គ្នាយើងដែលជួបបញ្ហាត្រូវទៅបន្ទប់ទឹកបត់ជើងតូចញឹកញាប់ ពិតជាមានការរំខានចិត្ត និងពេលខ្លះរំខានដល់ការប្រកបការងារទៀតផង។ ការនោមញឹកលើសពីប្រាំបីដងក្នុងមួយថ្ងៃអាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀតនៃបញ្ហាប្លោកនោមធ្វើការខ្លាំងជ្រុល។
១. តើអ្វីជាបញ្ហាប្លោកនោមធ្វើការខ្លាំងជ្រុល?
បញ្ហាប្លោកនោមធ្វើការខ្លាំងជ្រុល(overactive bladder) ធ្វើឲ្យយើងចង់ទៅនោមភ្លាមៗ ហើយក៏អាចភ្ញោចឲ្យយើងពិបាកទប់នោមផងដែរ។
បញ្ហាប្លោកនោមធ្វើការខ្លាំងជ្រុលនេះអាចថាពិបាកក្នុងការគ្រប់គ្រង ដោយហេតុថាវាធ្វើឲ្យយើងពិបាកស្មានថាពេលណាត្រូវឈឺនោម។ បញ្ហានេះ នឹងធ្វើឲ្យមនុស្សយើងពិបាកក្នុងការធ្វើសកម្មភាពសង្គម ឬប្រកបការងារជាដើម ព្រោះតែត្រូវទៅបន្ទប់ទឹកញឹកញាប់ពេក។ លើសពីនេះទៀតបញ្ហានេះ ក៏ធ្វើឲ្យមនុស្សយើងខ្លះជួបបញ្ហាផ្លូវអារម្មណ៍ផងដែរ។
យ៉ាងណា បញ្ហានេះ ក៏មានវិធីព្យាបាលច្រើនយ៉ាង អាចជួយគ្នាយើងឲ្យអាចគ្រប់គ្រងអាការៈផ្សេងៗបានដែរ។
២. រោគសញ្ញា
ពេលខ្លះបើគ្នាយើងគ្រាន់តែយូរៗម្ដងជួបបញ្ហាពិបាករឿងបត់ជើងតូចនេះ មិនទាន់ចាត់ថាមានបញ្ហាប្លោកនោមធ្វើការខ្លាំងជ្រុននោះទេ។
រោគសញ្ញាដែលកំណត់ថាយើងជួបបញ្ហាប្លោកនោមធ្វើការខ្លាំងជ្រុល គឺត្រូវទៅនោមញឹកញាប់ ឬឈឺជុះនោមភ្លាមៗ រួមមាន៖
- ឈឺនោមពិបាកទ្រាំ ចង់ទៅនោមភ្លាមៗ
- មិនអាចទ្រាំទប់នោមបាន
- នោមញឹកញាប់ ច្រើនជាងប្រាំបីដងក្នុងរយៈពេល២៤ម៉ោង
- ឡើងបត់ជើងតូចលើសពីម្ដងក្នុងមួយយប់។
បញ្ហានេះអាចមានលក្ខណៈខុសប្លែកគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀតដែរ ដោយហេតុនេះចាំបាច់ត្រូវមានការពិភាក្សាជាមួយគ្រូពេទ្យជំនាញ។ វិធីព្យាបាលមួយចំនួនដូចជាការហាត់ប្រាណពង្រឹងសាច់ដុំអាងត្រគាក ប្រើប្រាស់ថ្នាំ ឬវះកាត់ជាដើម អាចជាជម្រើសនៃការព្យាបាល អាស្រ័យលើការវិនិច្ឆ័យរបស់គ្រូពេទ្យ។
៣. មូលហេតុបង្កឲ្យមានបញ្ហានេះ
តម្រងនោមរបស់យើងផលិតទឹកនោម ហើយទឹកនោមចូលទៅក្នុងប្លោកនោម។ បន្ទាប់មកខួរក្បាលក៏បញ្ជូនសញ្ញាប្រាប់រាងកាយយើងថាដល់ពេលទៅបត់ជើងតូចហើយ។ សាច់ដុំបាតអាងត្រគាកក៏បានបន្ធូរ និងបើកផ្លូវឲ្យរាងកាយយើងបញ្ចេញទឹកនោម។
បញ្ហាប្លោកនោមធ្វើការខ្លាំងជ្រុលធ្វើឲ្យសាច់ដុំប្លោកនោមកន្ទ្រាក់ដោយឯកឯង ដែលនេះនាំឲ្យយើងមានអារម្មណ៍ថាចង់ទៅនោមញឹកញាប់ ទោះបីជាទឹកនោមមិនទាន់ពេញប្លោកនោមក៏ដោយ។
លក្ខខណ្ឌ និងកត្តាមួយចំនួនផ្សេងទៀតក៏ធ្វើឲ្យមានរោគសញ្ញាប្លោកនោមធ្វើការខ្លាំងជ្រុលដែរ រួមមាន៖
- ផឹកទឹកច្រើនពេក
- ប្រើប្រាស់ថ្នាំដែលនាំឲ្យបង្កើនបរិមាណទឹកនោម
- ឆ្លងមេរោគនៅផ្លូវទឹកនោម
- ផឹកកាហ្វេ ឬគ្រឿងស្រវឹងច្រើន និង
- ប្លោកនោមខុសប្រក្រតី ដូចជាមានក្រួសក្នុងប្លោកនោម ជាដើម។
[embed-health-tool-bmi]