ក្រុមហ៊ុនបច្ចកវិទ្យាជីវសាស្ត្រនៅទីក្រុង Pennsylvania សហរដ្ឋអាមេរិកដែលទទួលមូលនិធិពីលោក Bill Gate រៀបនឹងចាប់ផ្ដើមតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀតទៅលើអ្នកស្ម័គ្រចិត្តនៅសប្តាហ៍នេះ ក្រោយពីទទួលបានការអនុញ្ញាតឲ្យតេស្ដសាកល្បងរួចមក។
អ្នកស្រាវជ្រាវគម្រោងចាប់ផ្ដើមចាក់វ៉ាក់សាំងលើអ្នកស្ម័គ្រចិត្តដំបូងកាលពីថ្ងៃទី៦ ខែមេសា។ វ៉ាក់សាំងសាកល្បងនេះបង្កើតដោយក្រុមហ៊ុន Inovio។ វ៉ាក់សាំងនេះជាវ៉ាក់សាំងទី២ដែលបានចាប់ផ្ដើមតេស្ដសាកល្បងទៅលើមនុស្សនៅសហរដ្ឋអាមេរិក។ វ៉ាក់សាំងទី១បានចាប់ផ្ដើមការតេស្ដសាកល្បងកាលពីពាក់កណ្ដាលខែមីនា។
សម្រាប់ការតេស្ដវ៉ាក់សាំងលើកទី២នេះដែរ ក្រុមហ៊ុនមានអ្នកស្ម័គ្រចិត្តចូលរួម៤០នាក់ដែលសុទ្ធតែមានសុខភាពល្អ។ អ្នកស្ម័គ្រចិត្តនីមួយៗត្រូវចាក់វ៉ាក់សាំង២ដងក្នុងចន្លោះពេល៤សប្ដាហ៍។ ក្រុមហ៊ុន Inovio សង្ឃឹមថានឹងទទួលបានលទ្ធផលលឿននៅចុងរដូវក្តៅនេះ ហើយប្រសិនជាលទ្ធផលនៃវ៉ាក់សាំងចេញមកវិជ្ជមាន ក្រុមហ៊ុននឹងចាប់ផ្តើមសិក្សាលម្អិតទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំង។
ក្រុមហ៊ុន Inovio ក៏បានបន្ថែមទៀតថានឹងបង្កើនការផលិតវ៉ាក់សាំងដោយមានគោលដៅរហូតដល់១លានវ៉ាក់សាំងនៅចុងឆ្នាំ២០២០ដែលអាចប្រើសម្រាប់តេស្ដសាកល្បង ឬប្រើក្នុងស្ថានភាពអាសន្ន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕