រយៈពេល២-៣ថ្ងៃជាប់គ្នាមកនេះ កម្ពុជាមិនមានករណីឆ្លង COVID-19 ថ្មីនោះទេ មានតែករណីជាសះស្បើយប៉ុណ្ណោះ។ ទោះជាស្ថានភាព COVID-19 ស្រុកយើងបានធូរស្រាល តែអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ស្ថានភាពនៅផុយស្រួយណាស់។
“យើងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ព្រោះទើបតែ២-៣ថ្ងៃមិនទាន់មានករណីឆ្លង COVID-19 ថ្មី តាមបច្ចេកទេសគ្រាន់តែជាការបង្ហាញនូវប្រសិទ្ធភាពអន្តរាគមន៍របស់យើងជាបណ្តើរៗប៉ុណ្ណោះ”។ នេះជាការឆ្លើយតបរបស់លោកជំទាវ ឱ វណ្ណឌីន នឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន។
លោកជំទាវបានបន្តថា យើងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសការចូលរួមទប់ស្កាត់នូវការចម្លងពីបុគ្គលមួយទៅបុគ្គលមួយនៅតែជាចំណុចសំខាន់ចាំបាច់ជាទីបំផុត។ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះទទូចឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការពារខ្លួនជារៀងរាល់ថ្ងៃ មិនមែនយើងរកមិនឃើញក្នុងរយៈពេល២ថ្ងៃនេះហើយ យើងគិតថា យើងមិនមានការចម្លង យើងបន្ធូរដៃ អ៊ីចឹងបែរទៅជាឱកាសមួយធ្វើឲ្យវីរុស COVID-19 អាច នឹងវាយបកមកយើងវិញជាយថាហេតុ។
ចំពោះការវាយតម្លៃពីស្ថានភាព COVID-19 នៅកម្ពុជា លោកជំទាវបញ្ជាក់ថា ក្រសួងសុខាភិបាល នឹងវាយតម្លៃរួមគ្នាជាមួយអង្គការសុខភាពពិភពលោក តើការរាតត្បាតនូវ COVID-19 នៅកម្ពុជាស្ថិតក្នុងស្ថានភាពបែបណា?
គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានសរុបចំនួន ១១៤ នាក់ (រាប់ទាំងអ្នកជាសះស្បើយ និងអ្នកកំពុងព្យាបាល) ហើយចំពោះករណីជាសះស្បើយមានចំនួនសរុប ៥៣ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]