ការយកចិត្តទុកដាក់ថែទាំសុខភាពបេះដូងគឺរឿងដែលគួរធ្វើសម្រាប់មនុស្សយើងនៅគ្រប់វ័យទាំងអស់។ ទោះបីជានៅវ័យពី ២០ទៅ៣០ឆ្នាំ ក៏ដោយ ក៏យើងគួរចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើសុខភាពបេះដូងហើយ ប៉ុន្តែនៅពេលយើងអាយុកាន់តែច្រើនគឺកាន់តែសំខាន់ក្នុងការអនុវត្តវិធីដែលអាចកាត់បន្ថយហានិភ័យ និងបន្ថយបញ្ហាបេះដូង។
ការថែទាំសុខភាពបេះដូងវ័យ២០ និង៣០ឆ្នាំ
១. របបអាហារ និងរក្សាទម្ងន់
ជំងឺធាត់អាចជាកត្តាមួយដែលជះឥទ្ធិពលដល់សុខភាពបេះដូងរបស់យើងបាន។ ប្រសិនជាយើងលើសទម្ងន់នៅវ័យ២០ឆ្នាំ យកល្អពិគ្រោះជាមួយគ្រូពេទ្យដើម្បីសម្រកទម្ងន់ ព្រោះការសម្រកទម្ងន់អាចនឹងលំបាកនៅពេលយើងអាយុកាន់តែច្រើន។
២. ពិនិត្យសុខភាពជាប្រចាំ
មិនមែនមានតែមនុស្សចាស់ទេដែលត្រូវពិនិត្យសុខភាពប្រចាំឆ្នាំនោះ មនុស្សវ័យក្មេងក៏គួរពិនិត្យសុខភាពប្រចាំឆ្នាំដូចគ្នាដែរ។ មនុស្សមួយចំនួនមានជំងឺទឹកនោមផ្អែមរាប់ឆ្នាំមុននឹងធ្វើរោគវិនិច្ឆ័យរកឃើញ។ កម្រិតកូលេស្តេរ៉ូល និងសម្ពាធឈាមខ្ពស់ក៏អាចកើតមានលើមនុស្សវ័យក្មេងដោយអ្នកខ្លះមិនដឹងខ្លួនដែរ។ សម្ពាធឈាមខ្ពស់គឺឃាតករលាក់មុខព្រោះអ្នកជំងឺមិនអាចមានអារម្មណ៍ដឹងបាននោះទេ ហើយសម្ពាធឈាមខ្ពស់ក៏អាចបង្កើនហានិភ័យជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។ រីឯកម្រិតកូលេស្តេរ៉ូលខ្ពស់ជាញឹកញាប់អាចជាជំងឺតពូជ ដូចនេះការត្រួតពិនិត្យកម្រិតកូលេស្តេរ៉ូលក៏ជាការសំខាន់ផងដែរ។
៣. កុំជក់បារី
ការជក់បារីគឺមិនបានផ្តល់ប្រយោជន៍អ្វីដល់រាងកាយយើងទេ ផ្ទុយទៅវិញ ការជក់បារីអាចធ្វើឲ្យមានដុំកំណកឈាមនៅសរសៃអាកទែរកើនឡើង និងបង្កើនហានិភ័យគាំងបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូចនេះគ្នាយើងណាជក់បារីយកល្អគួរពិចារណាផ្ដាច់បារី។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងគឺសំខាន់សម្រាប់សុខភាពណាស់ ប៉ុន្តែមនុស្សយើងភាគច្រើនតែងមើលរំលង។ ប្រសិនជាយើងគេងមិនបានគ្រប់គ្រាន់ យើងអាចនឹងមានបញ្ហាទាក់ទងនឹងអាការៈថប់បារម្ភ និងស្ត្រេសជាដើម។
ការថែទាំសុខភាពបេះដូងនៅវ័យ៤០ និង៥០ឆ្នាំ
១. រក្សារបបអាហារដែលល្អ
នៅពេលអាយុយើងកាន់តែច្រើន ការញ៉ាំអាហារឲ្យបានត្រឹមត្រូវគឺកាន់តែសំខាន់សម្រាប់សុខភាព។ យើងគួរញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ហើយកាត់បន្ថយការញ៉ាំពពួកសាច់ក្រហម អាហារកែច្នៃ ជាតិស្ករ និងគ្រឿងស្រវឹង។
២. សម្រាកឲ្យបានគ្រប់គ្រាន់
ការគេងឲ្យបានគ្រប់គ្រាន់កាន់តែមានភាពលំបាកនៅពេលយើងឈានទៅរកវ័យកណ្ដាល។ ដូចនេះការធ្វើសមាធិអាចជាមធ្យោបាយមួយកាត់បន្ថយស្ត្រេស។
៣. តាមដានសុខភាពជាប្រចាំ
ការតាមដានសុខភាពជាប្រចាំអាចជួយយើងគ្រប់គ្រងកម្រិតកូលេស្តេរ៉ូល និងសម្ពាធឈាមបាន។
៤.ធ្វើលំហាត់ប្រាណ
នៅពេលចាស់ទៅ រាងកាយនឹងមានការផ្លាស់ប្ដូរដែលអាចបង្កើនហានិភ័យបញ្ហាបេះដូង ប៉ុន្តែការហាត់ប្រាណអាចជួយបាន។ ការហាត់ប្រាណបែប Aerobic Exercise (ដើរ រត់ រាំ ហែលទឹក ជិះកង់) អាចជួយដល់សុខភាពបេះដូងឲ្យមានភាពប្រសើរឡើង។ រីឯការហាត់ប្រាណលើកសាច់ដុំអាចបន្ថយភាពចាស់របស់ឆ្អឹង។ បន្ថែមពីនេះគួរហាត់យ៉ូហ្គាដើម្បីបន្ថយហានិភ័យនៃការរងរបួស។
ការថែទាំសុខភាពបេះដូងចាប់ពីវ័យ៦០ឆ្នាំឡើងទៅ
១. ធ្វើលំហាត់ប្រាណ
នៅពេលវ័យកាន់តែច្រើនទៅយើងងាយនឹងដួល និងរងរបួស។ ដូចនេះនៅពេលហាត់ប្រាណគួរកុំធ្វើអ្វីដែលហួសកម្លាំង។ យកល្អគួរបន្តធ្វើលំហាត់ប្រាណ (ការដើរ ជិះកង់ ការរត់) ដើម្បីជួយដល់បេះដូង និងការហាត់ប្រាណលើកសាច់ដុំដែលជួយដល់ឆ្អឹង រួមទាំងហាត់យ៉ូហ្គាដើម្បីការពារការរងរបួស។
២. សម្រាកឲ្យបានច្រើន
ការសម្រាកបានតិចគឺមានប៉ះពាល់ខ្លាំងដល់មនុស្សវ័យចំណាស់។ ដូចនេះដើម្បីជួយឲ្យគេងលក់ស្រួលនៅពេលយប់យើងគួរបិទគ្រឿងអេឡិចត្រូនិច៣០នាទីទៅមួយម៉ោងមុនចូលគេង និងគេងនៅបន្ទប់ដែលងងឹត និងចៀសវាងគ្រឿងស្រវឹងមុនចូលគេង។
៣. រក្សាទំនាក់ទំនង
ការរក្សាទំនាក់ទំនងគឺសំខាន់នៅពេលវ័យយើងកាន់តែច្រើន។ ដូចនេះព្យាយាមបង្កើនទំនាក់ទំនងជាមួយមិត្តភកិ្ត ឬអ្នកជិតខាងឲ្យបានច្រើន។
គួរចងចាំដែរថាមិនថាយើងស្ថិតក្នុងវ័យណាទេ សុទ្ធតែជាពេលល្អក្នុងការថែទាំសុខភាពបេះដូងរបស់យើងដោយអាចបន្ថយហានិភ័យ ប៉ុន្តែយកល្អគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការពិនិត្យ និងព័ត៌មានលម្អិតទាក់ទងនឹងសុខភាពបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- អាហារល្អៗជួយបេះដូង គួរញ៉ាំជាប្រចាំ
- អាហារសំខាន់ៗ ដែលបេះដូងត្រូវការ តិចថាអត់ដឹង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលចិត្តញ៉ាំអាហារសាច់ក្រហម ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
- នេះជាប្រភេទជំងឺបេះដូងកើតញឹកញាប់ ទាំងលើកូនក្មេង និងមនុស្សចាស់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]