នៅឆ្នាំ២០១៩ វៀតណាម បានរងគ្រោះយ៉ាងខ្លាំង ដោយជំងឺផ្ដាសាយជ្រូក រាលដាលស្ទើរតែគ្រប់ខេត្តទាំងអស់ ហើយបង្ខំឲ្យអាជ្ញាធរ និងម្ចាស់កសិដ្ឋាន សម្លាប់ជ្រូករាប់លានក្បាល។ តែពេលនេះ វៀតណាមរាយការណ៍ថា បានទទួលលទ្ធផលវិជ្ជមានលើការផលិតវ៉ាក់សាំងជំងឺផ្ដាសាយជ្រូក។
សាកលវិទ្យាល័យជាតិកសិកម្មវៀតណាម (VNUA) ចាប់ផ្ដើមស្រាវជ្រាវវ៉ាក់សាំងនេះ តាំងពីចុងខែ មីនា ដោយផលិតវ៉ាក់សាំង ៤ ប្រភេទ។ វ៉ាក់សាំង ១ប្រភេទ ក្នុងចំណោមវ៉ាក់សាំងទាំង ៤ ប្រភេទនេះ បានបង្ហាញលទ្ធផលល្អ ដោយជ្រូកដែលយកមកតេស្ដសាកល្បង ១៤ក្បាល មានតែ ១ក្បាលប៉ុណ្ណោះ បានងាប់ដោយសារមេរោគជំងឺផ្ដាសាយជ្រូក។
សាកលវិទ្យាល័យដដែលនេះ បញ្ជាក់ថា វ៉ាក់សាំងផ្តាសាយជ្រូក មានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព។ ចំណែករដ្ឋមន្រ្តីក្រសួងកសិកម្ម វៀតណាម លោក Nguyen Xuan Cuong បញ្ជាក់ថា លោកនឹងបញ្ជូនក្រុមអ្នកជំនាញ ទៅធ្វើការជាមួយសាកលវិទ្យាល័យជាតិកសិកម្ម ដើម្បីផលិតវ៉ាក់សាំងនេះ។
អត្ថបទពាក់ព័ន្ធ៖
- វៀតណាម ដាក់បម្រាមតឹងរ៉ឹងក្រោយផ្ដាសាយជ្រូកផ្ទុះឡើងយ៉ាងគំហុក
- វៀតណាមសម្លាប់ជ្រូក ២លានក្បាល ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិកផ្ទុះកាន់តែខ្លាំង
គួរបញ្ជាក់ថា ជំងឺផ្ដាសាយជ្រូក បានរាលដាលចូលក្នុងខេត្តចំនួន ៦០/៦៣ របស់វៀតណាម ហើយជ្រូក ជិត ៣លានក្បាល ស្មើ ១០% នៃជ្រូកសរុបក្នុងប្រទេស ត្រូវសម្លាប់ចោល។ វៀតណាម រាយការណ៍ថា បានខាតបង់ប្រមាណ ១៥៤,៧៧ លានដុល្លារ ដោយសារបញ្ហានេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]