បុរសជនជាតិអាមេរិកម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលទៅកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រមួយកន្លែង ក្នុងរដ្ឋ Florida ដោយក្រុមគ្រូពេទ្យរកឃើញថា មូលហេតុស្លាប់ គឺដោយសារពពួកបាក់តេរីស៊ីសាច់ រស់នៅក្នុងប្រភពទឹក។
តាមសារព័ត៌មាន CNN យុវតី Cheryl Bennett Wiygul ត្រូវជាកូនស្រី បុរសបាត់បង់ជីវិតខាងលើ បានឲ្យដឹងថា ប៉ារបស់នាង បាននាំគ្រួសារទៅវិស្សមកាលនៅឆ្នេរសមុទ្រ និងទីធម្មជាតិ ដូចទម្លាប់ធម្មតា។ នាង និងប៉ាម៉ាក់ នាងបានទៅលេង និងបានងូតទឹកបឹង នៅតំបន់ Okaloosa រដ្ឋ Florida ហើយបានងូតទឹកសមុទ្រ នៅឆ្នេរ Destin នៃរដ្ឋនេះទៀតផង។
តែរឿងរ៉ាវអាក្រក់បានកើតឡើង ពោលគឺនៅប៉ុន្មានក្រោយចូលសម្រាកពេលយប់ ប៉ារបស់ Cheryl បានលេចចេញអាការៈគ្រុនញាក់ ស្រៀវស្រាញ និងរមួលក្រពើ និងបានបញ្ជូនទៅមន្ទីរនៅជិតបំផុត ប៉ុន្តែស្ថានភាពកាន់តែធ្ងន់ធ្ងរ រហូតត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ហើយពេលបញ្ជូនដល់បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យក៏ប្រទះឃើញចំណុចខ្មៅធំៗ លេចឡើងលើស្បែកបុរសខាងលើផងដែរ។
រហូតព្រឹកថ្ងៃបន្ទាប់ ទោះបីក្រុមគ្រូពេទ្យខំព្យាយាមអស់លទ្ធភាពយ៉ាងណា ក៏បុរសជាឪពុករបស់ Cheryl បានបាត់បង់ជីវិតទៅហើយ។ គ្រូពេទ្យបានអះអាងថា ធ្វើឲ្យប៉ារបស់ Cheryl ស្លាប់ដោយសារបាក់តេរី ឈ្មោះ Vibrio Vulnificus ជាពពួកបាក់តេរីស៊ីសាច់ ហើយច្រើនរស់នៅតាមបឹងធម្មជាតិ ឬទឹកសមុទ្រ។
ក្រោយពីកើតហេតុនេះ គ្រួសាររបស់ Cheryl បានអំពាវនាវ ឲ្យអាជ្ញធរមានវិធានការ ដាក់បម្រាម ឬប្រកាសនៅតំបន់ណា អាចមានបាក់តេរីប្រភេទនេះ ដើម្បីឲ្យមានការប្រុងប្រយ័ត្ន។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ទៅពេទ្យវៀតណាម ត្រូវប្រយ័ត្ន! ទីនោះសម្បូរបាក់តេរីស៊ាំថ្នាំច្រើនណាស់
- អស្ចារ្យ! ពេទ្យប្រើពិសខ្យាដំរី សម្លាប់បាក់តេរីបង្កជំងឺដល់ទៅ២មុខ
តាមរបាយការណ៍ មជ្ឈមណ្ឌល បង្ការ និងគ្រប់គ្រងជំងឺ នៅអាមេរិក ដោយសារបាក់តេរី ប្រភេទខាងលើ យ៉ាងហោចណាស់ មានជនរងគ្រោះ ៨០.០០០នាក់ បានធ្លាក់ខ្លួនឈឺ ដោយក្នុងនោះមាន ១០០ករណី បានស្លាប់ ក្នុងនោះករណីភាគច្រើន ស្លាប់ដោយសារប្រភេទបាក់តេរីនេះ នៅពេលជនរងគ្រោះញ៉ាំអាហារសមុទ្រ ចម្អិនមិនឆ្អិនល្អ និងករណីមានរបួស ហើយប៉ះត្រូវចំទឹកសមុទ្រ មានបាក់តេរីនេះរស់នៅ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]