ញ៉ាំស្អីត្រជាក់ៗ គ្នាយើងមានអារម្មណ៍ឈឺធ្មេញ ដែរអត់? សូម្បីតែរបស់ក្តៅៗ ក៏ឈឺធ្មេញដែរ។ បើចង់ដឹងហេតុផល ស្ដាប់ “Hello គ្រូពេទ្យ” រៀបរាប់ខាងក្រោម។
១- មូលហេតុនាំឲ្យធ្មេញស្រៀវ
មានហេតុផលជាច្រើននាំឲ្យគ្នាធ្មេញយើងហៀមឈឺ។ អាចចាប់ផ្តើមពីធ្មេញមួយ ឬច្រើន ដោយសារស្ថានភាពឫសធ្មេញកំពុងលៀនចំហមុខ។ ទូទៅ គេហៅថាជាស្រទាប់សាច់ភ្លុកនៃធ្មេញ (dentin) មានទីតាំងស្ថិតនៅក្រោមជាលិកាអញ្ចាញ។ វាមានផ្ទុកកូនបំពង់មីក្រូទស្សន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈកូនបំពង់នីមួយៗត្រូវបានផ្សារភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។
បញ្ហាធ្មេញឧស្សាហ៍កើត ដូចជា ខើចអញ្ចាញធ្មេញ និងសឹកកាចាធ្មេញ គឺជាបញ្ហាចម្បង ព្រោះវាបណ្តាលឲ្យកូនបំពង់ទាំងនោះនៅលៀនចំហមុខ ខណៈស្រទាប់សាច់ភ្លុកនៃធ្មេញនោះ គ្មានការការពារដោយសារអញ្ចាញធ្មេញខើច ដុសធ្មេញខ្លាំងពេក សង្កៀតធ្មេញ និងញ៉ាំ ឬផឹករបស់មានជាតិអាស៊ីដច្រើន។
២- ដុសធ្មេញខ្លាំងៗពេក
“ត្រដុសធ្មេញខ្លាំងៗ ជាហេតុនាំឲ្យសឹករេចរឹលជាលិកាអញ្ចាញ និងស្រទាប់កាចាធ្មេញ បន្សល់ទុកកូនបំពង់ស្រទាប់សាច់ភ្លុកធ្មេញនីមួយៗងាយរងគ្រោះ ពេលមានអ្វីមួយប៉ះពាល់វា ទាំងធាតុក្តៅ ត្រជាក់ ទន់ និងរឹង”។ នេះយោងតាមទន្តពេទ្យ Mark S. Wolff ឯកទេសវះកាត់ធ្មេញ និងជាសាស្ត្រាចារ្យ និងប្រធានកម្មវិធីសិក្សាអំពីប្រហោងធ្មេញ និងការថែទាំ នៅមហាវិទ្យាល័យទន្តសាស្ត្ររបស់សាកលវិទ្យាល័យញូវយ៉ក។
៣- ភេសជ្ជៈមានជាតិអាស៊ីដ
ភេសជ្ជៈ ជាធម្មតាយើងនាំគ្នាញ៉ាំអាចមានឥទ្ធិពលលើធ្មេញ ជាពិសេសភេសជ្ជៈមានជាតិអាស៊ីដខ្ពស់ ដូចជា ទឹកសូដាបន្ថែមរសជាតិ (soda pop) ភេសជ្ជៈកីឡា ស្រា ទឹកផ្លែឈើ កាហ្វេ ភេសជ្ជៈសុខភាពផ្សេងៗទៀត សុទ្ធតែអាចកាត់ស៊ីស្រទាប់កាចារកាន់តែធ្ងន់ធ្ងរឡើង ហើយបណ្តាលឲ្យមានការឈឺចាប់។
ថ្វីបើទឹកមានជាតិហ្គាស មិនមានបញ្ហាអីក៏ដោយ ក៏យើងគួរប្រុងប្រយ័ត្នភេសជ្ជៈមានពពុះឧស្ម័ន (ហ្គាស) ព្រោះក្នុងនោះមានបន្ថែមសារធាតុឲ្យមានរសជាតិដែលជាជាតិអាស៊ីដស៊ីទ្រិច។
៤- សារធាតុធ្វើធ្មេញឲ្យស
សារធាតុជួយធ្មេញឲ្យស ផ្សំពីសារធាតុខ្លាំងៗជាច្រើន អាចសម្អាតយកចេញនូវស្នាមប្រឡាក់ ប៉ុន្តែក៏អាចធ្វើឲ្យរោលរាលដល់ស្រទាប់សាច់ភ្លុកនៃធ្មេញដូចគ្នា ព្រោះអំឡុងពេលសារធាតុទាំងនោះសម្អាតកាកសំណល់ស្នាម វាក៏សម្អាតស្រទាប់កាចារផងដែរ នាំឲ្យកូនបំពង់ត្រូវបានទុកចោលគ្មានការការពារ។ សូមប្រឹក្សាយោបល់ជាមួយទន្តពេទ្យ បើយើងស្រៀវធ្មេញធ្ងន់ធ្ងរ ដើម្បីទទួលបានការព្យាបាល ដូចជាបិទភ្ជាប់តំបន់ងាយរងគ្រោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]