ការផឹកស្រា ឬសេពគ្រឿងស្រវឹងមិនមែនផ្ដល់ផលអាក្រក់ទាំងអស់ទេ បើយើងផឹកមានកម្រិតត្រឹមត្រូវ វាជួយដល់សុខភាពយើងវិញ។ ប៉ុន្តែ គ្នាយើងខ្លះតែបានដាក់ស្រាចូលខ្លួនហើយ គឺពិបាកនឹងឈប់ផឹកណាស់ ដែលវាជាហេតុបង្កឲ្យមានបញ្ហាអាចប៉ះពាល់ដល់សុខភាពយើងដូច ប៉ះពាល់ដល់ថ្លើម ឬអាចធ្វើឲ្យរលាកលំពែងស្រួចស្រាល់។
ជំងឺរលាកលំពែង តែងតែបានជួបប្រទះជាញឹកញាប់ ដែលកើតឡើងបាននៅលើមនុស្សប្រុស និងស្រីស្មើគ្នា ហើយវាជាជំងឺអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិត។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
លំពែង ជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះដែលមាននាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់រូប ហើយតួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ និងការបញ្ចេញជាតិអ័រម៉ូនសំខាន់ៗមួយចំនួនទៀត។ ចំពោះមូលហេតុដែលបង្កឲ្យមានការរលាកដល់សរីរាង្គលំពែងមានច្រើន ដែលក្នុងនោះមានមូលហេតុសំខាន់ៗរួមមាន៖
១. ការផឹកគ្រឿងស្រវឹងច្រើន មានរយៈពេលយូរ
២. បញ្ហាក្រួសក្នុងផ្លូវទឹកប្រម៉ាត់ដែលធ្លាក់មកស្ទះនៅក្នុងផ្លូវរបស់លំពែង
៣. ការប្រើប្រាស់ថ្នាំមួយចំនួនមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រេ
៤. មានជំងឺប្រចាំកាយផ្សេងៗ។ល។
ក្នុងករណីដែលអ្នកជំងឺមានបញ្ហារលាកលំពែងស្រួចស្រាវ នឹងមានចេញរោគសញ្ញាដូចជា ក្អួត ចង្អោរ ទល់ខ្យល់ ទល់លាមក ឡើងកម្ដៅខ្លួន ដង្ហក់ ពិបាកដកដង្ហើម ឈឺចុកចាប់ក្នុងពោះខ្លាំងភ្លាមៗ (ពិសេស តំបន់ចុងដង្ហើម) ជាដើម។
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ថា តាមការព្យាបាល គឺអ្នកជំងឺត្រូវសម្រាកព្យាបាល និងតាមដានសុខភាពក្នុងមន្ទីរពេទ្យជាមួយគ្រូពេទ្យជំនាញ ដើម្បីចៀសវាងជំងឺរលាកលំពែងវិវត្តកាន់តែធ្ងន់ធ្ងរ។ មួយវិញទៀត យើងត្រូវចាំថា គ្រឿងស្រវឹង គឺជាមូលហេតុចម្បងមួយនៃគ្រោះថ្នាក់តាមរយៈជំងឺរលាកលំពែងធ្ងន់ធ្ងរ។
[embed-health-tool-heart-rate]