ដើមឆ្នាំ២០១៩ ជំងឺកញ្ជ្រឹល កើនឡើង ៣ដង នៅទូទាំងពិភពលោក ដោយប្រទេសអាស៊ាន ចំនួន ២ គឺ ថៃ និងហ្វីលីពីន ស្ថិតនៅក្នុងប្រទេសផ្ទុះជំងឺនេះច្រើនជាងគេ។
អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា រយៈពេល ៧ខែ ដើមឆ្នាំនេះ មានជំងឺកញ្ជ្រឹល ៣៦៤.៨០៨ ករណី នៅទូទាំងពិភពលោក ខណៈរយៈពេលដូចគ្នា នៅឆ្នាំ ២០១៨ ជំងឺកញ្ជ្រឹល មានត្រឹមតែ ១២៩.២៣៩ ករណី។ លោកស្រី Christian Lindmeier អ្នកនាំពាក្យ WHO បញ្ជាក់ថា តួលេខនេះ គឺខ្ពស់បំផុត ចាប់តាំងឆ្នាំ ២០០៦។
អង្គការ WHO បញ្ជាក់ថា តំបន់អាហ្វ្រិក កើនឡើងករណីជំងឺកញ្ជ្រឹលច្រើនជាងគេ គឺរហូតដល់ ៩០០% ខណៈតំបន់ប៉ាស៊ីហ្វិកខាងកើត កើនឡើង ២៣០%។ ចំណែកប្រទេសមានករណីជំងឺកញ្ជ្រឹលខ្ពស់ជាងគេ មានកុងហ្គោ ម៉ាដាហ្កាស្កា អ៊ុយក្រែន អង់ហ្គោឡា ឆាដ កាហ្សាក់ស្ថាន នីហ្សេរីយ៉ា ហ្វីលីពីន ស៊ូដង់ ស៊ូដង់ខាងត្បូង និងថៃ។
អត្ថបទពាក់ព័ន្ធ៖ រាតត្បាតជំងឺកញ្ជ្រឹល នៅអាហ្រ្វិក សម្លាប់មនុស្សជាង ៩០០នាក់
អង្គការដដែលនេះ គូសបញ្ជាក់ថា មូលហេតុនៃការផ្ទុះជំងឺកញ្ជ្រឹល ដោយសារប្រជាជន ពុំបានចាក់វ៉ាក់សាំងការពារ នៅតាមសហគមន៍ និងប្រទេសនានា រួមជាមួយកង្វះការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ការទទួលព័ត៌មានមិនបានត្រឹមត្រូវអំពីវ៉ាក់សាំង និងកង្វះការយល់ដឹងអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំង។ WHO សង្កត់ធ្ងន់ថា វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ជំងឺកញ្ជ្រឹល ជាជំងឺងាយឆ្លង ប៉ុន្តែអាចបង្ការបាន តាមរយៈការចាក់វ៉ាក់សាំង ២ដូស្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]