ការញ៉ាំអាហារមិនត្រឹមត្រូវ គឺជាមូលហេតុសំខាន់មួយធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្លូវភេទរបស់មនុស្សគ្រប់គ្នា។ អាហារនិងភេស្ជៈមួយចំនួន គឺមានឥទ្ធិពលមិនល្អទៅលើកម្រិតអ័រម៉ូនតេស្តូតេរ៉ូនរបស់ប្រុសៗយើង ទាំងដោយផ្ទាល់ និងដោយប្រយោល។ ដើម្បីឲ្យលិង្គរឹងល្អ ប្រុសៗយើងគួរតែជៀសឲ្យឆ្ងាយពីអាហារប៉ុន្មានប្រភេទទាំងនេះ។ ក្នុងអត្ថបទនេះ Hello គ្រូពេ្យ នឹងប្រាប់អំពីប្រភេទអាហារដែលបុរសៗមិនគួរញ៉ាំច្រើន បើមិនចង់ជួបបញ្ហាអូនតូចមិនសូវឡើងរឹង។
១-សាច់
ការសិក្សាបានបង្ហាញថា អាហារដែលផ្ដល់អវិជ្ជមានដល់សុខភាពបេះដូងរបស់មនុស្សប្រុស ក៏ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពផ្លូវភេទបានដូចគ្នា។ បញ្ហាចរន្តឈាមរត់ល្អ គឺជារឿងដែលចាំបាច់ដើម្បីធ្វើឲ្យលិង្គឡើងរឹងបានល្អ តែបើយើងមានបញ្ហាសរសៃឈាមបេះដូង នោះក៏ប្រឈមជាមួយបញ្ហាអសមត្ថភាពផ្លូវភេទដូចគ្នា។ សាច់ជាច្រើនប្រភេទ មានដូចជាសាច់ជ្រូក និងសាច់គោ គឺមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលខ្ពស់ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង នឹងធ្វើឲ្យលិង្គរបស់បុរសមិនងាយឡើងរឹងបាន។ បន្ថយសាច់មិនល្អ ហើយងាកមកញ៉ាំប្រភេទអាហារសម្បូរប្រូតេអ៊ីនល្អៗ រួមមានអាស៊ីដខ្លាញ់អូមេហ្កា៣ (ត្រី) និងខ្លាញ់បានមកពីគ្រាប់រុក្ខជាតិ ផ្លែប៊ឺរ ឬអាចប្រើប្រេងអូលីវជំនួសប្រេងឆាធម្មតាវិញក៏បាន។
អត្ថបទពាក់ព័ន្ធ:
- កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ
- ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើនដល់ស្បែក បេះដូង និងភ្នែក
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
២-អាហារចៀន
អាហារចៀនដោយប្រើប្រេង គឺមិនល្អសម្រាប់សុខភាពបេះដូង និងមុខងារផ្លូវភេទទេ ហើយអាហារដែលអាក្រក់បំផុតសម្រាប់បេះដូងនោះគឺអាហារដែលចៀនដោយប្រើប្រេង និងដុតភ្លើងខ្លាំង។ អាហារទាំងអស់នេះធ្វើឲ្យអ្នកញ៉ាំប្រឈមមុខជាមួយបញ្ហាកូឡេស្តេរ៉ូល។ បើធាត់ ឬលើសទម្ងន់ ដែលបណ្ដាលមកពីការញ៉ាំអាហារចៀន វានឹងទាក់ទងជាមួយបញ្ហាបម្រែបម្រួលអ័រម៉ូនមនុស្សប្រុស។ បើយើងចង់ឲ្យសកម្មភាពលើគ្រែនៅបន្តរស់រវើកបានយូរអង្វែង ប្រុសៗមិនគួរញ៉ាំដូចជាសាច់ចៀន ឬបំពង ដំឡូងចៀន និងនំដូណាត់ជាដើមនោះទេ។ ក្រៅពីបង្កបញ្ហាដល់បេះដូង ឡើងគីឡូ ក្រុមអាហារទាំងនេះ ក៏អាចបង្កជាបញ្ហាមហារីកក្រពេញប្រូស្តាត ឬដុះដុំសាច់នៅក្រពេញប្រូស្តាតបានទៀតផង។
៣-សណ្ដែកសៀង
ការសិក្សាមួយរបស់សាលាសុខភាពសាធារណៈ Harvard (Harvard School of Public Health) នៅអាមេរិក រកឃើញថា ចំនួនមេជីវិតឈ្មោលនឹងធ្លាក់ចុះប្រមាណ ៤០% បើផឹកទឹកសណ្ដែកសៀងកន្លះកែវក្នុងមួយថ្ងៃ។ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា បើអ្នកញ៉ាំសណ្ដែកសៀងកាន់តែច្រើន នោះអ័រម៉ូនតេស្តូស្ដេរ៉ូនក្នុងខ្លួនកាន់តែធ្លាក់ចុះ។ នេះបណ្ដាលមកពីក្នុងសណ្ដែកសៀង មានផ្ទុកសារធាតុម្យ៉ាងដែលស្រដៀងគ្នាជាមួយនឹងអ័រម៉ូន អឺស្ត្រូហ្សែន ជាអ័រម៉ូនមនុស្សស្រី ដែលមានវត្តមានបន្តិចបន្តួចនៅក្នុងខ្លួនមនុស្សប្រុស។ ការញ៉ាំសណ្ដែកសៀងអាចបណ្ដាលឲ្យមានវិបត្តិអតុល្យភាពរវាងអ័រម៉ូនអឺស្ត្រូហ្សែន និងអ័រម៉ូនតេស្តូស្ដេរ៉ូន ដែលបញ្ហាមួយនេះនឹងអាចធ្វើឲ្យមានបញ្ហាលើជីវិតផ្លូវភេទរបស់មនុស្សប្រុសបាន។ ដូចនេះហើយ មនុស្សប្រុសមិនគួរផឹកទឹកសណ្ដែកសៀង ជាពិសេសចម្រាញ់ចេញពីអាហារកែឆ្នៃ ឬអាហារថាមពលផ្សេងឡើយ ប៉ុន្តែបើជាទឹកសណ្ដែកដែលគេផលិតតាមបែបធម្មជាតិ គឺអាចផឹកបាន។
៤-អាហារកំប៉ុង ឬអាហារច្រកថង់ប្លាស្ទិក
សារធាតុ Bisphenol A ដែលគេច្រើនស្គាល់ថា BPA គឺជាសារធាតុគីមីម្យ៉ាងដែលច្រើនត្រូវបានគេរកឃើញនៅក្នុងអាហារកំប៉ុង និងពពួកអាហារច្រកទុកក្នុងថង់ប្លាស្ទិក។ អ្នកវិទ្យាសាស្ត្របានរកឃើញទំនាក់ទំនងរវាងសារធាតុនេះ ជាមួយនឹងបញ្ហាអសមត្ថភាពរបស់ប្រុសៗ រឿងលិង្គអត់ងើប បញ្ហាបាត់ចំណង់ផ្លូវភេទ ឬបញ្ហាអត់កូន។ ប្រុសៗគួរចៀសឲ្យឆ្ងាយពីពពួកអាហារកំប៉ុង និងពពួកអាហារច្រកក្នុងថង់ប្លាស្ទិក។ ប្រុសៗយើងក៏មិនគួរយកអាហារផ្សេងៗ ទៅដុតកម្ដៅក្នុងកំប៉ុង ឬប្រអប់ប្លាស្ទិកដូចគ្នា ដោយសារតែសារធាតុBPAអាចចេញពីប្រអប់ទាំងនោះពេលវាត្រូវកម្ដៅ។ គួរព្យាយាមប្រើកំប៉ុងអាហារប្រភេទផ្សេង ឬរកមើលអាហារដែលមានបិទស្លាកថា “BPA-free”។ លើសពីនេះ គប្បីកាត់បន្ថយប្រើទឹកច្រកក្នុងដបប្លាស្ទិក ហើយបើយកល្អ គួរឈប់ផឹកតែម្ដងកាន់តែល្អ។
៥-សេពគ្រឿងស្រវឹងច្រើន
ការទទួលទានគ្រឿងស្រវឹងច្រើន គឺធ្វើឲ្យប៉ះពាល់ដល់មុខងារផ្លូវភេទ និងធ្វើឲ្យលិង្គរបស់បុរសមិនងាយឡើយរឹង។ អ្នកវិទ្យាសាស្ត្របានលើកឡើងថា ផឹកគ្រឿងស្រវឹងចាប់ពី ៥ កែវ ឬលើសពីនេះក្នុងមួយថ្ងៃ អាចធ្វើឲ្យបរិមាណអ័រម៉ូនតេស្តូស្ដេរ៉ូនធ្លាក់ចុះ។ វាអាចធ្វើឲ្យអស់អ័រម៉ូនតេស្តូស្តេរ៉ូនក្នុងចរនុ្ដឈាម និងធ្វើឲ្យការផលិតអ័រម៉ូនមួយនេះធ្លាក់ចុះដូចគ្នា។ ប៉ុន្តែការផឹកតិចតួចគឺមួយកែវ ឬពីរកែវ មិនធ្វើឲ្យប៉ះពាល់ដល់កម្រិតអ័រម៉ូនតេស្តូស្ដេរ៉ូនទេ។ ដូចនេះប្រុសៗ កុំផឹកគ្រឿងស្រវឹងច្រើនពេក។
[embed-health-tool-bmi]