មកដល់ពេលនេះជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះចំនួន ៤ ខេត្ត ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ និងស្វាយរៀង។ កត្តានេះបង្កឲ្យកសិករចិញ្ចឹមជ្រូកមានព្រួយបារម្ភជាខ្លាំង ឯពលរដ្ឋធម្មតាវិញ លែងហ៊ានបរិភោគសាច់ជ្រូក ខ្លាចក្រែងទិញប៉ះជ្រូកឈឺ ប៉ះពាល់សុខភាព។
នៅថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឆ្លើយតបនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងខ្លាំងលើសត្វជ្រូក ដែលបណ្តាលឲ្យជ្រូកឈឺ និងងាប់ច្រើន តែជំងឺនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សទេ។
ទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងដល់មនុស្ស និងប៉ះពាល់ដល់សុខភាពមនុស្សពិតមែន តែយើងមិនត្រូវញ៉ាំសាច់សត្វដែលមានជំងឺនោះទេ ហើយរាល់សាច់សត្វទាំងអស់ត្រូវចម្អិនឲ្យឆ្អិនល្អ ព្រោះវីរុសដែលបង្កជំងឺប៉េស្តអាហ្វ្រិកមានភាពធន់នៅក្នុងផលិតផលសាច់ជ្រូក និងបរិយាកាសខាងក្រៅ រហូតដល់ ១០០០ ថ្ងៃឯណោះ។ នេះបើតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកជាជំងឺឆ្លងធ្ងន់ធ្ងរ គ្មានវិធីព្យាបាល និងវ៉ាក់សាំងការពារនោះទេ វាបង្កឡើងដោយវីរុស ឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមរយៈការចម្លងដោយផ្ទាល់ ឬប្រយោល ហើយជ្រូកដែលឆ្លងវីរុសនេះអត្រាស្លាប់ស្ទើរតែ ១០០%។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរាលដាលលើជ្រូកនៅខេត្តរតនគិរីដំបូងគេបង្អស់ កាលពីខែ មីនា ឆ្នាំ ២០១៩។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]