អ្នកដែលស្រលាញ់សត្វចិញ្ចឹម ជាពិសេសសត្វឆ្កែ និងឆ្មា គួរប្រយ័ត្នបន្ដិច ព្រោះមានមេរោគកម្រម្យ៉ាង ឆ្លងពីសត្វទាំងនេះ ដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬឈានដល់ស្លាប់ ដូចករណីនេះអ៊ីចឹង។
ចេញផ្សាយលើកាសែតអាមេរិក CNN កាលពីម្សិលមិញ បុរសអាយុ ៦៣ឆ្នាំម្នាក់ រស់នៅអាល្លឺម៉ង់ បានបាត់បង់ជីវិត ក្រោយឆ្លងមេរោគកម្រម្យ៉ាង ក្រោយសត្វជាទីស្រលាញ់(ឆ្កែ) លិឍ។
មេរោគដែលចេញពីសត្វឆ្កែនេះ ហៅថា Capnocytophaga Canimorsus ជាប្រភេទបាក់តេរីម្យ៉ាង ដែលត្រូវរកឃើញក្នុងមាត់សត្វឆ្កែ និងឆ្មា ហើយវាឆ្លងទៅមនុស្សក្នុងករណីកម្រ។
ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ Red Cross របស់អាល្លឺម៉ង់ បញ្ជាក់ថា ជនរងគ្រោះនេះ មិនបានរងរបួស ឬលេចចេញអាការៈគួរឲ្យសង្ស័យធ្ងន់ធ្ងរណាមួយឡើយ នៅសប្ដាហ៍មុន ក្រោយសុនខលិឍ។ ដំបូង បុរសនេះ មានរោគសញ្ញាដូចជំងឺផ្ដាសាយ បន្ទាប់មកវិវត្ដជាជំងឺឆ្លងមេរោគក្នុងឈាមធ្ងន់ធ្ងរ (Sepsis) និងថប់ដង្ហើម (Purpura Fulminans) ដែលជាបញ្ហាស្រួចស្រាវមួយ បណ្ដាលមកពីការកកឈាម ជាំ និងស្បែកប្រែពណ៌ និងវិវត្តន៍ទៅជាធ្ងន់តែម្ដង។
ស្ថានភាពគួរឲ្យបារម្ភនេះ ក៏បានទុកឱកាស ឲ្យក្រុមគ្រូពេទ្យ សង្គ្រោះបន្ទាន់ក៏ដោយ ក៏ស្ថានភាពរបស់ជនរងគ្រោះចំណាស់នេះ កាន់តែធ្ងន់ធ្ងរទៅ និងបាត់បង់ជីវិតដោយសារខូចសរីរាង្គជាច្រើន។ នេះបើតាមក្រុមវេជ្ជបណ្ឌិត។
អត្ថបទពាក់ព័ន្ធ៖
- វិធីសង្គ្រោះបឋម ពេលក្មេងត្រូវឆ្កែឆ្មាខាំ
- ឱបថើបឆ្កែឆ្មា អាចឆ្លងបាក់តេរី គ្រោះថ្នាក់ដល់ជីវិត
ពាក់ព័ន្ធនឹងការឆ្លងមេរោគ Capnocytophaga Canimorsus នៅខែឧសភា កន្លងទៅ ស្ត្រីម្នាក់ នៅរដ្ឋ Ohio របស់អាមេរិក បានកាត់ដៃ និងជើងចោល ក្រោយឆ្លងមេរោកនេះ។ ជាមួយគ្នានេះ កាលពីឆ្នាំ២០១៨ បុរសម្នាក់ នៅរដ្ឋ Wisconsin ក៏ត្រូវបានកាត់ផ្នែកនៃច្រមុះ និងអវយវៈ ក្រោយមេរោគ Capnocytophaga Canimorsus ឆ្លងទៅកាន់រាងកាយ។
វេជ្ជបណ្ឌិត Stephen Cole នៅសាលកវិទ្យាល័យ Pennsylvania របស់អាមេរិក បញ្ជាក់ថា បាក់តេរី Capnocytophaga Canimorsus ស្ថិតនៅក្នុងមាត់របស់សត្វឆ្កែ តែធម្មតា វាមិនបណ្ដាលជាជំងឺគ្រោះថ្នាក់ណាមួយនោះទេ។ ប៉ុន្ដែក្នុងករណីកម្រ លើអ្នកជំងឺខ្លះ វាអាចបណ្ដាលឲ្យឆ្លងមេរោគធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]