គ្នាយើងមួយចំនួនប្រហែលជាមិនទាន់ច្បាស់ទេថា
ឡើងឈាម (លើសឈាម) អាចព្យាបាលជាដាច់ ឬមិនដាច់នោះទេ។ ឆ្លើយចំពោះសំណួរនេះនៅក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រសឹង្ហបុរី ស្តីអំពី ជំងឺលើសឈាម កាលពីម្សិលមិញនេះ លោកស្រីវេជ្ជបណ្ឌិត
គុជ ឆោមដាលីន ឯកទេសជំងឺទូទៅ ថា ជំងឺលើសសម្ពាធឈាម ជាជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជាដាច់ ១០០% នោះទេ។
លោកស្រីវេជ្ជបណ្ឌិតបន្តថា គោលបំណងធំរបស់ការព្យាបាលជំងឺលើសឈាម ដើម្បីគ្រប់សម្ពាធឈាម កុំឲ្យខូចសរីរាង្គផ្សេងៗទៀត តែក៏មិនមែនមានន័យថា ញ៉ាំថ្នាំតែម្តង ត្រូវឈប់នោះទេ គឺត្រូវលេបថ្នាំលើសឈាមជាប្រចាំ ឬគេអាចហៅថាញុំាថ្នាំមួយជីវិត ដើម្បីបញ្ចុះសម្ពាធឈាម។
ដោយសារតែជំងឺលើសឈាមជាជំងឺរ៉ាំរ៉ៃ លោកស្រីវេជ្ជបណ្ឌិតបានផ្តល់ជាដំបូងថា បើយើងដឹងខ្លួនថា មានជំងឺលើសឈាមហើយ ត្រូវតែប្រយ័ត្នប្រយែង និងត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ មិនត្រូវប្រើថ្នាំបញ្ចុះសម្ពាធឈាមតាមគ្នានោះទេ។
អត្ថបទពាក់ព័ន្ធ៖
– ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?
– នេះជាផលរំខានពីស្រាលដល់ធ្ងន់ធ្ងរ ពេលប្រើថ្នាំលើសឈាម
ការជួបគ្រូពេទ្យដើម្បីទទួលបានថ្នាំបញ្ចុះសម្ពាធឈាម និងតាមដានកុំឲ្យសម្ពាធឈាមខ្ពស់ខុសប្រក្រតី។ ចំពោះកម្រិតថ្នាំត្រូវប្រើវិញ លោកស្រីវេជ្ជបណ្ឌិតថា ខុសគ្នាពីអ្នកជំងឺទៅអ្នកជំងឺម្នាក់ ហើយមុននឹងគ្រូពេទ្យឲ្យប្រើថ្នាំប្រភេទណា ចាំបាច់ត្រូវវាស់សម្ពាធឈាម មើលបេះដូង តម្រងនោមជាដើម។ កម្រិតថ្នាំ អាចប្រើតែ ១មុខ ២មុខបញ្ចូលគ្នា ឬ៣មុខបញ្ចូលគ្នា ទៅតាមកម្រិតសម្ពាធឈាម និងស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]