាតុគីមីក្នុងពិសខ្យាដំរី) នឹងសម្លាប់អ្នកជំងឺទេ?“។
លោកវេជ្ជបណ្ឌិត Rogelio Hernandez-Pando ធ្វើការនៅទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល និងអាហារូបត្ថម្ភ Salvador Zubiran បញ្ជាក់ថា សមាសធាតុគីមីក្នុងពិសខ្យាដំរីនេះ មិនប៉ះពាល់ដល់អ្នកជំងឺនោះទេ។
អត្ថបទពាក់ព័ន្ធ៖ ពិសខ្យាដំរី មួយលីត្រ តម្លៃខ្ពស់ជាង ១០លានដុល្លារ ព្រោះផលិតជាថ្នាំព្យាបាលមហារីកបាន
ទោះបីជាក្រុមអ្នកស្រាវជ្រាវ អាចប្រើពិសខ្យាដំរី ដើម្បីសម្លាប់បាក់តេរីបានយ៉ាងមានប្រសិទ្ធភាពមែន ប៉ុន្ដែពិសដែលអាចប្រមូលបាន មានតិចតួចមែនទែន។ ជាក់ស្ដែងក្នុងសិក្សានេះ អ្នកស្រាវជ្រាវ មានពិសខ្យាដំរី ត្រឹមតែ ០,៥ មីក្រូលីត្រ តិចជាងបរិមាណឈាមដែលមូសខាំ ១០ ដង។ ពិសខ្យាដំរី ជាសារធាតុមានតម្លៃខ្ពស់មួយនៅលើពិភពលោក ដោយថ្លៃប្រមាណ ៣៩ លានដុល្លារ/ហ្គាឡុន (Gallon) ហើយ ១ហ្គាឡុន ស្មើ ៣,៧៨៥៤ លីត្រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]