បញ្ហាបរាជ័យ បាក់ទឹកចិត្ដ (Depression) អារម្មណ៍សោកសៅ បាត់បង់ចំណង់លើការចូលចិត្តពីមុន និងបញ្ហាជុំវិញខ្លួនផ្សេងទៀត ជិះឥទ្ធិពលខ្លាំងដល់ផ្លូវទឹកចិត្ត ហើយងាយជំរុញឲ្យពួកគេ លែងចង់រស់នៅបន្ត ហើយប៉ងបញ្ចប់ជីវិត។ ជាក់ស្ដែង នៅថៃ ចំនួនអ្នកប៉ងសម្លាប់ខ្លួន បន្ដកើនឡើងដល់ ប្រមាណ ៥៣.០០០នាក់ នៅឆ្នាំ២០១៨ នៅប្រកៀកប្រកិតជប៉ុន និងកូរ៉េខាងត្បូង។
នាយកដ្ឋានសុខភាពផ្លូវចិត្តថៃ បញ្ជាក់ថា នៅឆ្នាំ២០១៨ អ្នកប៉ុនប៉ងអត្តឃាត មានប្រមាណ ៥៣.០០០នាក់ ឬ ជាមធ្យម ៦នាក់/ម៉ោង ហើយមនុស្ស ប្រមាណ ៤.០០០នាក់ បានស្លាប់។ លោក Kiattiphum Wongrajit ប្រធាននាយកដ្ឋាននេះ បញ្ជាក់ថា បញ្ហាបាក់ទឹកចិត្ត ទំនាក់ទំនងបរាជ័យ និងការប្រើប្រាស់សារធាតុញៀនហួសកម្រិត ជាមូលហេតុចម្បង នាំឲ្យមនុស្សសម្រេចចិត្តធ្វើអត្តឃាត។
លោកបន្តថា អត្រាអ្នកប៉ុនប៉ងអត្តឃាត បានកើនឡើងដល់ ៦,១១នាក់/ម៉ោង បើធៀបនឹងឆ្នាំ២០១៧ ដែលមានត្រឹម ៦,០៣នាក់/ម៉ោង។ ក្នុងនោះ អត្រាអត្តឃាត ក្នុងចំណោមបុរស ខ្ពស់ជាងស្ត្រី ចំនួន ៤ដង ហើយក្រុមបុរសប៉ុនប៉ងអត្តឃាតច្រើនជាងគេ មានអាយុពី ៣៥-៣៦ឆ្នាំ ចំណែកស្ត្រីវិញ ពីអាយុ ៥០-៥៤ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖ ក្បួនងាយៗជួយឲ្យសុខភាពផ្លូវចិត្តល្អ
ក្រៅពីនេះ ក្រុមងាយរងគ្រោះផ្សេងទៀត មានដូចជា អ្នកមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ អ្នកបាត់បង់មនុស្សជិតស្និទ្ធិភ្លាមៗ អ្នកគេងមិនលក់រ៉ាំរ៉ៃ អ្នកមានអារម្មណ៍ឡើង-ចុះលឿន និងអ្នកធ្លាប់ប៉ុនប៉ងអត្ដឃាតពីមុន។
លោកប្រធាននាយកដ្ឋានដដែលបន្ថែមថា ពាក់ព័ន្ធបញ្ហានេះ ចាំបាច់ត្រូវមានការយល់ដឹងជាសាធារណៈអំពីបញ្ហាអត្តឃាត និងវិធីដោះស្រាយ។
គួរបញ្ជាក់ថា នៅតំបន់អាស៊ីយើង កូរ៉េខាងត្បូង ជាប្រទេសមានអត្រាអត្តឃាតច្រើនជាងគេ រហូតដល់ ២៦,៩នាក់/១០ម៉ឺននាក់ ដោយភាគច្រើន ជាមនុស្សវ័យចំណាស់។ បន្ទាប់មក ជប៉ុន មានអត្រាអត្ដឃាត ១៨,៥នាក់/១០ម៉ឺននាក់ ដោយភាគច្រើនជាយុវជន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]