និយាយដល់បញ្ហាជំងឺថប់បារម្ភ និងដាច់សរសៃឈាមខួរក្បាល នរណាក៏តក់ស្លុកដែរ ព្រោះអាចឆក់យកជីវិតយើងគ្រប់វិនាទី។ ទោះបីជាជំងឺទាំង ២ មុខនេះកាចសាហាវពិតមែន តែយើងអាចបង្ការ និងកាត់បន្ថយហានិភ័យបាន តាមរយៈសកម្មភាព របៀបរបបរស់នៅ និងហូបចុកប្រចាំថ្ងៃ។
អង្គការសុខភាពពិភពលោក (WHO) បានណែនាំនូវតិចនិកងាយៗ ៦ យ៉ាង ដើម្បីបន្ថយហានិភ័យជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
១- កុំជក់បារី
ជក់បារី ឬស្រូបផ្សែងបារីពីគេ នាំឲ្យកើតជំងឺច្រើនមុខ ក្នុងនោះក៏មានជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដែរ ដូច្នេះយើងកុំសាកវាឲ្យសោះ តែបើជ្រុលជាជក់ហើយ ត្រូវព្យាយាមផ្តាច់វា ដើម្បីសុខភាពយើង។
អត្ថបទពាក់ព័ន្ធ៖ វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង
២- កុំញ៉ាំប្រៃ
ញ៉ាំប្រៃគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើឲ្យយើងចាល់ជាតិទឹកក្នុងខ្លួន មានបញ្ហាតម្រងនោម មានបញ្ហាសរសៃឈាម កើតជំងឺលើសឈាម យកល្អយើងគួរញ៉ាំអំបិលតិចជាង ៥ ក្រាម/ថ្ងៃ (១ស្លាបព្រាកាហ្វេ) ក្នុងរបបអាហារយើង។
អត្ថបទពាក់ព័ន្ធ៖ ញ៉ាំប្រៃ គ្រោះថ្នាក់ខ្លាំង កើតលើសឈាមផង មហារីកផង
៣- ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន
សាច់ញ៉ាំទៅឆ្ងាញ់ សម្បូរប្រូតេអ៊ីនពិតមែន តែបើញ៉ាំច្រើនពេកធ្វើឲ្យយើងកើតជំងឺវិញទេ ដូច្នេះគួរតែងាកមកញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ព្រោះវាសម្បូរវីតាមីន ជាតិទឹក និងកាកសរសៃ ធ្វើឲ្យស្បែកស្អាត ងាយស្រួលរំលាយអាហារ មានសារធាតុចិញ្ចឹមចាំបាច់ជួយកាត់បន្ថយហានិភ័យជំងឺផ្សេងៗ ពិសេសជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
៤- ហាត់ប្រាណជាប្រចាំ
ហាត់ប្រាណទៀងទាត់ជួយសុខភាពយើងច្រើនណាស់ ជំងឺដង្កាត់ក៏មិនសូវកើតមានទេ បើនិយាយពីគីឡូវិញនៅថេរ ឯប្រព័ន្ធឈាមរត់ទៅចិញ្ចឹមបេះដូង ឬខួរក្បាលបានល្អ កាត់អាការៈគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
អត្ថបទពាក់ព័ន្ធ៖ លំហាត់ប្រាណ ៤ ប្រភេទ ជួយឲ្យបេះដូងល្អ ទោះរវល់ប៉ុនណាក៏ដោយ
៥- កុំផឹកគ្រឿងស្រវឹងលើសកម្រិត
ជាតិអាល់កុលដែលមានក្នុងគ្រឿងស្រវឹង កាលណាយើងញ៉ាំច្រើនពេក ក៏ប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដែរ។
អត្ថបទពាក់ព័ន្ធ៖ ស្រា អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលបាន
៦- ប្រើថ្នាំតាមវេជ្ជបញ្ជាឲ្យបានទៀងទាត់
ក្នុងករណីយើងមានជំងឺលើសឈាម ឬទឹកនោមផ្អែម ត្រូវប្រើថ្នាំតាមវេជ្ជបញ្ជាឲ្យបានទៀងទាត់ពេលវេលា នោះទើបមិនឈានទៅប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]