កញ្ឆា គឺជាសារធាតុហាមឃាត់ នៅតាមបណ្ដាប្រទេសជាច្រើន ក្នុងពិភពលោក តែចុងសប្ដាហ៍មុន ក្រសួងសុខាភិបាលថៃ បានដកកញ្ឆា ចេញពីបញ្ជីខុសច្បាប់។ ទោះជាអាជ្ញាធរ ប្រកាសដូច្នេះ តែមិនទាន់អនុញ្ញាតឲ្យប្រជាជន ដាំដំណាំកញ្ឆាដោយសេរីនៅឡើយទេ។
លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាលថៃ ជឿជាក់ថា សេដ្ឋកិច្ចថៃ នឹងទទួលបានប្រយោជន៍ជាច្រើន ពីការដកបម្រាមនេះ ដោយសារប្រេង និងគ្រាប់កញ្ឆា នឹងត្រូវប្រើប្រាស់ជាសារធាតុផ្សំសម្រាប់ផលិតឱសថ គ្រឿងសម្អាង និងអាហារជាដើម។
តាមប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ សារធាតុចម្រាញ់ចេញពីកញ្ឆា ដែលមានអត្រាសមាសធាតុ Cannabidiol (CBD) និង Tetrahydrocannabinol (THC) មិនលើស ០,០១-០,២% នៃទម្ងន់ អាចប្រើនៅក្នុងឱសថ ឬថ្នាំបុរាណបាន។ ប្រកាសដដែលនេះ ក៏អនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាស្ងួត ដើម កាកសរសៃ និងគ្រាប់កញ្ឆា នៅក្នុងថ្នាំបុរាណ អាហារ និងគ្រឿសម្អាងផងដែរ។
Cannabidiol ជាសមាសធាតុសកម្ម នៅក្នុងកញ្ឆា ដែលជឿថា អាចប្រើក្នុងសារធាតុសម្រាប់ផលិតឱសថជាច្រើន ចំណែក Tetrahydrocannabinol ជាសារធាតុ ដែលមានឥទ្ធពលលើមុខងារខួរក្បាល។
ក្នុងរយៈពេល ៥ឆ្នាំដំបូង គិតចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មានតែអ្នកទទួលបានលិខិតអនុញ្ញាតសម្រាប់ដាំកញ្ឆា នៅក្នុងស្រុកប៉ុណ្ណោះ អាចប្រើផលិតផលកញ្ឆាបានមួយចំនួន ចេញពីការប្រមូលផលដំណាំកញ្ឆារបស់ពួកគេ។ បច្ចុប្បន្ន ក្រសួងសុខាភិបាលថៃ អនុញ្ញាតឲ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍ Highland ដាំដំណាំកញ្ឆានៅខេត្តឈៀងម៉ៃ ឈៀងរ៉ៃ ណាន តាក់ និងផែតឆាប៉ុន។
អត្ថបទពាក់ព័ន្ធ៖
- ថៃ ត្រូវ UN ព្រមានរឿងបើកដៃឲ្យពលរដ្ឋដាំ និងប្រើប្រាស់កញ្ឆាដោយសេរី
- ថៃ ដាក់គោលដៅឲ្យពលរដ្ឋដាំកញ្ឆាបង្កើនចំណូលគ្រួសារ ដើម្បីយកផលិតជាថ្នាំ
ប៉ុន្ដែលោក Niyom Termsrisuk អគ្គលេខាធិការ នៃក្រុមប្រឹក្សាគ្រប់គ្រងសារធាតុញៀន ព្រមានថា ប្រជាជន មិនអនុញ្ញាតឲ្យដាំកញ្ឆាទេ ដោយលោកបញ្ជាក់ថា ការដាំ នាំចេញ នាំចូល លក់ គ្រប់គ្រង និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត គឺខុសច្បាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]