ហេតុផលចម្បងដែលបណ្ដាលឲ្យយើងកើតជំងឺដំបៅក្រពះមាន២ធំៗគឺ កើតមេរោគក្នុងក្រពះ និងការប្រើប្រាស់ថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ។ ជំងឺដំបៅក្រពះ ជាបញ្ហាធ្ងន់ធ្ងរមួយដែលផ្ដល់ផលវិបាក ដែលអាចបណ្ដាលឲ្យអ្នកជំងឺស្លាប់ផងដែរ។
ដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីដក្រពះ។ ជំងឺនេះអាចធ្វើឲ្យអ្នកជំងឺសម្រាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតបាន។ នេះបើតាមការបកស្រាយឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ផលពិបាកនៃជំងឺដំបៅក្រពះ
១. ការហូរឈាមក្រពះ- អ្នកជំងឺដំបៅក្រពះដល់កម្រិតក្រពះហូរឈាម នឹងបញ្ចេញរោគសញ្ញាដូចជា ក្អួតឈាម បត់ជើងលាមកមានឈាមខ្មៅ ស្លេកស្លាំង វិលមុខ។ល។ ក្នុងករណីនេះ អ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឃាត់ឈាមដែលហូរ តាមរយៈការឆ្លុះក្រពះ និងប្រើថ្នាំ និងបញ្ចូលឈាមឲ្យបានត្រឹមត្រូវ។
២. ការធ្លាយក្រពះ– អ្នកជំងឺមានអាការៈដូចជា ឈឺចាប់ខ្លាំង អត់ផោម អត់បន្ទោបង់ ពេលស្ទាបពោះមានសភាពរឹងដូចឈើ។ អ្នកជំងឺត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអ្នកជំងឺអាចស្លាប់ភ្លាមៗ បើមិនបានព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។
ដើម្បីកំណត់ចំណាំពីជំងឺដំបៅក្រពះ គ្នាយើងអាចសង្កេតមើលតាមរោគសញ្ញាទូទៅរបស់ជំងឺនេះបានដូចខាងក្រោមរួមមាន៖
- ឈឺចាប់ពោះផ្នែកចុងដង្ហើម ឬផ្នែកខាងស្ដាំខាងលើ
- ឈឺចាប់នៅលើខ្នង កន្លែងបោះដៃផុត
- ឈឺពេលឃ្លាន ហើយថយការឈឺចាប់ពេលញ៉ាំអាហាររួច
- អាចមានការក្អួតចង្អោរ
- ពិបាកក្នុងការរំលាយអាហារ។ល។
[embed-health-tool-bmr]