HPV (Human papillomavirus) ជាមេរោគមួយប្រភេទងាយបង្កជំងឺនៅតំបន់ជុំវិញ និងក្នុងប្រដាប់ភេទ ហើយច្រើនកើតឡើងនៅលើមនុស្សពេញវ័យទាំងពីរភេទ។ គេបានរកឃើញថា ពាក់កណ្ដាល ក្នុងចំណោមអ្នកធ្លាប់រួមភេទ មានឆ្លងមេរោគ HPV យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិត។ ប៉ុន្តែរឿងដែលភ្ញាក់ផ្អើលនោះ មនុស្សភាគច្រើនមិនបានដឹងថា បានឆ្លងមេរោគមួយនេះឡើយ ដោយសារតែមេរោគ មិនងាយបង្ហាញរោគសញ្ញាឲ្យយើងដឹង។
មន្ត្រីសុខាភិបាលអង់គ្លេស នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បានប្រកាស ពន្យារកម្មវិធីវ៉ាក់សាំង HPV ដល់ក្មេងប្រុសៗ និងស្រីៗ ក្នុងគោលបំណងបង្ការមហារីកមាត់ស្បូន ប្រមាណ ៦៤.០០០ករណី និងមហារីកប្រដាប់ភេទ មាត់ និងរន្ធគូទ ប្រមាណ ៥០.០០០ករណីទៀត នៅរយៈពេល ៤០ឆ្នាំខាងមុខ។
ទីភ្នាក់ងារសុខាភិបាលអង់គ្លេស ប្រកាសថា ចាប់ពីខែកញ្ញា ខាងមុខ ក្មេងប្រុស អាយុពី ១២-១៣ឆ្នាំ នឹងទទួលបានការចាក់វ៉ាក់សាំង HPV ដែលជាផ្នែកមួយ នៃកម្មវិធីសុខាភិបាលរបស់រដ្ឋាភិបាល។
ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០០៨ ការឆ្លងមេរោគ HPV លើក្មេងស្រីអង់គ្លេស អាយុពី ១៦-២១ឆ្នាំ បានធ្លាក់ចុះ ៨៦% ចំណែកនៅស្កុតឡែន វិញ វ៉ាក់សាំងនេះ បានជួយកាត់បន្ថយជំងឺបម្រុងមហារីក រហូតដល់ ៧១%។
អត្ថបទពាក់ព័ន្ធ៖ ដឹងមូលហេតុបង្ក និងរោគសញ្ញា ទើបការពារខ្លួនពីមេរោគ HPV
លោក Robin Weiss សាស្ត្រាចារ្យផ្នែកជំងឺមហារីក នៅមហាវិទ្យាល័យក្រុងឡុងដ៏ លើកឡើងថា វ៉ាក់សាំង HPV បានការពារក្មេងស្រី ពីជំងឺមហារីកមាត់ស្បូន រយៈពេល ១០ឆ្នាំមកហើយ ដូច្នេះក្មេងប្រុស ដែលទទួលបានវ៉ាក់សាំង នឹងមិនកើតមហារីកលើប្រដាប់ភេទ រន្ធគូទ និងមហារីកផ្សេងទៀតដូចគ្នា។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]