របបអាហារដែលយើងញ៉ាំបានផ្តល់ឥទ្ធិពលខ្លាំងដល់សុខភាព រួមទាំងសុខភាពក្រពេញប្រូស្តាតដែរ។ ក្រពេញប្រូស្ដាតមនុស្សប្រុស ជាក្រពេញតូច មានតួនាទីផលិតទឹកកាម ចិញ្ចឹម និងដឹកជញ្ជូនមេជីវិត។ ការន្ថែមអាហារដែលល្អសម្រាប់ក្រពេញប្រូស្តាត យើងអាចកាត់បន្ថយហានិភ័យជំងឺក្រពេញប្រូស្តាតរួមទាំងជំងឺមហារីកក្រពេញប្រូស្តាតដែរ។ ដើម្បីពង្រឹងសុខភាពក្រពេញប្រូស្តាត យើងអាចបន្ថែមអាហារប៉ុន្មានមុខនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ។
១. ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មឈ្មោះ lycopene ដែលអាចជួយបង្ការជំងឺមហារីកក្រពេញប្រូស្តាត និងកាត់បន្ថយការលូតលាស់ដុំសាច់សម្រាប់អ្នកដែលមានជំងឺមហារីកក្រពេញប្រូស្តាត។ សារធាតុ lycopene អាចបន្ថយការខូចខាតកោសិកា និងពន្យាពេលការផលិតកោសិកាមហារីក។ ទោះបីជាត្រូវមានការស្រាវជ្រាវបន្ថែមក៏ដោយ នៅក្នុងការពិនិត្យឡើងវិញនៃការសិក្សាចំនួន២៤ អ្នកស្រាវជ្រាវបានអះអាងថាបុរសដែលញ៉ាំផ្លែប៉េងប៉ោះច្រើនមានហានិភ័យទាបក្នុងការវិវត្តជំងឺមហារីកក្រពេញប្រូស្តាត។
២. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវគឺជាបន្លែមួយផ្ទុកសារធាតុជាច្រើនដែលអាចការពារយើងពីជំងឺមហារីក។ ការសិក្សាមួយចំនួនបានលើកឡើងពីទំនាក់ទំនងរវាងបរិមាណនៃពពួកផ្កាខាត់ណាដែលយើងញ៉ាំ និងការថយចុះហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។ ទោះបីអ្នកវិទ្យាសាស្ត្រមិនដឹងច្បាស់ពីមូលហេតុ ប៉ុន្តែពួកគេបានលើកឡើងថានេះអាចមកពីសារធាតុ phytochemical មានក្នុងពពួកផ្កាខាត់ណាដែលក្នុងនោះមានសារធាតុ sulforaphane។ សារធាតុនេះគឺអាចកម្ចាត់កោសិកាមហារីក ហើយជួយរក្សាទុកកោសិកាក្រពេញប្រូស្តាតដែលល្អ។
៣. តែបៃតង
អ្នកស្រាវជ្រាវបានធ្វើការសិក្សាជាច្រើនរវាងឥទ្ធិពលរបស់តែបៃតងទៅលើជំងឺមហារីក។ ភស្តុតាងជាច្រើនបានបង្ហាញថាសមាសធាតុពិសេសមានក្នុងតែបៃតងអាចកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាតតាមរយៈការជះឥទ្ធិពលទៅលើការលូតលាស់នៃដុំសាច់ កោសិកាងាប់ និងប្រព័ន្ធសារបញ្ជូនអ័រម៉ូន។ តែបៃតងក៏អាចបញ្ចុះកម្រិតកូលេស្តេរ៉ូល និងជំនួយដល់ការចងចាំផងដែរ។
៤. ពពួកសណ្ដែក
ពពួកសណ្ដែករួមមានគ្រាប់សណ្ដែក សណ្ដែកដី និងសណ្ដែក lentil គឺមានផ្ទុកសមាសធាតុរុក្ខជាតិឈ្មោះ phytoestrogen។ ការសិក្សាមួយបានរកឃើញថាអ្នកដែលញ៉ាំសារធាតុនេះច្រើនអាចកាត់បន្ថយហានិភ័យជំងឺក្រពេញប្រូស្តាតជាងអ្នកញ៉ាំសារធាតុនេះតិចរហូតដល់២០%។ ប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីករបស់សារធាតុ phytoestrogen អាចមកពីឥទ្ធិពលរបស់សារធាតុនេះទៅលើការរក្សាលំនឹងអ័រម៉ូន ការងាប់របស់កោសិកា និងការប្រឆាំងនឹងអុកស៊ីតកម្ម។
៥. ទឹកផ្លែទទឹម
ដូចទៅនឹងតែបៃតងដែរ ទឹកផ្លែទទឹមសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបង្ការជំងឺរ៉ាំរ៉ៃបង្កដោយអាការៈ oxidative stress។ វិទ្យាស្ថានជំងឺមហារីកជាតិសហរដ្ឋអាមេរិកបានលើកឡើងថាទឹកផ្លែទទឹម និងសមាសធាតុ bioactive របស់ទឹកផ្លែឈើនេះអាចទប់ស្កាត់ការរាលដាលនៃកោសិកាជំងឺមហារីកក្រពេញប្រូស្តាតបាន។
៦. សាច់ត្រី
អ្នកជំនាញជាច្រើនបានណែនាំឲ្យកាត់បន្ថយសាច់ដែលមានខ្លាញ់ដើម្បីជួយដល់សុខភាពក្រពេញប្រូស្តាត ប៉ុន្តែរបបអាហារដែលមានអាស៊ីដខ្លាញ់អូមេហ្គា៣គឺអាចជួយពង្រឹងសុខភាពក្រពេញប្រូស្តាតបាន។ ការសិក្សាចេញផ្សាយឆ្នាំមុនបានលើកឡើងពីឥទ្ធិពលអាស៊ីដខ្លាញ់អូមេហ្គា៣ផ្លាស់ប្តូរការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាតដែលនេះមកពីប្រសិទ្ធភាពក្នុងការប្រឆាំងការរលាក និងទប់ស្កាត់ការលូតលាស់នៃដុំសាច់។ អាស៊ីដខ្លាញ់អូមេហ្គា៣មានក្នុងសាច់ត្រីសាល់ម៉ុន ត្រីធូណា ត្រីសាឌីន និងត្រី trout ជាដើម។
[embed-health-tool-bmi]