ជាយូរមកហើយ ការព្យាបាលជំងឺមហារីក គឺធ្វើឡើងតាមរយៈការវះកាត់ ថ្នាំគីមី និងវិទ្យុសកម្ម។ តែចុងក្រោយនេះ អ្នកវិទ្យាសាស្ត្រ បានងាកមកផ្ដោតលើមធ្យោបាយព្យាបាលជំងឺមហារីក តាមរយៈការបង្កើនកម្លាំងប្រព័ន្ធការពារ ទៅបំផ្លាញដុំកោសិកាមហារីកវិញ។
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts របស់អាមេរិក បានធ្វើការសិក្សាមួយ ដោយប្រើមធ្យោបាយបង្កើនប្រព័ន្ធការពារ ហៅថា CAR-T Cell ដើម្បីទៅបំផ្លាញដុំសាច់កោសិកាមហារីករឹងៗ។ ដំបូងអ្នកវិទ្យាសាស្ត្រ បានបូមឈាម ហើយបំបែកកោសិកា T (T Cell) ចេញពីឈាម។ បន្ទាប់មក យកកោសិកា T នេះ ទៅកែប្រែក្នុងមន្ទីរពិសោន៍ ដោយប្រើវីរុសមិនបង្កជំងឺមួយ ដើម្បីបង្កើតភ្នាក់ងារទទួល (Receptor)។ នៅពេលចាក់បញ្ចូលកោសិកា T ចូលក្នុងឈាមវិញ ភ្នាក់ងារទទួល ជួយឲ្យកោសិកា T ដែលជាកោសិកាប្រព័ន្ធការពារ ស្គាល់ និងប្រឆាំងនឹងដុំសាច់មហារីក។
ប៉ុន្ដែមធ្យោបាយព្យាបាលមហារីក CAR-T នេះ មិនមានប្រសិទ្ធភាពលើដុំសាច់រឹងៗនោះទេ ដោយសារកោសិកា T អាចទៅដល់ត្រឹមភ្នាក់ងារទទួលរបស់កោសិកាមហារីក។ ដូច្នេះ អ្នកវិទ្យាសាស្ត្រ ឈានដល់ការប្រើវ៉ាក់សាំង បញ្ជូនទៅក្រពេញទឹករងៃ ដើម្បីបង្កើនការផលិតកោសិកា T។
អ្នកវិទ្យាសាស្ត្រ រកឃើញថា ពួកគេអាចចាក់បញ្ចូនវ៉ាក់សាំង ទៅក្រពេញទឹករងៃដោយប្រសិទ្ធភាព តាមរយៈការភ្ជាប់វ៉ាក់សាំងជាមួយម៉ូលេគុលអាស៊ីតខ្លាញ់។ មូលេគុលអាស៊ីតខ្លាញ់នេះ បានភ្ជាប់ជាមួយប្រូតេអ៊ីន ( Albumin) នៅក្នុងឈាម។ នៅពេលសាកល្បងមធ្យោបាយនេះ លើសត្វកណ្ដុរ លទ្ធផលបង្ហាញថា វ៉ាក់សាំងបានបង្កើនកោសិកា T។ ២សប្ដាហ៍ក្រោយការព្យាបាល កោសិកា CAR-T ផលិតបានរហូត ៦០% នៃកោសិកា T នៅក្នុងសត្វកណ្ដុរ។ មធ្យោបាយព្យាបាលនេះ បានកម្ចាស់ដុំសាច់ក្នុងសត្វកណ្ដុរ ដែលមានជំងឺមហារីកសុដន់ មហារីកស្បែក និងមហារីកខួរក្បាល។
អត្ថបទពាក់ព័ន្ធ៖
- កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ
- ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន
វ៉ាក់សាំង ដែលយកមកធ្វើការសាកល្បងនេះ ជារបស់ក្រុមហ៊ុន Elicio Therapeutics។ អ្នកវិទ្យាសាស្ត្រអាមេរិក សង្ឃឹមថា នឹងប្រើវ៉ាក់សាំងនេះ យកទៅសាកល្បងលើមនុស្ស អំឡុងពេល ១ឆ្នាំទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
[embed-health-tool-bmi]