មិនថា ខ្មែរយើង វៀតណាម ឬថៃទេ កំពុងប្រឈមនឹងការផ្ទុះឡើងជំងឺគ្រុនឈាម ដូចគ្នា នៅឆ្នាំ២០១៩នេះ។ ប៉ុន្ដែប្រទេសថៃ មានតួលេខអ្នកស្លាប់ដោយជំងឺគ្រុនឈាមច្រើនជាងគេ គឺរហូតដល់ ៦៥នាក់។
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មនុស្ស ៥៣.៦៩៩នាក់ បានកើតជំងឺគ្រុនឈាម ទូទាំងប្រទេស ដោយមានអត្រា ៨១,២៩ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។ នាយកដ្ឋានបន្ថែមថា តំបន់ភាគឦសាន មានតួលេខខ្ពស់ជាងគេ គឺរហូតដល់ ២៤.១៩៧ករណី តំបន់ភាគខាងត្បូង មាន ៧.៥៦២ករណី តំបន់កណ្ដាល មាន ១៤.៦៩៩នាក់ និងតំបន់ភាគខាងជើង មាន ៧.២៤១ករណី។
នៅដើមសប្ដាហ៍នេះ អាជ្ញាធរសុខាភិបាលខេត្តភាគឦសាន ស៊ីសាកេត បានប្រកាសថា ការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាម ឈានដល់កម្រិតចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ហើយ។ ប្រធានមន្ទីរសុខាភិបាលខេត្តនេះ បានបង្ហាញកង្វល់ពីការរាលដាលជំងឺនេះបន្ដទៀត នៅខែសីហា និងខែកញ្ញា ខាងមុខ។
ខេត្តស៊ីសាកេតនេះ មានអ្នកកើតជំងឺគ្រុនឈាម ចំនួន ១.៦៦៤នាក់ និងស្លាប់ ៧នាក់ ដោយភាគច្រើន នៃអ្នកកើតជំងឺគ្រុនឈាម ជាសិស្ស មានអាយុពី ១០-១៤ឆ្នាំ។ អត្រាអ្នកើតជំងឺគ្រុនឈាម ក្នុងខេត្តនេះ មាន ១១២,៦០ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ ខណៈអត្រាប្រេវ៉ាឡង់ គឺមិនគួរលើស ៥០ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់នោះទេ។
គួរបញ្ជាក់ដែរ នៅឆ្នាំ២០១៩នេះ ប្រទេសវៀតណាម មានករណីជំងឺគ្រុនឈាម ប្រមាណ ១០៥.០០០ករណី និងស្លាប់ប្រមាណ ១០នាក់ ចំណែកនៅខ្មែរយើង គិតត្រឹមសប្ដាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៩ មានករណីជំងឺគ្រុនឈាម ប្រមាណ ២១.១៣០ករណី និងមានអ្នកស្លាប់ ២៥នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]