backup og meta

ទម្លាប់​ខុស​ឆ្គង​ពេល​នោម​ទាំង​នេះ​ អាច​ប៉ះពាល់​អាង​ត្រគាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 08, 2021

    ទម្លាប់​ខុស​ឆ្គង​ពេល​នោម​ទាំង​នេះ​ អាច​ប៉ះពាល់​អាង​ត្រគាក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    នៅ​ពេល​យើង​អនុវត្ត​​ទម្លាប់​ល្អ​រាល់​ពេល​នោម​ ​សាច់​ដុំ​បាត​អាង​ត្រគាក​របស់​យើង​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ​។​ ពិត​ណាស់​ ការ​ចំណាយ​ពេល​ដើម្បី​សម្រាក​សាច់​ដុំ​​បាត​អាង​ត្រគាក​ឲ្យ​បាន​ពេញលេញ​ ខណៈ​ពេល​នោម​ នឹង​​ជួយ​ឲ្យ​ប្លោក​នោម​​ទំនេរ​ ​ហើយ​វា​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​​ការ​ឆ្លង​មេរោគ​​ប្លោក​នោម​ និង/​ឬ​ការ​ចុះ​ខ្សោយ​សាច់​ដុំ​នៅ​​​បាត​អាង​ត្រគាក​។​ ​​យ៉ាង​ណា​មិញ​​ ស្រី​ៗ​​មួយ​ចំនួន​បាន​បង្កើត​កំហុស​ឆ្គង​នៅ​ពេល​នោម​​ដូច​ខាង​ក្រោម​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​អាង​ត្រគាក​។

    ​១. ជូត​ពី​ខាង​​ក្រោយ​មក​ខាង​មុខ​

    ប្រសិនបើ​យើង​ជូត​ ឬ​លាង​ពី​ផ្នែក​ខាង​ក្រោយ​ទៅ​ខាង​មុខ​ វា​អាច​​ធ្វើ​ឲ្យ​លាមក​ ​និង​សារធាតុ​​រាវ​ខិត​ជិត​ទៅ​ក្បែរ​បង្ហួរ​នោម​ ឬ​រន្ធ​ទឹក​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។​ ដូច្នេះ​ហើយ​ នៅ​រាល់​ពេល​ដែល​យើង​ប្រើ​​បន្ទប់​ទឹក​ ​យើង​គប្បី​ជូត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ទើប​ជា​ការ​ប្រសើរ​។

    ២. ​ប្រឹង​នោម​

    ការ​​ខំ​ទប់​ដង្ហើម​​ ខណៈ​ពេល​នោម​ ឬ​រុញ​សាច់​ដុំ​ពោះ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​នោម​មិន​បង្ក​ជា​ផល​ប៉ះពាល់​ឡើយ​ ប្រសិនបើ​យើង​ធ្វើ​វា​ម្ដងម្កាល​។​ ប៉ុន្តែ​​ប្រសិនបើ​ក្លាយ​ជា​​ទម្លាប់​វិញ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ប្លោក​នោម​របស់​យើង​ចុះ​ខ្សោយ​ ហើយ​ថែម​ទាំង​​​ទាញ​សរីរាង្គ​អាង​ត្រគាក​។​ កត្តា​នេះ​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ជា​ច្រើន​ រួម​ទាំង​​ស្រុត​ចុះ​នៃ​សរីរាង្គ​អាង​ត្រគាក​ ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្លោក​នោម​ទំនេរ ​និង​​អាច​រួម​ចំណែក​ដល់​ការ​កើត​មាន​ជំងឺ​ឫស​ដូង​បាត​ថែម​ទៀត​ផង​។ ស្រីៗ​យើង​គប្បី​បន្ធូរ​​សម្ពាធ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឲ្យ​ចរន្ត​ទឹក​នោម​របស់​យើង​ហូរ​ចេញ​តាម​ល្បឿន​ធម្មតា​​។

    ៣. ​នោម​ប្រញាប់ប្រញាល់​

    ​​​​​​​ទោះ​បី​ជា​យើង​មិន​មាន​ពេល​ច្រើន​ ប៉ុន្តែ យើង​មិន​គួរ​ប្រញាប់ប្រញាល់​ ខណៈ​ពេល​ប្រើប្រាស់​បង្គន់​​ឡើយ​។​ ការ​នោម​ប្រញាប់​ពេក នឹង​​ធ្វើ​ឲ្យ​​​ប្លោក​នោម​​មិន​ទំនេរ​ ដែល​អាច​ឈាន​ដល់​ការ​លេច​ធ្លាយ​នោម​ ឬ​កើត​មាន​​បញ្ហា​ផ្សេង​ៗ​។​ ជំនួស​មក​វិញ​ យើង​​គួរ​តែ​ចំណាយ​ពេល​​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​រាល់​ពេល​ប្រើប្រាស់​បន្ទប់​ទឹក​​។

    នោម២

    ៤. ​ប្រឹង​ទប់​នោម​យូរ​​

    ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​​មិន​អើពើ​នឹង​​ការ​ឈឺ​នោម​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្លោកនោម​របស់​យើង​ ក៏​ដូចជា​ធ្វើ​ឲ្យ​មុខងារ​ធម្មតា​​ថយ​ចុះ​។​ ប្រសិនបើ​យើង​ចង់​នោម​ ប៉ុន្តែ​យើង​ព្យាយាម​​ទប់​វា​រយៈពេល​យូរ​ម៉ោង​ (៥​ម៉ោង​ ឬ​ច្រើន​ជាង​នេះ​) យើង​អាច​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​​ក្នុង​ការ​​ទទួល​ដំណឹង​នៅ​ពេល​ដែល​ផ្លោក​នោម​ពេញ​ ក៏​ដូចជា​ទាញ​ចុង​សរសៃ​ប្រសាទ ​ នៅ​ក្នុង​​ជញ្ជាំង​ប្លោក​នោម​  ដោយ​ធ្វើ​ឲ្យ​រំញោច​ថយ​ចុះ​។​ បញ្ហា​នេះ​ក៏​អាច​​នាំ​ឲ្យ​លេច​ធ្លោយ​នោម​ ឬ​ការ​ឆ្លង​មេរោគ​នៃ​ប្លោក​នោម​។

    ៥. នោម​នៅ​ពេល​មិន​សូវ​ឈឺ​នោម​

    ការ​ព្យាយាម​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​ពី​ប្លោក​នោម​ ​នៅ​ពេល​ដែល​យើង​មិន​សូវ​មាន​អារម្មណ៍​ចង់​នោម​ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្លោក​នោម​របស់​យើង​ដូច​គ្នា​។ ​ក្នុង​ករណី​ដែល​យើង​ទៅនោម​​ទាំង​មិន​មាន​អារម្មណ៍​​ឈឺ​នោម​ទេ​នោះ​ ​ប្លោក​នោម​នឹង​មាន​រំញោច​កាន់​តែ​ខ្លាំង​ក្នុង​ការ​បំពេញ​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ឈឺ​នោម​កាន់​តែ​ញឹកញាប់​ជាង​មុន​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម