បញ្ហាអសមត្ថភាពផ្លូវភេទ (Erectile dysfunction) ចំពោះបុរសគឺជាបញ្ហាច្រើនកើតមានលើអ្នកធ្លាប់វះកាត់ក្រពេញប្រូស្តាតឬបុរសវ័យចំណាស់។ បញ្ហានេះគឺតែងតែរំខានដល់ជីវិតមនុស្សប្រុសគ្រប់រូប។ ប៉ុន្តែយើងក៏នៅតែមានវិធីដោះស្រាយបានដោយការប្រើថ្នាំ និងសំភារៈមួយចំនួន តាមការណែនាំពីគ្រូពេទ្យជំនាញ។ ក្នុងចំណោមនោះ ឧបករណ៍បូមលិង្គ (Penis pump) ក៏ជាឧបករណ៍មួយប្រភេទដែលប្រើដើម្បីព្យាបាលបញ្ហានេះផងដែរ។
១- តើឧបករណ៍នេះ ដំណើរការយ៉ាងដូចម្ដេច?
ឧបករណ៍បូមលិង្គ ដំណើរការដោយការបូមឈាមឲ្យហូរមកបំពេញសរសៃឈាមនៅក្នុងលិង្គ ធ្វើឲ្យលិង្គរីកធំ និងរឹងបណ្ដោះអាសន្ន។ ឧបករណ៍នេះក៏មានកងមួយដែលហៅថា Cock ring ដើម្បីដាក់នៅគល់លិង្គដើម្បីឃាត់ឈាម និងធ្វើឲ្យលិង្គរក្សាភាពរឹង និងរឹងបានយូរ។
២- តើឧបករណ៍បូមលិង្គមានសុវត្ថិភាពឬទេ?
ជាការពិតទៅ ឧបករណ៍នេះ គឺអាចប្រើដោយសុវត្ថិភាពប្រសិនបើប្រើប្រាស់ត្រឹមត្រូវតាមការណែនាំ។ ការប្រើប្រាស់ឧបករណ៍បូមលិង្គ គឺអាចជាជម្រើសល្អមួយដើម្បីព្យាបាលបញ្ហាអសមត្ថភាពផ្លូវភេទសម្រាប់បុរស ប្រសិនបើជម្រើសព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាព ឬមានគ្រោះថ្នាក់។ ខាងក្រោមនេះ គឺជាមូលហេតុដែលឧបករណ៍នេះសមស្របសម្រាប់ព្យាបាល៖
-មានផលរំខានតិចជាងជម្រើសព្យាបាលផ្សេងទៀត
-តម្លៃព្យាបាលធូរថ្លៃជាងជម្រើសផ្សេង
-ការប្រើប្រាស់មានភាពងាយស្រួល ដោយមិនមានការវះកាត់ ឬចាក់បញ្ចូលថ្នាំ
-ការប្រើប្រាស់អាចជួយឲ្យលិង្គរបស់អ្នកជំងឺឡើងរឹងវិញបានដោយធម្មជាតិ
ជាការពិតដែលឧបករណ៍នេះអាចនឹងប្រើដោយមានសុវត្ថិភាពចំពោះបុរសមួយចំនួន ប៉ុន្តែបញ្ហាប្រឈមគ្រោះថ្នាក់មួយចំនួនគឺនៅតែមានដូចជា៖
-អ្នកធ្លាប់មានបញ្ហាឈាមកកពីមុនមក
-អ្នកប្រើនឹងប្រឈមការហូរឈាម ប្រសិនបើកំពុងប្រើថ្នាំដែលធ្វើឲ្យឈាមរាវ
-ឧបករណ៍នេះ គឺមិនមានសុវត្ថិភាពទេ ប្រសិនបើអ្នកប្រើមានជំងឺមួយចំនួនដែលទាក់ទងនឹងកោសិកាឈាម។
ឧបករណ៍បូមលិង្គ ក៏អាចបង្កឲ្យមានផលរំខានមួយចំនួនផងដែរដូចជា៖
-ឡើងចំណុចពណ៌ក្រហមតូចៗនៅលើស្បែកលិង្គ (កើតឡើងដោយសារតែការហូរឈាមនៅក្រោមស្បែកលិង្គ)
-ស្ពឹក ឡើងត្រជាក់ ឬលិង្គប្រែពណ៌ (កើតឡើងដោយសារតែការទុក cock ring នៅគល់លិង្គយូរពេក ឬរឹតតឹងពេក)។
-ឈឺចាប់ ឬមានរបួសនៅលើលិង្គប្រសិនបើប្រើមិនត្រឹមត្រូវ។
[embed-health-tool-bmi]