ខណៈកម្ពុជារកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាដំបូងលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានព្រួយបារម្ភជាខ្លាំង ហើយម្នាក់ៗបានស្វះស្វែងរកទិញម៉ាស់មកពាក់ ដើម្បីការពារខ្លួនពីជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ។ ដើម្បីការពារខ្លួនពីចម្លងវីរុសកូរ៉ូណាថ្មី តើតម្រូវឲ្យយើងពាក់ម៉ាស់គ្រប់គ្នាមែនទេ?
បើតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះថា ទោះយើងរកឃើញជំងឺនេះមែន តែមិនតម្រូវឲ្យមនុស្សទូទាំងប្រទេសប្រើម៉ាស់នោះទេ។ លោកជំទាវថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោក រឿងចាំបាច់បំផុតដើម្បីបង្ការខ្លួនពីវីរ៉ុសកូរ៉ូណា យើងត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូ និងទឹកស្អាត ជាពិសេសនៅពេលប៉ះពាល់ជាមួយអ្នកជំងឺ សត្វ ឬវត្ថុអ្វីមួយ ដែលយើងមិនដឹងពីប្រវត្តិច្បាស់លាស់។
លោកជំទាវបានបន្ថែមថា ការប្រើម៉ាស់ អនុវត្តសម្រាប់តែករណីមានអ្នកជំងឺក្អក ឬកណ្តាស់
ហើយយើងត្រូវនៅឲ្យឆ្ងាយពីអ្នកក្អក កណ្តាស់ ឲ្យលើសពី១ម៉ែត្រឡើងលើ ទើបអាចរួចផុតពីការចម្លងបាន។ ការពាក់ម៉ាស់ គឺដើម្បីការពារតំណក់ទឹកមាត់តូចៗចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ ទៅប៉ះមនុស្សដែលនៅជុំវិញខ្លួន។
ក្នុងករណីមួយទៀត ប្រសិនបើយើងសង្ស័យ ឬឃើញអ្នកដំណើរមានជំងឺផ្លូវដង្ហើម ហើយយើងនៅជិត មិនអាចចៀសវាងបាននោះ ការពាក់ម៉ាស់អាចក៏អាចការពារខ្លួនយើងបានដែរ។
អត្ថបទពាក់ព័ន្ធ៖
- កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុសកូរ៉ូណាបានទេ
- លម្អិតពីវីវុសកូរ៉ូណាប្រភេទថ្មី បង្កឲ្យមានជំងឺរលាកសួត (Coronavirus)
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]