ពីមុន «លើសឈាម» ជាទូទៅមានតែចាស់ៗទេដែលកើត។ ប៉ុន្តែ ឥឡូវអ្វីៗប្រែប្រួលអស់ហើយ មិនថាមនុស្សពេញវ័យក្មេងល្បាក់ៗខ្ទង់ ២០ ជាង ជាពិសេសខ្ទង់ ៣០ ឆ្នាំ ដោយសារអាចថាមកពីរបៀបរបបការរស់នៅស្រួលទៅៗអត់ខ្ចីធ្វើលំហាត់ប្រាណ ទម្លាប់ហូបចុករបស់គ្នាយើងអីជាដើម សុទ្ធតែអាចប្រឈមមុខនឹងកើតជំងឺនេះ បានដូចគ្នា។
សំណួរសួរថា គ្នាយើងកំពុងអានអត្ថបទនេះ ធ្លាប់វាស់ឈាមខ្លួនឯងដែរអត់? ត្រូវចាំថា បើសម្ពាធឈាមឡើងខុសធម្មតា គ្នាយើងអាចមានជំងឺលើសឈាម ព្រមទាំងបណ្ដាលឲ្យគាំងបេះដូងទៀតក៏មាន។
ដើម្បីចៀសវាងជំងឺដ៏រ៉ាំរ៉ៃពេញមួយជីវិតនេះ “Hello គ្រូពេទ្យ” សូមប្រាប់វិធីបង្ការ៖
១- របបអាហារសុខភាព
គ្រប់គ្នារីកលូតលាស់ទៅបាន ដោយសារសារធាតុចិញ្ចឹមបានពីអាហារហ្នឹងឯង អ៊ីចឹងបើយើងញ៉ាំអាហារមិនល្អ សុខភាពយើងក៏ទៅតាមហ្នឹងដែរ។ គួរញ៉ាំអាហារណាសម្បូរប៉ូតាស្យូម ជាជាងសូដ្យូម (ប្រៃ/អំបិល) ព្រោះប៉ូតាស្យូមអាចជួយកុំឲ្យសម្ពាធឈាមឡើងខុសធម្មតា។ គួរញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ជាពិសេសខ្លាញ់ល្អនៅក្នុងសាច់ត្រី ជាដើម។
២- ហាមចិត្តឈប់ញ៉ាំប្រៃពេក
យោងតាមការណែនាំសុខភាពចំណីអាហារសម្រាប់ជនជាតិអាមេរិក (The Dietary Guidelines for Americans) ថា មនុស្សពេញវ័យមិនត្រូវញ៉ាំជាតិប្រៃលើសពី ២.៣០០ មិល្លីក្រាមក្នុងមួយថ្ងៃនោះទេ ហើយបើដល់វ័យចាប់ពី ៥០ ឆ្នាំទៅ ត្រូវបន្ថយឲ្យនៅក្រោម ១.៥០០ មិល្លីក្រាមក្នុងមួយថ្ងៃវិញ។ វិធីងាយៗកាត់បន្ថយជាតិប្រៃក្នុងអាហារ៖
– មុនទិញអាហារកំប៉ុង ត្រូវអានតារាងធាតុផ្សំលើសម្បក ហើយរើសយកមួយណាមានបរិមាណសូដ្យូម (អំបិល) តិច
– បន្ថយដើរញ៉ាំក្រៅផ្ទះ និងបន្ថយអាហារ Fast Food ព្រោះអាហារតាមហាង ភាគច្រើនប្រៃលើសកម្រិត
– បើអាច ឈប់បានឈប់ទៅ រឿងញ៉ាំអាហារកំប៉ុង អាហារផ្អាប់ ប្រឡាក់អីហ្នឹង ព្រោះសម្បូរអំបិលខ្លាំងណាស់
– ចាប់ផ្ដើមប្រើអំបិលបន្ថយ ពេលធ្វើម្ហូប តាមតែអាចធ្វើបាន
៣- កុំចោលកីឡា
ហាត់ប្រាណសម្រកគីឡូ ក៏អាចជួយបន្ថយសម្ពាធឈាមដែរ។ គួរហាត់ប្រាណ ឬលេងកីឡាឲ្យបានញឹកញាប់ បើមិនបានរៀងរាល់ថ្ងៃ ហោចណាស់ ក៏គួរតែ ២-៣ដងក្នុងមួយសប្ដាហ៍ដែរ ទៅតាមចំណូលចិត្ត មិនថាម្នាក់ឯង ឬជាក្រុម។
៤- លះបង់រឿងស្រាបារី
ស្រា និងបារី ក៏រួមចំណែកខ្លាំងណាស់ដែរក្នុងការបង្កឲ្យលើសសម្ពាធឈាម អ៊ីចឹងបើចៀសបាន ចៀសទៅគ្នាយើង។ តែក៏មិនមែនឲ្យផ្ដាច់ទាំងស្រុងដែរ។ ជាទូទៅ ស្រីៗអាចផឹកមួយថ្ងៃមួយកែវ ឯប្រុសៗអាយុក្រោម ៦៥ ឆ្នាំវិញ អាចផឹកបានមួយថ្ងៃពីរកែវ។ តែផឹកស្រាក្រហមល្អជាង ព្រោះវាគ្មានជាតិអាល់កុលខ្ពស់។
៥- គ្រប់គ្រងស្ត្រេស
នរណាគេក៏ដោយ ក៏មានស្ត្រេសដែរ ពាក់ព័ន្ធស្នេហា គ្រួសារ ការងារ ឬលុយកាក់ជាដើម។ យ៉ាងណាក៏ដោយ គួររកដំណោះស្រាយផ្សេងៗតាមដែលអាចធ្វើទៅបាន ដូចជា រៀនមានគំនិតសុទិដ្ឋិនិយម បែងចែកពេលវេលាមកគិត ឬដោះស្រាយបញ្ហា កុំឲ្យច្របូកច្របល់។ ត្រូវចាំថា មានមនុស្សច្រើនលាននាក់ណាស់ ដែលមិនសប្បាយចិត្ត កំពុងកើតទុក្ខ អ៊ីចឹងបើយើងស្ថិតក្នុងកាលៈទេសៈដែលយើងគិតថាតឹងតែងមួយនេះ ក៏នៅតែល្អប្រសើរជាងមនុស្សរាប់លាននាក់ផ្សេងទៀតដែរ។ ងាកមកគិតរឿងសប្បាយចិត្ត ហាត់ប្រាណ លេងកីឡាទៀងទាត់ គេងគ្រប់គ្រាន់ ញ៉ាំឆ្ងាញ់ៗជាអ្វីដែលគួរធ្វើ ដើម្បីបន្លប់ការគិតមួយពេលៗ។
៦- ឧស្សាហ៍វាស់សម្ពាធឈាមខ្លួនឯង
ការពារប្រសើរជាងព្យាបាល។ ប្រដាប់វាស់ឈាម មានលក់ពេញទឹកពេញដីតាមឱសថស្ថាន មិនបាច់ទៅពេទ្យនាំអស់លុយច្រើន។ តែត្រូវចាំថា បើចង់បានលទ្ធផលសុក្រឹត មុនពេលវាស់ ត្រូវបន្ធូរអារម្មណ៍ អត់ជក់បារី អត់ផឹកកាហ្វេ ទើបហាត់ប្រាណរួច ឬទើបធ្វើអីរួច ទៅវាស់នោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]