និយមន័យ
១- អ្វីជាជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង?
ប្រព័ន្ធភាពស៊ាំ ជាទូទៅការពាររាងកាយប្រឆាំងនឹងការបង្ករោគផ្សេងៗ។ ពេលប្រព័ន្ធភាពស៊ាំមានការភ័ន្តច្រឡំបង្កើតប្រូតេអ៊ីនទៅជាអង់ទីករដើម្បីប្រឆាំងរាងកាយខ្លួនឯង ពេលនោះត្រូវចាត់ទុកជាជំងឺនេះហើយ ខណៈសរីរាង្គប៉ះពាល់ញឹកញាប់បំផុតមានសន្លាក់ និងស្បែក។
ជំងឺនេះ ពេលខ្លះប៉ះពាល់លើសរីរាង្គតែមួយមុខប៉ុណ្ណោះ (ឧ.ទឹកនោមផ្អែមប្រភេទទី១ ប៉ះពាល់លំពែង) ប៉ុន្តែមានមួយប្រភេទទៀត ប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ហៅថាជំងឺ Lupus ( Systemic Lupus Erythematosus ឬ Lupus) ខណៈប្រភេទនៃជំងឺទាំងពីរមានដូចជា៖
– ជំងឺរលាកសន្លាក់( Rheumatoid arthritis )៖ ដោយសារអង់ទីករទៅប្រឆាំងផ្ទាល់លើសន្លាក់ បង្កឲ្យហើមរលាក និងឈឺចាប់។ករណីព្យាបាលពេល សន្លាក់នឹងខូចខាតធ្ងន់ធ្ងរមិនអាចកែកុនបានឡើយ។
– ជំងឺលូផឹស Lupus )៖ ករណីនេះអង់ទីករមិនទៅប្រឆាំងលើតែកោសិកាសន្លាក់ប៉ុណ្ណោះទេ ថែមទាំងប្រឆាំងទៅនឹង សួត គ្រាប់ឈាម សរសៃប្រសាទ ក៏ដូចជាតម្រងនោមជាដើម។
– រលាកពោះវៀនរ៉ាំរ៉ៃ ( IBD )៖ ដោយសារប៉ះពាល់លើជាលិកាភ្នាសពោះវៀន អាការៈមួយចំនួននឹងបង្ហាញដូចជា រាគញឹកញាប់ បន្ទោរបង់ឈាម ឧស្សាហ៍ផោម ឈឺពោះ ក្ដៅខ្លួន និងស្រកទម្ងន់។ ជំងឺក្រុណ្ហ( Crohn’s disease ) និងដំបៅពោះវៀនឧស្សាហ៍ជួបប្រទះបំផុត។
– ជំងឺក្រិនសរសៃប្រសាទ ( Multiple Sclerosis )៖ វាធ្វើឲ្យបាត់មុខងារនៃប្រព័ន្ធប្រសាទ ធ្វើឲ្យមានរោគសញ្ញាដូចជា ឈឺចាប់ ខ្វាក់ភ្នែក ខ្សោយ មិនមានលំនឹងដងខ្លួន និងគាំងសាច់ដុំជាដើម។
– ជំងឺទឹកនោមផ្អែមប្រភេទទី ១៖ ប្រព័ន្ធភាពស៊ាំរាងកាយបំផ្លាញកោសិកាដែលផលិតអ័រម៉ូនអាំងស៊ុយលីននៅលើលំពែង ដែលនាំអោយអ្នកជំងឺប្រភេទនេះតែងតែត្រូវការចាក់អាំងស៊ុយលីនដើម្បីរស់។
ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង លើបុរស និងស្រ្តី
តាមការសិក្សាស្ត្រីអាចប្រឈមហានិភ័យកើតជំងឺនេះខ្ពស់ជាបុរស ដល់ទៅ ២ដង ព្រោះអត្រាកើតជំងឺលើស្ត្រីមានដល់ទៅ ៦,៤ភាគរយ ខណៈអត្រាកើតលើបុរសមានត្រឹម ២,៧ភាគរយ ហើយជារឿយស្រីៗវ័យចន្លោះពី ១៤-៤៤ ឆ្នាំប្រឈមខ្ពស់។
រោគសញ្ញា
២- រោគសញ្ញាមានអ្វីខ្ល?
រោគសញ្ញាឧស្សាហ៍ជួបប្រទះមាន៖
– ហត់ និងអស់កម្លាំងជាប្រចាំ
– ឈឺចុកចាប់សាច់ដុំ
– ឡើងក្រហមរោល និងហើម
– ក្ដៅខ្លួនស្ទិញៗ
– ពិបាកប្រមូលអារម្មណ៍ធ្វើការ
– ស្ពឹកៗ ព្រឺៗ ចុងដៃជើង
– ជ្រុះសក់
– រមាស់ស្បែក
យើងម្នាក់ៗអាចបង្ហាញរោគសញ្ញាខុសៗគ្នា (ឧ. អ្នករលាកពោះវៀនរ៉ាំរ៉ៃ អាច ហើមពោះ ឈឺពោះ និងរាគ ជាដើម ចំណែកអ្នកទឹកនោមផ្អែមប្រភេទទី ១ អាច ស្រេកទឹកខ្លាំង ស្រកទម្ងន់ និងអស់កម្លាំង។ យ៉ាងណាជំងឺនេះអាចបាត់ក្នុងពេលណាមួយ ប៉ុន្តែអាចលាប់ឡើងវិញដូចគ្នា។
មូលហេតុបង្ក
៣- អ្វីជាមូលហេតុបង្ក?
មិនទាន់មានអំណះអំណាងច្បាស់លាស់នៅឡើយពាក់ព័ន្ធមូលហេតុពិតប្រាកដនៃជំងឺ ប៉ុន្តែចំពោះអ្នកជំងឺលុយផឹស ( Lupus ) និងជំងឺក្រិនសរសៃប្រសាទ ( MS ) ថែមទាំងអាចបង្កើតហ្សែន បន្តទៅកូនចៅជំនាន់ក្រោយទៀតផង។ ទោះយ៉ាងណា មិនបញ្ជាក់ថាគ្រប់សមាជិកគ្រួសារសុទ្ធតែប្រឈមនឹកការកើតជំងឺនេះទៅថ្ងៃអនាគតនោះដែរ។
ដោយសារអត្រាកើតជំងឺប្រព័ន្ធភាពស៊ាំនេះមានការកើនឡើងគួរឲ្យកត់សំគាល់ អ្នកស្រាវជ្រាវបានកំណត់ថា កត្តាបរិស្ថាន និងការប្រឈមមេរោគផ្សេងៗ ក៏ដូចជាជាតិគីមី អាចធ្វើឲ្យកើតជំងឺនេះដែរ។
ជាងនេះ របបអាហារពួកបស្ចិមប្រទេសសម្បូរជាតិខ្លាញ់ ស្ករ និងគ្រឿងកំប៉ុងច្រើន ប្រចាំថ្ងៃ ក៏អាចជាមូលហេតុមួយដែលនាំឲ្យមានបញ្ហានេះកើតឡើងដែរ ប៉ុន្តែក៏នៅមិនទាន់មានអ្វីដែលជាភស្ដុតាងបញ្ជាក់នៅឡើយទេ។
មួយទៀតការរស់នៅស្អាតហួសហេតុ (Hygiene Hypothesis) ដូចជាការចាក់វ៉ាក់សាំងលើជំងឺមិនចាំបាច់ច្រើនពេក និងថ្នាំសំអាតសម្លាប់មេរោគ (Antiseptics) ធ្វើអោយក្មេងៗមិនអាចប៉ះនឹងមេរោគ(Germ) ច្រើនដូចមុន ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំងាយនឹងបញ្ចេញប្រតិកម្មហួសព្រំដែនបង្កទៅជាជំងឺនេះ។
កត្តាប្រឈម
៤- អ្វីខ្លះជាកត្តាប្រឈម?
អ្នកប្រឈមកើតជំងឺនេះខ្ពស់ជាងគេ៖
– ស្ត្រី
– ចាប់ពីវ័យជំទង់ ដល់មជ្ឈឹមវ័យ
– ជនជាតិអាមេរិកស្បែកខ្មៅ ឥណ្ឌាកាត់អាមេរិក និងជនជាតិឡាទីន
– ធ្លាប់មានប្រវត្តិសមាជិកក្នុងគ្រួសារមានជំងឺ
– ប្រឈមកត្តាបរិស្ថានជុំវិញ
– ឧស្សាហ៍ឆ្លងរោគ
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៥- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យត្រូវការធ្វើតេស្តជាច្រើនវិធី ដើម្បីអាចសន្មត់រួមមួយ ខណៈតេស្តពេញនិយមបំផុត គឺតេស្តរកប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង (Antinuclear antibody Test= ANA ) ទោះជាលទ្ធផលបញ្ជាក់ថាវិជ្ជមានក៏ដោយ នៅតែមិនអាចកំណត់ច្បាស់ជំងឺនេះនឹងលេចចេញជាសញ្ញាអ្វីទៅថ្ងៃក្រោយ ហើយគ្រូពេទ្យអាចស្នើធ្វើតេស្តដើម្បីរកមើលករណីរលាកសរីរាង្គផ្សេងទៀត។
៦- ព្យាបាលដោយវិធីណា?
គ្មានថ្នាំព្យាបាលជំងឺនេះឲ្យជាដាច់ក៏ពិតមែន តែយើងអាចគ្រប់គ្រងស្ថានភាពជំងឺកុំឲ្យធ្ងន់ធ្ងរជាងនេះតាមរយៈ៖
– ថ្នាំបំបាត់ការឈឺចាប់
– រមាស់ស្បែក និងថ្នាំកម្លាំងជាដើម
– ថ្នាំបន្ថយសកម្មភាពប្រព័ន្ធភាពស៊ាំ និងថ្នាំព្យាបាលបន្ទាប់បន្សំដទៃទៀតដូចជា ថ្នាំបំបាត់ហើម។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៧- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងអាការៈជំងឺបាន ដូចជា ហាត់ប្រាណបញ្ចេញកម្លាំងកាយច្រើន និងរបបអាហារដែលមានតុល្យភាព គឺបង្ហាញថាមានឥទ្ធិពលវិជ្ជមានទៅលើជំងឺនេះ។
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]