នៅចុងខែមុន “Hello គ្រូពេទ្យ’ បានជម្រាបជូនគ្នាយើងពីករណីឆេះឃ្លាំងអំពូល នៅក្រុងហាណូយ របស់វៀតណាម បណ្ដាលឲ្យលេចធ្លាយសារធាតុពុល ជាពិសេស បារត ដែលប៉ះពាល់ដល់សុខភាពពលរដ្ឋនៅជុំវិញទីនោះ បូករួមទាំងចំណីចំណុកក៏អាជ្ញាធរថាពុលដែរ រហូត ៥០០ម៉ែត្រជុំវិញឃ្លាំងដែលបានលិចលង់ក្នុងអណ្ដាតភ្លើង។
ក្រោយការឆេះភ្លាមៗ អាជ្ញាធរក្នុងតំបន់ ហាមមិនឲ្យពលរដ្ឋ បរិភោគបន្លែ និងផ្លែឈើ ដែលដាំនៅជុំវិញតំបន់នោះឡើយ ដោយសារព្រួយបារម្ភពីការសាយភាពសារធាតុពុល។ រហូតមកដល់ថ្ងៃ១២ ខែកញ្ញា ម្សិលមិញ វៀតណាម សម្រេចប្រើកងទ័ពមកពីបញ្ជាការជាន់ខ្ពស់ នៃសារធាតុគីមី និងបុគ្គលិក នៃមន្ទីរធនធាន និងបរិស្ថានធម្មជាតិក្រុងហាណូយ ដើម្បីបោសសម្អាតសារធាតុពុល។
មេបញ្ជាការជាន់ខ្ពស់វៀតណាម បញ្ជាក់ថា ការប្រមូល និងសម្អាតសារធាតុគីមី នឹងធ្វើឡើងដោយរហ័ស ប៉ុន្ដែប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាព ដោយអំឡុងពេលបោសសម្អាត កងទ័ពវៀតណាម បានប្រើឧបករណ៍ពិនិត្យការសាយភាយសារធាតុគីមីពុល។ ចំណែកមនុស្ស ១.៧៧៦នាក់ រស់នៅតំបន់ជិតនោះ ត្រូវបានពិនិត្យ និងទទួលការពិគ្រោះយោបល់ផ្នែកសុខភាព។
អត្ថបទពាក់ព័ន្ធ៖ ឆេះឃ្លាំងអំពូលនៅក្រុងហាណូយ អាជ្ញាធរថា អាហារនៅជុំវិញ ១គីឡូម៉ែត្រ មានជាតិពុល
គួរបញ្ជាក់ថា កាលពីដើមខែកញ្ញានេះ រដ្ឋមន្រ្តីធនធាន និងបរិស្ថានធម្មជាតិរៀតណាម បញ្ជាក់ថា ជាតិបារត ប្រមាណ ១៥-២៧គីឡូក្រាម បានសាយភាពទៅកាន់តំបន់ជុំវិញឃ្លាំងអំពូល ក្រោយអគ្គិភ័យបានឆាបឆេះ។ មកដល់បច្ចុប្បន្ន អាជ្ញាធរនៅតែអំពាវនាវឲ្យពលរដ្ឋនៅជុំវិញទីតាំងនោះ ៥០០ម៉ែត្រ ប្រុងប្រយ័ត្នផលប៉ះពាល់នៃជាតិបារត ចំពោះសុខភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]