ជួនកាល អាការៈឈឺខ្នងក្រោយញ៉ាំអាហាររួច អាចបញ្ជាក់ពីបញ្ហាសុខភាពមួយចំនួន ដែលយើងគប្បីមានការប្រុងប្រយ័ត្នឲ្យបានដិតដល់។ ការឈឺខ្នងជាទូទៅ កើតឡើងពីការឈឺចាប់សាច់ដុំ ភាពតានតឹង ឬរបួសសាច់ដុំ និងឌីស (discs)ដែលទ្រទ្រង់ឆ្អឹងខ្នងរបស់យើង។ វាជារឿងធម្មតាប៉ុណ្ណោះ ដែលយើងកើតមានអាការៈនេះនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ ពីព្រោះឆ្អឹងកកិតគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមានការឈឺចាប់ និងចុករួយ។ យ៉ាងណាមិញ លក្ខខណ្ឌសុខភាពទាំងនេះ ក៏អាចនាំឲ្យយើងកើតមានអាការៈឈឺខ្នង។